សិល្បករជើងចាស់ដ៏មានទេពកោសល្យ ដែលត្រូវបានអ្នកសិល្បៈជំនាន់ក្រោយ តែងតែហៅថា លោកគ្រូ នូ ស៊ិប ដែលមួយរយៈធំមកនេះ លោកកំពុងតែមានជីវភាពខ្វះខាត លំបាកលំបិន ដោយបច្ចុប្បន្នស្នាក់នៅក្នុងបន្ទប់ជួល ព្រមទាំងមានជំងឺប្រចាំកាយផងនោះ ជានិច្ចកាល លោកគ្រូតែងតែត្រូវបានគេសង្កេតឃើញថា មានសិល្បករ-សិល្បការិនីជាច្រើន បានយកជំនួយផ្សេងៗទៅជួយ ដើម្បីសម្រាលទុក្ខលំបាករបស់លោកគ្រូបានមួយគ្រាៗដែរ និងខណៈពេលថ្មីៗនេះ លោក គ្រូ នូ ស៊ិប ក៏ត្រូវបានអភិបាលខណ្ឌមានជ័យ ផ្តល់ជំនួយជាថវិកាមួយចំនួនដល់លោកគ្រូក្នុងពេលដែលកំពុងលំបាកខ្លាំងដែរ។
ជាក់ស្តែងក្រោយពីបានដឹងបញ្ហាថ្មីៗនេះពីស្ថានភាពទុក្ខលំបាកដ៏កម្សត់របស់លោកគ្រូ នូ ស៊ិប រួចមក អ្នកនាង ទូច ស្រីល័ក្ខ បានចេញបង្ហោះសារសំណូមពរដល់ខាងទូរទស្សន៍ឱ្យជួយផ្តល់ការងារជូនលោក នូ ស៊ិប ក៏ដូចជាសិល្បករជើងចាស់ដទៃទៀតឱ្យបានឡើងសម្ដែងញឹកញាប់ផង ក្នុងនោះអ្នកនាងក៏បានប្រាប់ដែរថា អ្នកនាងនឹងទៅជួបលោក នូ ស៊ិប ដោយផ្ទាល់។ អ្នកនាង ទូច ស្រីល័ក្ខ បានសរសេរសារថា «នាងខ្ញុំគឺជាសិល្បការិនីជំនាន់ក្រោយពិតជាសូមកោតស្ញប់ស្ញែងចំពោះលោកគ្រូ នូ ស៊ិប ដែលជាវីរសិល្បករដ៏ឆ្នើមមួយរូបនៅក្នុងប្រទេសកម្ពុជា ហើយលោកគ្រូ ក៏ជាតារាចម្រៀងម្នាក់ដែលមានទឹកដមសំឡេងស្រទន់ដែលនាងខ្ញុំនៅចាំបានថា នៅក្នុងឆ្នាំ1999 លោកគ្រូបានច្រៀងបទ «ផ្សងជួបស្នេហ៍ពិត »គឺជាបទដែលល្បីបំផុតនៅក្នុងឆ្នាំ1999 ។ នាងខ្ញុំពិតជាចង់ឱ្យរាល់កម្មវិធី concert របស់ស្ថានីយទូរទស្សន៍ទាំងអស់មានកម្មវិធីសិល្បៈបុរាណ និងរួមជាមួយសិល្បៈសម័យ ដើម្បីឱ្យពួកគាត់បានបន្តសាងស្នាដៃរបស់ពួកគាត់ដែលខំប្រឹងថែរក្សាទម្រង់មរតកដើមតទៅទៀត។ បើគាំទ្រសូមជួយ share ទាំងអស់គ្នា កុំឱ្យដល់ពេលដែលបាត់បង់ទៅហើយ ទើបនាំគ្នាមកអង្គុយស្តាយក្រោយនោះ។ នាងខ្ញុំនឹងទៅជួបលោកគ្រូដោយផ្ទាល់ និងនាំយកថវិកាផ្ទាល់ខ្លួនទៅសួរសុខទុក្ខលោកគ្រូតាមលទ្ធភាពរបស់ខ្ញុំ។
គួរបញ្ជាក់ផងដែរថា តារាចម្រៀងជើងចាស់ លោកគ្រូ នូ ស៊ិប មានវ័យ 72ឆ្នាំ ហើយត្រូវបានគេដឹងថា លោកកំពុងធ្លាក់ខ្លួនឈឺ ដោយសារជើងរបស់លោកមានបញ្ហាអស់រយៈពេល 10ឆ្នាំជាងមកហើយ ខណៈពេលកន្លងទៅ មានសិល្បករ-សិល្បការិនី មួយចំនួន ដូចជាលោក អឹម ជីវ៉ា លោក សុះ ម៉ាច និងសិល្បករជាច្រើនទៀត បានទៅសួរសុខទុក្ខលោកគ្រូ ខណៈការជួយចែករំលែកជំនួយនេះ គឺប្រៀបបាននឹងការចេះជួយគ្នាទៅវិញទៅមក នឹងជាគំរូល្អមួយចំពោះមហាជនទូទៅផងដែរ ក្នុងស្មារតីខ្មែរចេះជួយខ្មែរ៕