កីឡាការិនីវាយកូនបាល់ Serena Williams ត្រូវរងពិន័យជាទឹកប្រាក់ចំនួន 17,000ដុល្លារអាមេរិក ដោយសហព័ន្ធកីឡាវាយកូនបាល់អាមេរិក ក្រោយពីនាងបានបញ្ចេញកំហឹង អំឡុងពេលនៃការចាញ់ក្នុងការប្រកួតព្រឹត្តិការណ៍ US Open វគ្គផ្តាច់ព្រ័ត្រដ៏ចម្រូងចម្រាស ក្រោមស្នាដៃកីឡាការិនីជប៉ុន Naomi Osaka។
តារាឆ្នើមរបស់អាមេរិករូបនេះត្រូវបានពិន័យសម្រាប់ការប្រព្រឹត្តល្មើសទាក់ទងនឹងរ៉ាកែត និងគ្រូបង្វឹក និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ នៅពេលដែលនាងបានចោទប្រកាន់លោកអាជ្ញាកណ្តាល Carlos Ramos ថាជា «ចោរ» ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍។
Williams បានផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះការព្រមានពីការប្រព្រឹត្តល្មើសទាក់ទងនឹងគ្រូបង្វឹក បើទោះបីលោកគ្រូបង្វឹក Patrick Mouratoglou ដែលអង្គុយក្នុងប្រអប់របស់នាង បានទទួលស្គាល់ថា លោកពិតជាបានផ្តល់ការណែនាំមែនក៏ដោយ។
ការប្រព្រឹត្តល្មើសនោះបានធ្វើឱ្យមានការពិន័យជាទឹកប្រាក់ 4,000ដុល្លារ ស្របពេលដែលការប្រព្រឹត្តល្មើសលើកទី2 របស់នាងបានកើតឡើងក្រោយពីនាងបានវាយកម្ទេចដងរ៉ាកែតរបស់ខ្លួនដោយសារតែការវាយសេវាមិនបានល្អក្នុងសិតទី2 បានធ្វើឱ្យនាងត្រូវរងការពិន័យជាប្រាក់ចំនួន 3,000ដុល្លារ។
ការប្រព្រឹត្តល្មើសទី2 ក៏បានធ្វើឱ្យនាងរងការដក 1ពិន្ទុក្នុងពេលប្រកួតផងដែរ ដែលធ្វើឱ្យនាងវាយប្រហារដោយពាក្យសម្តីទៅលើលោក Ramos ខណៈដែលទង្វើនេះធ្វើឱ្យនាងត្រូវរងពិន័យជាប្រាក់ 10,000ដុល្លារ។
ការប្រព្រឹត្តល្មើសលើកទី3 ក្នុងការប្រកួត ក៏បានធ្វើឱ្យនាងចាញ់ការប្រកួតផងដែរ និងធ្វើឱ្យកីឡាការិនី Osaka ដណ្ដើមបានជ័យជម្នះក្នុងលទ្ធផល 6-2 និង6-4 និងដើម្បីក្លាយជាកីឡាការិនីជនជាតិជប៉ុនដំបូងគេដែលឈ្នះពានរបស់ Grand Slam ដ៏ល្បីល្បាញមួយនេះ៕
ប្រភពពី៖ Channel News Asia