ម្សិលមិញនេះ លទ្ធផលប្រឡងបាក់ឌុបបានប្រកាសជាផ្លូវការ ដែលធ្វើឱ្យមានការរំជើបរំជួលក្នុងស្រទាប់យុវវ័យ ជាពិសេសក្រុមគ្រួសារអ្នកដែលមានសមាជិកប្រឡងមធ្យមសិក្សាទុតិយភូមិនេះ។ ជាលទ្ធផលបានបង្ហាញឱ្យឃើញថា សិស្សប្រមាណជាង 60% បានប្រឡងជាប់ ស្របពេលដែលចំនួនអ្នកធ្លាក់មានការថយចុះ។ តែទោះបីជាយ៉ាងនេះក្តី លទ្ធផលនេះបានធ្វើឱ្យមនុស្សជាច្រើនរីករាយ ស្របពេលដែលយុវជនមិនតិចទេបានខកបំណង និងបាក់ទឹកចិត្តធ្ងន់ធ្ងរ។
តាមរយៈការបង្ហាញក្នុងបណ្តាញសង្គម Facebook មានអ្នកខ្លះអបអរសាទរដល់បងប្អូន មិត្តភក្តិ ដោយការចែករំលែកលទ្ធផលពីការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ខណៈអ្នកខ្លះទៀតបង្ហាញសារលើកទឹកចិត្តដល់បងប្អូន ឬមិត្តភក្តិកុំឱ្យសោកសៅខ្លាំងពេក ហើយខិតខំតស៊ូជាថ្មី។ ចំពោះមុខលើបញ្ហានេះសម្រាប់អ្នកជាប់ អាចរាប់បានថា ជាការឆ្លងផុតគ្រោះមួយដំណាក់កាល តែសម្រាប់អ្នកធ្លាក់វិញ គឺហាក់បីដូចជាធ្លាក់ក្នុងសភាពដុនដាបខ្លាំង រហូតងើបមុខលែងចង់រួច។
តែតាមពិតទៅ ជាស្ថានភាពជាក់ស្តែងមិនមែនបែបនេះទេ។ ការប្រឡងបាក់ឌុបគឺគ្រាន់តែជាដំណាក់កាលចាប់ផ្តើមតែប៉ុណ្ណោះ។ អ្នកប្រឡងជាប់បាក់ឌុបត្រូវបន្តឆ្លងកាត់ឧបសគ្គជាច្រើនផ្សេងទៀតនៅគ្រឹះស្ថានឧត្តមសិក្សា និងពិភពការងារជាក់ស្តែង ចំណែកឯអ្នកធ្លាក់បាក់ឌុប អាចរាប់ថាជាការឆ្លងកាត់មេរៀនជីវិតមួយដែលអាចបង្រៀនយើងឱ្យចេះតស៊ូ និងភ្ញាក់ខ្លួនទៅវិញទេ។
ក្នុងការរស់នៅរបស់មនុស្សម្នាក់ៗ បន្ទាប់ពីបញ្ចប់ការសិក្សា ត្រូវចំណាយពេលជាច្រើនឆ្នាំបន្តទៀតដើម្បីអភិវឌ្ឍខ្លួនឯង ហេតុនេះការល្អៀងគ្នាមួយឆ្នាំ មិនរាប់ថាជាការចាញ់ឈ្នះ ឬជាចំណុចបញ្ចប់នៃលទ្ធផលជោគជ័យ ឬបរាជ័យនោះទេ។
សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ព្រះតេជគុណ គូ សុភាព បានមានសង្ឃដីកាថា តាមពិតការប្រឡង គឺដើម្បីឱ្យមានអ្នកធ្លាក់នេះឯង បើគ្មានអ្នកជាប់-អ្នកធ្លាក់គេមិនបាច់ប្រឡងទេ ហេតុនេះការជាប់ ឬធ្លាក់ជារឿងធម្មតា។ អ្នកជាប់អាចរីករាយ តែអ្នកធ្លាក់អាចចាត់ទុកបញ្ហាទាំងអស់នេះជាមេរៀនសម្រាប់ជំរុញឱ្យខ្លួនឯងភ្ញាក់ខ្លួនឡើង ហើយពង្រឹងស្មារតីរបស់ខ្លួនឱ្យល្អដើម្បីខំរៀនឡើងវិញ។
ក្នុងពិភពនៃការធ្វើការងារជាក់ស្តែង គេមិនខ្វល់ពីពិន្ទុ ឆ្នាំប្រឡង ឬសញ្ញាបត្រទាំងស្រុងនៅក្នុងសាលានោះទេ តែអ្វីដែលគេផ្តោត គឺសមត្ថភាពជាក់ស្តែងក្នុងការធ្វើការងារ។ ហេតុនេះប្រសិនបើយើងបានប្រឡងជាប់ ហើយពិន្ទុល្អគ្រប់ដំណាក់កាល និងថែមទាំងមានសមត្ថភាពខ្ពស់បន្ថែមទៀត វានឹងក្លាយជាចំណុចអាទិភាពសម្រាប់ទទួលបានការងារល្អ តែប្រសិនបើមិនទាន់មានសមត្ថភាពឆ្លើយតបនឹងការងារជាក់ស្តែងនៅឡើយទេនោះ ការចំណាយពេលវេលារៀនឡើងវិញដើម្បីពង្រឹងសមត្ថភាព គឺជារឿងត្រឹមត្រូវបំផុត។
ហេតុនេះការប្រឡង គឺគ្រាន់តែជាដំណាក់កាលឆ្លុះមើលសមត្ថភាពរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ សម្រាប់អ្នកមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីទៅមុខទៀតមិនមែនមិនអាចទៅមុខបានទេ ព្រោះក្រសួងអប់រំក៏បើកឱកាសសម្រាប់ប្រឡងសាជាថ្មី ហើយសាលាជាច្រើនក៏បានផ្តល់ឱកាសសម្រាប់ចាប់យកអាជីពតាមលទ្ធភាពដែរ។ ចំណុចដែលត្រូវផ្តោតគឺ ត្រូវអភិវឌ្ឍសមត្ថភាពឱ្យខ្លាំងឡើងវិញជាមួយនឹងស្មារតីរឹងមាំដែលកើតចេញពីបទពិសោធមិនល្អ រហូតប្រកួតប្រជែងបានឡើងវិញ ព្រោះមានអ្នករៀនជំនាន់ក្រោយមិនតិចទេដែលមានអនាគតល្អជាងអ្នកដែលរៀនខ្ពស់ជាងគាត់មួយឆ្នាំ ឬ2ឆ្នាំ។ ជោគជ័យពិត អាស្រ័យលើសមត្ថភាព មិនមែនអាស្រ័យលើសញ្ញាបត្រនោះទេ៕