ម្ចាស់ការពារតំណែងជើងឯក US Open គឺ Rafael Nadal និងម្ចាស់ជើងឯក 2សម័យកាល Novak Djokovic ត្រូវការជ័យជម្នះត្រឹមតែ 1លើកទៀតប៉ុណ្ណោះ ដើម្បីទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ខណៈដែលកីឡាករទាំង2 សុទ្ធសឹងត្រូវបានរំពឹងទុកថា នឹងឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រនេះ។
កីឡាករវាយកូនបាល់មានចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោក Nadal នឹងត្រូវប៉ះជាមួយនឹងកីឡាករអាហ្សង់ទីន Juan Martin del Potro ស្របពេលដែលកីឡាករ Novak Djokovic ត្រូវជួបជាមួយនឹងកីឡាករជប៉ុន Kei Nishikori ដើម្បីប្រជែងឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកទី7 នៅលើទីលាន Flushing Meadows។
Nadal ដែលបានគេចផុតពីការបរាជ័យក្នុងការប្រកួតជាមួយនឹងកីឡាករអូទ្រីស Dominic Thiem ដើម្បីឈានមកកាន់វគ្គ 4នាក់ចុងក្រោយនេះ មានកំណត់ត្រាឈ្នះដល់ទៅ 11លើក ចាញ់ 5លើក នៅពេលប្រកួតជាមួយនឹង Del Potro ខណៈដែលការចាញ់លើកចុងក្រោយរបស់គេបានកើតឡើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ2016។
កីឡាករសញ្ជាតិអេស្ប៉ាញដែលបានផ្តួល Del Potro នៅឆ្នាំនេះក្នុងព្រឹត្តិការណ៍ French Open វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងWimbledon វគ្គ 8នាក់ចុងក្រោយរូបនេះ ហាក់មិនបានធ្លាក់ចុះទម្រង់លេងរបស់ខ្លួនសោះឡើយ។ Nadal ដែលបានឈ្នះពាន US Open 3លើកនោះបានឱ្យដឹងថា៖ «គាត់ (Del Potro) ជាកីឡាករដ៏អស្ចារ្យម្នាក់ ប៉ុន្តែការប្រជែងក្នុងពេលប្រកួតជាមួយនឹងរូបគេនៅលើទីលានរឹង ពិតជាស្វិតស្វាញសម្រាប់ខ្ញុំជាងការលេងនៅលើទីលានពណ៌ក្រហម»៕
ប្រភពពី៖ Channel News Asia