គែន គឺជាប្រភេទឧបករណ៍តន្ត្រីគ្រឿងផ្លុំ ធ្វើពីបំពង់ឫស្សីតូចៗជាច្រើនដើម និងមានប្រវត្តិដ៏យូរលង់ណាស់មកហើយនៅប្រទេសយើង។ ដោយសារយើងសង្កេតឃើញថា គែន ក៏មានប្រើប្រាស់នៅតាមប្រទេសជិតខាងមួយចំនួនដែរនោះ ទើបបណ្ដាលឱ្យកូនខ្មែរមួយចំនួនមិនបានស្គាល់ពីភាពខុសគ្នា រវាងគែនខ្មែរ គែនឡាវ និងគែនថៃថា តើមានភាពខុសគ្នាខាងបំពង់សំឡេងយ៉ាងណាខ្លះ។
បើតាមការបញ្ជាក់របស់អ្នកគ្រូ ដូរីវណ្ណ និងក្រុមការងារឯកទេសភ្លេងបុរាណខ្មែរថា អ្នកគ្រូនឹងរៀបចំសិក្ខាសាលាផ្លាស់ប្ដូរមួយជាមួយសិល្បករគែនមកពីប្រទេសឡាវ។ សិក្ខាសាលានេះចាប់ផ្តើមនៅថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 វេលាម៉ោង9: 30នាទី ដល់ម៉ោង11ព្រឹក នៅឆាកសម្ដែងសិល្បៈខ្មែរអតមៈសារមន្ទីរជាតិ ភ្នំពេញ។ នៅក្នុងកម្មវិធីសិក្ខាសាលានេះផងដែរ ក៏មានបទបង្ហាញអំពីគែនខ្មែរ និងឡាវ ដែលមានប្រវត្តិយូរលង់ តែដោយឡែកនៅក្នុងប្រទេសកម្ពុជា គេសង្កេតឃើញពុំសូវមានអ្នកចេះផ្លុំគែនដូចកាលពីបុរាណកាលឡើយ។ នាបច្ចុប្បន្ន គេឃើញមានតែបងប្អូនខ្មែរមួយចំនួនតូចនាខេត្តស្ទឹងត្រែង ឧត្តរមានជ័យ និងព្រឹទ្ធាចារ្យមួយចំនួនប៉ុណ្ណោះដែលចេះផ្លុំគែនខ្មែរ។
សូមជម្រាបថា អ្នកគ្រូក៏បានអំពាវនាវឱ្យកូនខ្មែរគ្រប់រូបចូលរួមស្វែងយល់អំពីឧបករណ៍ភ្លេងខ្មែរមួយនេះ ដែលស្ទើតែបាត់បង់ទៅហើយ ដោយសារគ្មានអ្នកចេះផ្លុំ និងចង់ឱ្យយុវវជនបានចូលរួមចំណែកក្នុងការថែរក្សាគែនខ្មែរជាថ្មីឡើងវិញ ព្រោះនេះជាមរតកដូនតាខ្មែរមួយដែលបានបន្សល់ទុក។
ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូពន្យល់ពីឧបករណ៍តន្ត្រីគ្រឿងផ្លុំ គែនខ្មែរ ខាងក្រោមនេះ ៖