ខ្សែបម្រើអន្តរជាតិអេស្ប៉ាញ Isco បានបញ្ជាក់ថា រូបគេស្វាគមន៍បម្រាមរបស់លោកគ្រូបង្វឹក Luis Enrique លើការប្រើទូរស័ព្ទដៃ អំឡុងពេលនៃការញ៉ាំអាហាររបស់ក្រុម និងបានគាំទ្រគំនិតផ្នែកកីឡាបាល់ទាត់របស់គ្រូបង្វឹកថ្មីរូបនេះ និងការធ្វើលំហាត់ប្រាណរបស់ក្រុម។
Isco បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖ «វាតែងតែជារឿងដ៏ល្អក្នុងការមានវិន័យបន្តិច ការមិនមានទូរស័ព្ទនៅឯកន្លែងញ៉ាំអាហារ គឺជាគំនិតដ៏ល្អមួយចំពោះខ្ញុំ ដោយសារតែនៅសម័យនេះ យើងធ្វើការផ្តោតអារម្មណ៍ជារឿយៗទៅលើការនិយាយទូរស័ព្ទ ជាងការនិយាយជាមួយមិត្តរួមក្រុមរបស់យើង»។
ក្រុមជម្រើសជាតិអេស្ប៉ាញ នឹងត្រូវធ្វើការប្រកួតជាលើកទី1 របស់ពួកគេក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹករបស់ក្លិប Barcelona រូបនេះ នៅថ្ងៃសៅរ៍ នៅលើទឹកដីក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតបើកឆាកនៃយុទ្ធនាការ UEFA Nations League នៅមុនពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិក្រូអាស៊ី នៅថ្ងៃអង្គារ។
ការប្រកួតចុងក្រោយរបស់ពួកគេគឺការធ្លាក់ចេញដ៏មិននឹកស្មានដល់ពីយុទ្ធនាការ World Cup ក្រោមស្នាដៃក្រុមជម្រើសជាតិរុស្ស៊ី ដោយសារតែការស៊ុតបាល់ប៉េណាល់ទី ក្រោយពីបានបញ្ចប់ត្រឹមលទ្ធផលស្មើ 1-1 ក្នុងវគ្គ 16ក្រុមចុងក្រោយ។
អ្នកគាំទ្រ និងអ្នកអធិប្បាយជាច្រើន មានការសង្ស័យទៅលើការតែងតាំងលោក Luis Enrique ដើម្បីជំនួសកន្លែងរបស់លោក JulenLopetegui ដោយសារតែការមានទំនាក់ទំនងមិនសូវល្អរបស់លោកជាមួយនឹងបណ្តាញសារព័ត៌មាន និងការប្រេះស្រាំផ្នែកទំនាក់ទំនងជាមួយនឹងក្លិប Real Madrid កាលពីពេលមុន។ ទោះបីជាយ៉ាងណា ខ្សែបម្រើ Isco របស់ Real Madrid បានបញ្ជាក់ថា ក្រុមអេស្ប៉ាញ បានសម្របខ្លួនទៅនឹងវិធីសាស្ត្រហ្វឹកហាត់របស់គ្រូបង្វឹករូបនេះ ក៏ដូចជាគំនិតដ៏ចម្លែកនៅក្រៅដីទីលានរបស់លោកដែរ៕
ប្រភពពី៖ Channel News Asia