ចូរក្រឡេកមកមើលទម្លាប់អាក្រក់របស់អ្នកនិយមខាំក្រចកដៃ។ តើអ្នកដឹងទេថា ក្រចក ជាកន្លែងជ្រកនៃបាក់តេរីជាច្រើនប្រភេទដែលអ្នកមិនអាចមើលឃើញនឹងភ្នែកទទេបាន។ នៅពេលក្រចកដៃមិនស្អាត មិនមានអនាម័យ ងាយប្រឡាក់ប្រលូកជាមួយវត្ថុកខ្វក់ ឬងាយចាប់កាន់វត្ថុនានានោះខណៈដែលអ្នកខាំក្រចកដៃលេង អាចធ្វើឱ្យឆ្លងបាក់តេរីចូលទៅក្នុងមាត់ និងស្បែកបាន ប្រសិនបើមានការដាច់រលាត់ស្បែក។ ការខាំក្រចកដៃមានផលប៉ះពាល់អាក្រក់ចំពោះសុខភាពរបស់អ្នកយ៉ាងខ្លាំង។ ចូរមកមើលផលប៉ះពាល់ដែលកើតឡើងចំពោះសុខភាពដូចខាងក្រោមនេះ។
1. ផលប៉ះពាល់លើស្បែកក្រចក
ទម្លាប់ខាំក្រចកក៏អាចបង្កទៅជាដំបៅបានដែរ ប្រសិនបើអ្នកខាំវាជាញឹកញាប់ជាពិសេសគឺនៅពេលអ្នកខាំរហូតដល់ដាច់សាច់ជុំវិញក្រចក។ នៅពេលអ្នកខាំក្រចក ពពួកបាក់តេរី និងមេរោគតូចៗដទៃទៀត នឹងចូលទៅក្នុងសាច់ក្រចកខាងក្នុងតាមកន្លែងដែលដាច់រលាត់ពីការខាំ បណ្ដាលឱ្យហើម ឈឺចាប់ និងឈានទៅបង្កជាខ្ទុះផងក៏មាន។ នៅពេលស្ថានភាពធ្ងន់ធ្ងរ ទាល់តែវះកាត់បង្ហូរខ្ទុះនោះចេញ ទើបជាសះស្បើយឡើងវិញ។
2. ផលប៉ះពាល់ដល់មាត់
ជំងឺដុះឫសសាច់លើម្រាមដៃ ដែលខ្មែរយើងនិយមហៅថាដុះផ្លែសាច់ បង្កឡើងដោយវីរុសម្យ៉ាងឈ្មោះថា Papillomavirus (HPV) បណ្ដាលមកពីការខាំក្រចកជាប្រចាំ។ការខាំក្រចកដៃមិនត្រឹមតែបង្កជាជំងឺនៅលើម្រាមដៃប៉ុណ្ណោះទេ វាថែមទាំងអាចរីករាលដាលឆ្លងទៅមាត់ បង្កជាជំងឺពងបែកមាត់ថែមទៀតផង។ ជាទូទៅ អ្នកមានជំងឺពងបែកមាត់ តែងគិតថាបណ្ដាលមកពីក្ដៅក្នុង តែធាតុពិតវាបង្កមកពីមេរោគឆ្លងនេះឯង។
3. ផលប៉ះពាល់ដល់ធ្មេញ
ការខាំក្រចកមិនត្រឹមតែអាចបង្កជាជំងឺប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កើតជាបញ្ហាដល់ធ្មេញរបស់អ្នកទៀតផង។ ពេលខាំក្រចកញឹកញាប់ ធ្មេញរបស់អ្នកនឹងរំកិលខុសទីតាំង ខូចរូបរាង ឬលែងស្មើជួរជាដើម។ ការខាំក្រចក ធ្វើឱ្យធ្មេញខាងលើ និងខាងក្រោមប៉ះគ្នាញឹកញាប់ និងកកិតគ្នា បណ្ដាលឱ្យសឹករិចរិលហើយចុះខ្សោយប្រសិនបើអ្នកនៅតែមានទម្លាប់ខាំក្រចកញឹកញាប់។
4. ការចម្លងបាក់តេរីបង្ករោគ
ក្រចកដៃ គឺជាកន្លែងដែលប៉ះពាល់ដោយផ្ទាល់ជាមួយមេរោគ និងជាជម្រករបស់មេរោគជាច្រើនប្រភេទ។ នៅពេលអ្នកខាំក្រចក មេរោគទាំងនោះនឹងឆ្លងចូលទៅក្នុងខ្លួនតាមរយៈមាត់ ដែលអាចបង្កជាជំងឺផ្សេងៗ។ ក្រចកមានភាពកខ្វក់ជាងម្រាមដៃដល់ទៅ2ដងឯណោះ ព្រោះវាមានគន្លិកគន្លាក់ច្រើន ដែលជាទីតាំងអាចមេរោគរស់នៅយ៉ាងសុខស្រួល និងពិបាកក្នុងការសម្អាត។
ក្រៅពីនេះ ការខាំក្រចកក៏អាចបង្កផលប៉ះពាល់មួយចំនួនទៀតដូចជា ធ្វើឱ្យអ្នកមានភាពសោកសៅ មានអារម្មណ៍ថាឯកាផ្ដាច់ខ្លួនពីអ្នកដទៃ និងបាត់អស់ភាពរីករាយក្នុងជីវិត។ លើសពីនេះ ការសិក្សាដែលចុះផ្សាយលើគេហទំព័រ Mercola បានបង្ហាញផងដែរថា ការខាំក្រចកថែមទាំងធ្វើឱ្យសុខភាពចុះខ្សោយទៀតផង។ ទាំងនេះគឺជាហេតុផលចម្បង ដែលអ្នកគួរបញ្ឈប់ទម្លាប់អាក្រក់នេះ ព្រោះវានឹងបង្កផលប៉ះពាល់នៅថ្ងៃណាមួយ ប្រសិនបើនៅតែបន្តធ្វើវា៕