កីឡាករវាយគោល Keegan Bradley បានបញ្ចប់ការមិនឈ្នះពានសោះរយៈពេល 6ឆ្នាំរបស់ខ្លួន នៅពេលដែលរូបគេបានឈ្នះពាន BMW Championship តាមរយៈការផ្តួលកីឡាករ Justin Rose ក្នុងវគ្គ Playoff កាលពីថ្ងៃចន្ទ ហើយកីឡាករអង់គ្លេសរូបនេះថែមទាំងទទួលបានរង្វាន់លើកទឹកចិត្តមួយទៀតគឺការទទួលបានចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោកទៀតផង។
Bradley ធ្វើបានយ៉ាងល្អទៅលើរន្ធបន្ថែមទី1 ដើម្បីយកឈ្នះលើ Rose ក្រោយពីកីឡាករទាំង2 បានបញ្ចប់ការប្រកួតដោយរកបានពិន្ទុសរុប260ដូចគ្នានៅលើទីលាន Aronimink ក្នុងទីក្រុង Philadelphia។
Rose បានវាយកូនគោលមិនចូលរន្ធក្នុងចម្ងាយដ៏ខ្លី ដែលនាំឱ្យមានការឈានទៅកាន់ការប្រកួតបន្ថែម ប៉ុន្តែ គេនៅតែអាចក្លាយជាកីឡាករទី22 ដែលបានគ្រប់គ្រងចំណាត់ថ្នាក់លេខ1 លើពិភពលោក។ ក្រោយពីឈ្នះពានក្នុងកម្មវិធី PGA Tour ជាលើកទី4 របស់គេ Bradley បាននិយាយទាំងរំជួលចិត្តក្នុងកិច្ចសម្ភាសន៍មួយថា៖ «ខ្ញុំស្ទើរតែមិនអាចជឿឡើយ។ វាពិតជាអស្ចារ្យណាស់។ វាកើតឡើងដោយសារតែការខិតខំព្យាយាមយ៉ាងខ្លាំងក្លា។ មនុស្សជាច្រើនជួយដល់ខ្ញុំ»។
Bradley វ័យ 32ឆ្នាំ បានឈ្នះពានរង្វាន់ធំជាលើកទី1 របស់ខ្លួនក្នុងព្រឹត្តិការណ៍ PGA Championship ឆ្នាំ2011 ប៉ុន្តែរហូតដល់ថ្ងៃចន្ទ រូបគេមិនបានឈ្នះពានអ្វីសោះបើគិតចាប់តាំងពីឆ្នាំ2012។
ជ័យជម្នះរបស់គេ បានបញ្ចប់ការប្រកួតពេញ 1សប្តាហ៍ដែលបានបន្តរហូតដល់ថ្ងៃចន្ទ ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ដែលបានធ្វើឱ្យទីលានមិនអាចលេងបាន សម្រាប់ជុំផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យ៕
ប្រភពពី៖ Channel News Asia