ធនាគារជាតិនៃកម្ពុជា(NBC) បានចេញសេចក្តីជូនដំណឹងចុងក្រោយមួយ ដោយព្រមានទៅលើម្ចាស់ស្ថានប័នធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងឡាយណាដែលមិនគោរពតាមគោលការណ៍ណែនាំរបស់ខ្លួន។
សេចក្តីជូនដំណឹងដែលគេហទំព័រព័ត៌មាន កាសែត ឡារ៉ែន ទទួលបាននៅថ្ងៃទី24 ខែឧសភា ឆ្នាំ2017នេះបានឱ្យដឹងថា កន្លងមកធនាគារជាតិនៃកម្ពុជាធ្លាប់បានជូនដំណឹងអំពីការហាមឃាត់ទទួលបញ្ចាំអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការផ្តល់ឥណទានរួចមកហើយ ប៉ុន្តែធនាគារជាតិនៃកម្ពុជានៅតែសង្កេតឃើញថា គ្រឹះស្ថានធនាគារ និងប្រតិបត្តិករឥណទានជនបទមួយចំនួននៅតែអនុវត្តមិនទាន់បានពេញលេញតាមសេចក្តីជូនដំណឹងខាងលើនេះឡើយ។
ហេតុនេះធនាគារជាតិនៃកម្ពុជាសូមធ្វើការក្រើនរំឭកទៅដល់គ្រឹះស្ថានទាំងអស់ត្រូវយកចិត្តទុកដាក់បន្តអនុវត្តខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាលេខធ៧.០១៦.២១០សជណ ចុះថ្ងៃទី11 ខែមីនា ឆ្នាំ2016 ឱ្យបានពេញលេញនឹងម៉ឺងម៉ាត់។ ក្នុងករណីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទណានៅតែបន្តសកម្មភាពនិងមិនយកចិត្តទុកដាក់អនុវត្តតាមសេចក្តីជូនដំណឹងនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងនោះនឹងត្រូវទទួលរងទណ្ឌកម្មខាងវិន័យ និងឈានទៅរកការដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតចុះបញ្ជី ឬបញ្ឈប់សកម្មភាពអាជីវកម្ម ស្របតាមមាត្រា 52 និង56 នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាធរមាន៕