ពិភពលោកបានឆ្លងកាត់ការធ្វើបដិវត្តន៍ និងវិវឌ្ឍជាច្រើនដំណាក់កាលពីយុគសម័យមួយទៅយុគសម័យមួយរហូតដល់តំបន់ស្ទើរតែទាំងអស់រួមទាំងប្រទេសក្រីក្រផង ក្លាយជាវាលឧស្សាហកម្មទំនើបដើម្បីផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្សទូទាំងពិភពលោក។
ពីដំណាក់កាលមួយទៅដំណាក់កាលមួយការរស់នៅរបស់មនុស្សកាន់តែមានភាពងាយស្រួល តែផលប៉ះពាល់លើធម្មជាតិបានកើតឡើងយ៉ាងឆាប់រហ័ស ស្របពេលដែលតំបន់ព្រៃជាច្រើនបានក្លាយជាវាលកសិកម្មកែច្នៃតំបន់លំនៅឋាន ឬរោងចក្រដែលគាំទ្រដល់ចង្វាក់ផលិតកម្មរបស់ឧស្សាហកម្មធំៗជាដើម។ ធនធានធម្មជាតិជាច្រើនផ្នែកផ្សេងទៀតក៏ត្រូវបានបាត់បង់ដែលធ្វើឱ្យប្រទេសធំៗបង្ខំចិត្តជំរុញឱ្យមានការអភិវឌ្ឍលើការដាំដើមឈើឡើងវិញ និងរៀបចំកិច្ចប្រជុំសំខាន់ៗដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់អវិជ្ជមានចំពោះធម្មជាតិ។
ដោយសារបញ្ហាទាំងអស់នេះ ប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់លើពិភពលោក រួមទាំងតំបន់ដែលមានការរីកលូតលាស់ខ្លាំង ចាប់ផ្តើមងាកមកកែប្រែទីក្រុងរបស់ខ្លួនឱ្យក្លាយជាតំបន់បៃតង បើទោះបីជាផលប៉ះពាល់មិនអាចគ្រប់គ្រងបានទាំងស្រុងក៏ដោយ។ ភាពបៃតងនៅដំណាក់កាលនេះ មិនមែនគិតត្រឹមតែការដាំដើមឈើ ឬបង្កើតពណ៌បៃតងនៅក្នុងទីក្រុងនោះទេ តែក៏ជាការជំរុញឱ្យមានគោលនយោបាយ និងផែនការក្នុងការគ្រប់គ្រងកាកសំណល់ប្លាស្ទិកឱ្យបានល្អការកែច្នៃឡើងវិញនូវសម្ភារប្រើប្រាស់សម្រាប់ប្រជាជន ការសាងសង់សំណង់លំនៅឋាន និងអគារដោយប្រើបច្ចេកវិទ្យាដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនជាដើម។
ប្រទេសធំៗចាប់ផ្តើមលើកទឹកចិត្តឱ្យប្រជាជនរបស់ខ្លួនសន្សំសំចៃការប្រើប្រាស់ចរន្តអគ្គិសនីរួមទាំងថាមពលនានាដើម្បីរក្សាលំនឹងនៃបរិយាកាសនៅក្នុងទីក្រុង។ ជាក់ស្តែងប្រទេសបារាំង ជប៉ុន និងប្រទេសអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត លើកទឹកចិត្តឱ្យប្រជាជនជិះរថភ្លើង ឬសេវាដឹកជញ្ជូនសាធារណៈដើម្បីកាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន។ ប្រទេសចិនរៀបចំគោលនយោបាយចំណាយថវិកាដល់ប្រជាជនដែលបានដាំដើមឈើក្នុងតំបន់ដែលពួកគេរស់នៅដើម្បីលើកទឹកចិត្តដល់ការរក្សាបរិស្ថាន និងកាត់បន្ថយភាពក្រីក្រស្របពេលដែលប្រទេសនៅអឺរ៉ុបមួយចំនួនថែមទាំងបានផ្តល់ប្រាក់ដល់អ្នកជិះកង់ទៀតផង។
ស្របពេលជាមួយគ្នានេះ គម្រោងស្ថាបត្យកម្មថ្មីៗភាគច្រើនត្រូវបានគេកែច្នៃឱ្យមានពន្លឺព្រះអាទិត្យជំនួសអំពូលភ្លើង ហើយប្រព័ន្ធសន្សំសំចៃជាច្រើនផ្សេងទៀតត្រូវបានគេយកមកប្រើជំនួសឧបករណ៍ចាស់ៗដែលស៊ីភ្លើងខ្លាំង។ ក្រៅពីនេះសំណង់អគារប្រណីតដែលត្រូវបានគេសាងសង់ក្នុងយុគសម័យបច្ចេកវិទ្យាព័ត៌មាននេះ ភាគច្រើនត្រូវបានគេរចនាឱ្យមានពណ៌បៃតង ដោយការប្រើប្រាស់ដើមឈើជាគ្រឿងលម្អ និងជាការរួមចំណែកជួយដល់បរិស្ថានផងដែរ។
យោងតាមរបាយការណ៍ដែលដកស្រង់ដោយវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញថា ទីក្រុងឡុងដ៍ជាកន្លែងដែលមានដើមឈើដល់ទៅ 8លានដើមស្របពេលដែលទីក្រុងមួយនេះនៅតែបន្តដាំដើមឈើបន្ថែមទៀត បើទោះបីជាគម្រោងនេះចំណាយថវិកាជាតិអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយ។
ទីក្រុងដែលសម្បូរទៅដោយបច្ចេកវិទ្យា និងធម្មជាតិមួយនេះបានប្រើប្រាស់ដើមឈើរាប់ម៉ឺនដើមដើម្បីបង្កើតតំបន់ទំនេរឱ្យក្លាយជាឧទ្យានសាធារណៈសម្រាប់ប្រជាជនសម្រាកកម្សាន្ត។
លោកអភិបាលក្រុង Sadiq Khan បានបញ្ជាក់ថាការដាំដើមឈើបន្ថែមត្រូវចំណាយថវិកាប្រមាណ1.9លានដុល្លារសម្រាប់អភិវឌ្ឍតំបន់ព្រៃឈើនៅទីក្រុងឡុងដ៍។ គម្រោងមួយនេះនឹងធ្វើឱ្យមនុស្សចាប់ផ្តើមស្រឡាញ់បរិស្ថានកាន់តែខ្លាំង ហើយរួមគ្នារក្សាតំបន់បៃតង ដើម្បីជំរុញគុណភាពជីវិតឱ្យកាន់តែប្រសើរឡើង។
អ្នកជំនាញបរិស្ថានបានលើកឡើងថា មនុស្សរស់នៅទីក្រុងនឹងងាកមករកធម្មជាតិកាន់តែច្រើនឡើង ហើយពួកគេអាចនឹងជំរុញឱ្យមានស្ថានភាពវិជ្ជមាន បើទោះបីជាមានសញ្ញាណជាច្រើនបញ្ជាក់ថាសកម្មភាពរបស់មនុស្សកំពុងធ្វើឱ្យប៉ះពាល់ដល់ធម្មជាតិក៏ដោយ៕