Skip to content

កាន់តែកក្រើក!!  ល្ខោននិយាយរឿង «មរណភាពចម្លែក» ទទួលបានការគាំទ្រយ៉ាងសម្បើម

ទស្សនីយភាព​ល្ខោននិយាយ​រឿង​«​មរណភាពចម្លែក​» ត្រូវបានលើកយកមកសម្ដែងជូន​សាធារណជន​ទស្សនាកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី​6 ខែកញ្ញានេះ ក្នុងបរិវេណសាល ​CKCC​ ជារឿងផ្តល់នូវចំណេះដឹង ផ្នែកទម្រង់សិល្បៈឱ្យយុវជនខ្មែរបានស្គាល់ពីប្រវត្តិ និងមូលដ្ឋានគ្រឹះនៃទម្រង់សិល្បៈល្ខោននិយាយ និងបានជំរុញឱ្យយុវជន យុវនារីចេះស្រឡាញ់ និងថែរក្សាទម្រង់សិល្បៈប្រភេទនេះទៀតផង។

ដោយសារតែ​មើលឃើញ​សិស្ស​នៅ​វិទ្យាល័យភាគច្រើន មិន​ស្គាល់ពី​ល្ខោននិយាយ ទើប​ញ៉ាំង​ឱ្យ​យុវជន​ស្ម័គ្រចិត្តមួយក្រុម​រៀបចំ​ការសម្ដែង​រឿង «​មរណភាព​ចម្លែក​» នេះ​ឡើង​។ ប្រធាន​ក្រុម​លោក ណេ​ន ភា​រិ​ទ្ធ បានបញ្ជាក់​ប្រាប់ថា «​ខ្ញុំ​បាន​ទៅ​សម្ដែង​នៅតាម​វិទ្យាល័យ​ជាច្រើន នៅតាម​ខេត្ត​នានា សិស្ស​ថ្នាក់​ទី​11-12 សឹងតែ​ទាំងអស់​អត់ដែល​ស្គាល់​ល្ខោននិយាយ​ទេ គេ​ស្គាល់​តែ​ល្ខោន​វិទ្យុ​។ ដូច្នេះហើយ​ទើបបានជា​ខ្ញុំ​ធ្វើ​កម្មវិធី​ល្ខោននិយាយ​នេះ​ឡើង​»​។​ ក្រុម​ល្ខោននិយាយ​របស់លោក ភា​រិ​ទ្ធ ធ្លាប់បាន​សម្ដែង​រឿង​ «​កុលាប​ប៉ៃលិន​» «​ចិញ្ចៀន​បញ្ចាំចិត្ត​» និង​រឿង​ជាច្រើន​។ ជោគជ័យ​ពី​ការសម្ដែង​កន្លងមក​បាន​នាំ​ឱ្យលោក ភា​រិ​ទ្ធ មាន​ក្ដីសង្ឃឹម​ក្នុង​ការសម្ដែង​ល្ខោននិយាយ​ជា​បន្តបន្ទាប់ទៀត​។ ​កម្មវិធី​ដែល​ក្រុមនេះ​បានធ្វើ​កន្លងមក ​មានកា​រ​គាំទ្រ​ប្រហែល​ 30​ភាគរយហើយ ដូច្នេះស្មារតីអភិរក្សល្ខោននិយាយរបស់ខ្មែរ បានបណ្ដាលឱ្យក្រុមមួយនេះ​មិន​ចង់​ឱ្យ​បាត់បង់​អ្នកគាំទ្រ​ទាំង​នោះទេ បើទោះជាមានអ្នកទស្សនាច្រើន ឬតិចក្ដី ក៏ពួកគេបានប្ដេជ្ញាថា នឹងបន្ដធ្វើកម្មវិធីនេះជារៀងរហូត​​។

គួរបញ្ជាក់ផងដែរថា លក្ខណៈពិសិដ្ឋនៃទម្រង់ល្ខោននិយាយខ្មែរមួយនេះ បានបំផុសគំនិតឱ្យយុវជនកម្ពុជាដែលជាទំពាំងស្នងឫស្សីទាំងអស់ស្រឡាញ់នូវភាពយុត្តិធម៌ សច្ចធម៌ គុណតម្លៃការងារ ភាពស្មោះត្រង់ និងតម្លៃអប់រំកូនចៅខ្មែរឱ្យចេះវិភាគពី អ្វីទៅជាស្នេហា និងសេក្ដីស្លាប់ ដែលធ្វើឱ្យឈ្លក់វង្វេងក្នុងកាមកិលេស។ មិនត្រឹមតែទស្សនាហើយទទួលបានការអប់រំនោះទេ ភ្ញៀវកិត្តិយសដែលភាគច្រើនជាយុវវ័យប្រុសស្រី បានផ្ដល់ការគាំទ្រ និងលើកទឹកចំពោះល្ខោននិយាយដែលជាសិល្បៈខ្មែរទី6 នេះ ដោយបាននាំគ្នាមកទស្សនាយ៉ាងភ្លូកទឹកភ្លូកដីរហូតដល់សឹងតែរកកន្លែងអង្គុយគ្មាន៕

Leave a Reply

Your email address will not be published. Required fields are marked *