ការចុះបញ្ជីក្រុមហ៊ុនថ្មី និងការិយាល័យពាណិជ្ជកម្ម ព្រមទាំងការពង្រីកសាខាក្រុមហ៊ុនបរទេសក្នុងឆមាសទី1 ឆ្នាំនេះ បានកើនឡើងរហូតដល់107,3%ដែលមានចំនួនសរុប4.534ក្រុមហ៊ុន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន គឺមានតែចំនួន2.190ក្រុមហ៊ុន។ នេះបើតាមការឱ្យដឹងពីក្រសួងពាណិជ្ជកម្ម។
របាយការណ៍បានបង្ហាញថាដោយឡែកការចុះបញ្ជីសហគ្រាសឯកបុគ្គលថ្មីក្នុងឆមាសទី1ឆ្នាំនេះមានចំនួនជាង1ពាន់សហគ្រាស(1.205)ប្រៀបធៀបនឹងឆមាសទី1ឆ្នាំ2017មានចំនួន478សហគ្រាសគឺមានការកើនឡើង152,09%។
ចំណែកការចុះបញ្ជីលើការកែប្រែរបស់ក្រុមហ៊ុនការិយាល័យតំណាងពាណិជ្ជកម្មនិងសាខាក្រុមហ៊ុនបរទេសក្នុងឆមាសទី1ឆ្នាំ2018មានចំនួន4.315ក្រុមហ៊ុនប្រៀបធៀបទៅឆមាសទី1ឆ្នាំ2017ដែលមានចំនួន3.342ក្រុមហ៊ុន គឺមានការកើនឡើងដល់29,11%។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ឱ្យដឹងថា៖ កំណើនការចុះបញ្ជីថ្មីនៃក្រុមហ៊ុន សហគ្រាសទាំងនេះ ដោយសារតែប្រទេសកម្ពុជា បានបើកទូលាយនូវច្បាប់វិនិយោគ គួបផ្សំជាមួយបរិយាកាសវិនិយោគដ៏ល្អប្រសើរ។
ឯកឧត្តមបានបន្តថា៖“ប្រទេសកម្ពុជាមានលក្ខខណ្ឌពិសេសជាច្រើន ដែលអនុញ្ញាតឱ្យជនបរទេសបោះទុន100% បង្កើតក្រុមហ៊ុននៅទីនេះ និងមានច្បាប់ពន្ធដាមិនមានភាពស្មុគស្មាញជាដើម ”។
ក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ2015 បានប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីថ្មីតាមប្រព័ន្ធអុីនធើណិត (អនឡាញ) ដែលគិតរហូតមកទល់ពេលនេះ ការចុះបញ្ជីមានការកើនឡើងគួរឱ្យកត់សម្គាល់ និងល្អប្រសើរជាងមុន ដោយសារកាត់បន្ថយការចំណាយ និងពេលវេលាធ្វើដំណើរ ដោយសារ មានភាពកកស្ទះនៃចរាចរណ៍៕