ខ្សែការពារ Kieran Trippier បានបញ្ជាក់ថា វាគ្មានហេតុផលអ្វីដែលត្រូវភ័យស្លន់ស្លោឡើយ ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានរងបរាជ័យជាលើកទី3 ជាប់ៗគ្នា ក្នុងការប្រកួតបើកឆាកនៃយុទ្ធនាការ Nations League របស់ពួកគេ ក្រោមស្នាដៃក្រុមជម្រើសជាតិអេស្ប៉ាញ។
ការប្រកួតកាលពីថ្ងៃសៅរ៍នាកីឡដ្ឋាន Wembley គឺជាការប្រកួតលើកទី1 របស់លោក Gareth Southgate ចាប់តាំងពីពួកគេបានឈានទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស មិនអាចដណ្តើមយកប្រៀបនៃការជួបលទ្ធផលយ៉ាងល្អក្នុងប្រទេសរុស្ស៊ីឡើយ ដោយចាញ់ការប្រកួតជាលើកទី3 ជាប់ៗគ្នា ក្រោយពីចាញ់ក្រុមជម្រើសជាតិក្រូអាស៊ីក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចាញ់ក្រោមស្នាដៃក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ3។
ខ្សែប្រយុទ្ធ Marcus Rashford បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្តែកីឡាករ Saul Niguez បានរកគ្រាប់បាល់តាមស្មើវិញសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ ហើយកីឡាករ Rodrigo បានរកគ្រាប់បាល់ឈ្នះក្នុងតង់ទី1។ ប៉ុន្តែ ខ្សែការពារ Trippier របស់ក្លិប Tottenham បានបញ្ជាក់ថា វាគ្មានអ្វីត្រូវស្លន់ស្លោឡើយ ក្រោយពីការរងបរាជ័យក្នុងលទ្ធផល 2-1។ កីឡាកររូបនេះបានឱ្យដឹងថា៖ «វាមិនមែនជាកង្វល់អ្វីឡើយ។ យើងកំពុងតែកសាងភាពខ្លាំង ហើយយើងអាចធ្វើបាន ក្នុងពេលប្រកួតជាមួយក្រុមខ្លាំងបែបនេះ។ យើងចង់សាកល្បងខ្លួនយើងពេលប៉ះក្រុមខ្លាំងបំផុត ហើយពិតណាស់ យើងបានបង្កើតឱ្យមានការប្រជែងមួយ»៕
ប្រភពពី៖ Channel News Asia