ថ្វីដ្បិតតែកញ្ញា ផាណា ម៉ុចជាតារាចម្រៀងក៏ពិតមែន ប៉ុន្ដែក្រោយពីនាងងាកមកចាប់ការសម្ដែងដើម្បីរកប្រាក់ចំណូលបន្ថែមវិញនោះ បច្ចុប្បនគេមើលឃើញថា អាជីពទី2 (ការសម្ដែង) របស់នាងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង។
មហាជនជាច្រើនបានស្គាល់កញ្ញា ផាណា ម៉ុច តាមរយៈការសម្ដែងជាតួអង្គកាចឆ្នាស ពិសេសនៅក្នុងរឿង ”ហង្សបាក់ស្លាប” ដែលអ្នកដឹកនាំរឿងតម្រូវឱ្យនាងសម្ដែងជាតួអង្គម្នាក់កាច់កុងគ្នាជាមួយតួឯកស្រីដែលសម្ដែងដោយកញ្ញា ឌួង ម៉ានិច។ បច្ចុប្បន្នគេមើលឃើញថា តាមរយៈការសម្ដែងដែលនាងទទួលបាន ធ្វើឱ្យនាងរវល់ស្ទើរតែរកពេលសម្រាកមិនបាន។
ជុំវិញអាជីពនេះត្រូវបានកញ្ញា ផាណា ម៉ុច លើកឡើងថា រូបនាងផ្ទាល់ក៏មើលឃើញថា នាងកាន់តែមានឈ្មោះបោះសំឡេងទៅលើការសម្ដែងដែរ ពិសេសជាតួអង្គកាចឆ្នាសតែម្តង។ ផាណា ម៉ុច បានប្រាប់ទៀតថា ក្នុងចំណោម 6 រឿងដែលនាងបានចូលរួម គឺមាន 3 រឿងដែលនាងត្រូវសម្ដែងជាតួអង្គកាចឆ្នាសដូចជារឿង “ហង្សបាក់ស្លាប” “នរណាសម្រក់ទឹកភ្នែកដើម្បីអូន?” “ចម្ការម្លប់ស្នេហ៍”។នាងបានបន្ដថា ការសម្ដែងជាតួអង្គកាចឆ្នាសមិនមែនមានភាពងាយស្រួលឡើយ ព្រោះវាមិនមែនជាចរិតពិតរបស់នាងទេ ប៉ុន្ដែដោយសារតែការតាំងចិត្ដ និងប្រឹងប្រែងទើបធ្វើឱ្យនាងទទួលបានជោគជ័យ។
ផាណា ម៉ុច បានលើកឡើងបែបហួសចិត្ដថា៖ ដំបូងខ្ញុំគិតថាចាប់អាជីពសម្ដែងមួយទៀតដើម្បីបង្កើនប្រាក់ចំណូលតែប៉ុណ្ណោះ ដឹងអី? បច្ចុប្បន្នមហាជនបែរជាស្គាល់ខ្ញុំទៅលើអាជីពសម្ដែងច្រើនជាងការច្រៀងទៅវិញ”។ នាងបន្ថែមថា មូលហេតុនាងទទួលបានប្រជាប្រិយភាពក៏ដូចជាការចូលចិត្ដពីសំណាក់អ្នកដឹកនាំរឿង គឺដោយសារតែនាងប្រកាន់ខ្ជាប់វិន័យការងារផង បូករួមសមត្ថភាព និងអាកប្បកិរយា ដែលទទួលយករាល់ការសម្ដែងមិនប្រកាន់តំណែងតួណាម្នាក់ឡើយ។
សម្រាប់កញ្ញា ផាណា ម៉ុច ការចាប់ផ្ដើមអាជីពសិល្បៈដំបូង ជាតារាសម្ដែងខារ៉ាអូខេក្នុងបទរបស់កញ្ញា ខេមរៈស្រីពៅ មានចំណងជើងថា “Don’t Care” និង”សង្សារ១០០ឆ្នាំ” របស់កញ្ញា សុគន្ធ នីសា។ ក្រោយមកនាងក៏បានក្លាយជាតារាចម្រៀងនៅផលិតកម្ម Spider។ បន្ទាប់ពីនាងបានបញ្ចប់កុងត្រាជាមួយផលិតកម្មនេះហើយ ទើបងាកមកចាប់អាជីពសម្ដែង។
ទោះជាយ៉ាងណាកញ្ញា ផាណា ម៉ុច បានបញ្ជាក់ថា ការសម្ដែងពុំអាចរកប្រាក់ចំណូលមកផ្គត់ផ្គង់ជីវភាពបានទេ ប៉ុន្ដែតាមរយៈប្រជាប្រិយភាពពីការសម្ដែងបានធ្វើឱ្យសាធារណៈជន ក៏ដូចជាក្រុមហ៊ុនជាច្រើនដែលបានអញ្ជើញនាងទៅច្រៀងក្នុងកម្មវិធីរបស់ពួកគេផ្ដល់តម្លៃខ្លួនឱ្យនាងបានយ៉ាងស័ក្តិសម៕