លោក Zinedine Zidane បានបញ្ជាក់ថា លោកកំពុងតែត្រៀមខ្លួនរួចរាល់ក្នុងការវិលទៅកាន់អាជីពគ្រូបង្វឹកវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយសម្រាកពីការងារអស់រយៈពេលប្រមាណជាជិត 4ខែ។ អតីតខ្សែបម្រើអន្តរជាតិបារាំងរូបនេះ បានសម្រាកពីការងារ ចាប់តាំងពីបានលាលែងពីតំណែងគ្រូបង្វឹករបស់ក្លិប Real Madrid កាលពីខែឧសភា ក្រោយពីដឹកនាំឱ្យក្លិបរបស់អេស្ប៉ាញមួយនេះ ឈ្នះពានក្របខ័ណ្ឌ Champions League 3លើកជាប់ៗគ្នា អំឡុងពេលនៃការកាន់តំណែងរយៈពេល 2ឆ្នាំកន្លះ ក្នុងក្លិបមួយនេះ។
លោក Zidane គឺជាបេក្ខភាពឈានមុខគេក្នុងការចូលជំនួសកន្លែងរបស់លោក Jose Mourinho នៅឯក្លិប Manchester United ប្រសិនបើគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ចាកចេញពីកីឡដ្ឋាន Old Trafford ហើយលោកបានបញ្ជាក់ថា លោកត្រៀមខ្លួនរួចរាល់ក្នុងការវិលត្រឡប់ទៅវិញ។
លោក Zidane បានប្រាប់ទូរទស្សន៍អេស្ប៉ាញ RTV កាលពីថ្ងៃអាទិត្យថា៖ «ពិតណាស់ ខ្ញុំនឹងវិលទៅកាន់តំណែងគ្រូបង្វឹកវិញក្នុងពេលឆាប់ៗនេះ ពីព្រោះខ្ញុំចូលចិត្តការងារនេះ ហើយកីឡាបាល់ទាត់គឺជាអ្វីដែលខ្ញុំបានធ្វើពេញ 1ជីវិតរបស់ខ្ញុំ»។
លោក Zidane បានចាប់ផ្តើមអាជីពគ្រូបង្វឹកជាមួយនឹងក្លិប Castilla ដែលជាក្រុមកម្រិត B របស់ក្លិប Castilla កាលពីឆ្នាំ2014 មុនពេលចូលកាន់តំណែងក្រុមធំ នៅខែមករា ឆ្នាំ2016 ក្រោយពីលោក Rafael Benitez ត្រូវបានបណ្តេញចេញ៕
ប្រភពពី៖ BBC