វិស័យអចលនទ្រព្យខេត្តកណ្តាលកំពុងមានសម្ទុះឡើងខ្លាំងគួរឱ្យកត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារភូមិសាស្ត្រដីរបស់ខេត្តមួយនេះមានទីតាំងព័ទ្ធជុំវិញរាជធានីភ្នំពេញដែលជាទីប្រជុំជនធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា។
លោក លឹម ច័ន្ទសុភី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលមានប្រសាសន៍ថា ស្របពេលដែលវិស័យអចលនទ្រព្យក្នុងរាជធានីភ្នំពេញមានសម្ទុះកើនឡើងខ្លាំងស្ទើរដល់ចំណុចកំពូលហើយនោះ បានធ្វើឱ្យវិស័យមួយនេះកំពុងហៀរឆ្ពោះទៅខេត្តកណ្តាលតាមរយៈផ្លូវ60 តភ្ជាប់ពីរាជធានីភ្នំពេញមកក្រុងតាខ្មៅ ខេត្តកណ្តាល ហើយមិនថាភាគខាងត្បូង ភាគខាងកើត និងភាគខាងជើងរបស់ខេត្តមួយនេះទេ គឺសុទ្ធតែកំពុងត្រូវប៉ាន់ទាំងអស់។
លោកមានប្រសាសន៍ថា តម្លៃដីដែលឡើងថ្លៃជាងគេស្ថិតក្នុងក្រុងតាខ្មៅកាត់តាមផ្លូវ21B ឆ្ពោះទៅស្រុកស្អាងតែម្តងដោយសារតែរដ្ឋបាលខេត្តបានប្រជុំសម្រេចជាគោលការណ៍កាត់ដីក្នុងឃុំចំនួន4មានដូចជាឃុំស្វាយរលំ ឃុំសិត្បូ ឃុំរកាខ្ពស់ និងឃុំកោះអន្លុងចិនចូលក្នុងភូមិសាស្ត្រទឹកដីក្រុងតាខ្មៅដោយទទួលបានគោលការណ៍ឯកភាពពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួចរាល់ហើយ រង់ចាំតែការប្រកាសជាផ្លូវការពីក្រសួងមហាផ្ទៃនៅពេលឆាប់ៗខាងមុខនេះប៉ុណ្ណោះ។ ប្លង់គោលនេះបានរៀបចំជាយុទ្ធសាស្ត្រសម្រាប់ក្រុងតាខ្មៅ និងប្លង់គោលប្រើប្រាស់ដីក្នុងស្រុកកោះធំ-ជ្រៃធំនៅឆមាសទី1 ឆ្នាំ2018 គឺត្រៀមអនុម័តសម្រេចលើប្លង់គោលប្រើប្រាស់ឆ្នាំ2030 របស់គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្នាក់ជាតិ។
លោកអះអាងថា នៅពេលមានគម្រោងកាត់ឃុំខាងលើចូលក្នុងភូមិសាស្ត្រក្រុងតាខ្មៅរួចបានធ្វើឱ្យការទិញដីពុះឡូត៍លក់កាន់តែមានសកម្មភាពមមាញឹកឡើងៗ ហើយការសាងសង់សំណង់ក្នុងក្រុងតាខ្មៅក៏មានការកើនឡើងដែរ ពិសេសសំណង់លំនៅឋានសម្រាប់អ្នកមានប្រាក់ចំណូលទាបស្ថិតក្នុងឃុំរកាខ្ពស់បានចាក់ដីខ្សាច់បំពេញរួចរាល់ និងបាន និងកំពុងចាប់ផ្តើមសាងសង់ជាបណ្តើរៗហើយ។ ហើយលោកបានបន្តថា តម្លៃដីនៅក្នុងឃុំទាំង4នេះនឹងកើនឡើងខ្លាំងថែមទៀត ខណៈវិស័យសំណង់ក៏កំពុងហូរចូលទៅចាក់គ្រឹះនៅទីតាំងនោះជាបណ្តើរៗដែរនៅរយៈពេលចុងក្រោយនេះ។
មិនថាតែភាគខាងត្បូងក្រុងតាខ្មៅនោះទេ សូម្បីនៅក្នុងភាគខាងកើតដូចជាស្រុកកៀនស្វាយ ស្រុកល្វាឯមក៏តម្លៃដីមានសម្ទុះកើនឡើងដែរ ខណៈរដ្ឋាភិបាលបាន និងកំពុងសាងសង់ផ្លូវក្រវាត់ក្រុងទី3 តភ្ជាប់ទៅផ្លូវជាតិលេខ1 ត្រង់ចំណុចកំពង់ផែដឹកទំនិញតាមផ្លូវទឹកនៅស្រុកកៀនស្វាយ ដែលនេះជាចលករជំរុញឱ្យដីនៅក្នុងស្រុកកៀនស្វាយមានសម្ទុះកើនឡើងខ្លាំងដែរ ហើយសំណង់លំនៅឋានតូចធំ និងបុរីទំនើបៗក៏កំពុងបែមុខឆ្ពោះទៅស្រុកកៀនស្វាយផងដែរ។ ជាមួយគ្នានេះដែរ នៅពេលដែលរដ្ឋាភិបាលរៀបចំគម្រោងសាងសង់ស្ពានតភ្ជាប់ពីតំបន់ជ្រោយចង្វារឆ្ពោះទៅតំបន់ស្វាយជ្រុំ សាងសង់ស្ពានពីកំពង់ចម្លងមុខសណ្ឋាគារណាហ្គាឆ្ពោះទៅកំពង់ដអរិយក្សត្រ និងស្ពានតភ្ជាប់ពីផ្លូវជាតិលេខ1កំពង់ចម្លងក្តីតាកុយឆ្ពោះទៅកាន់ឃុំសារិកាកែវ ក្នុងស្រុកល្វាឯម បានធ្វើឱ្យស្ពានទាំង 3ខ្សែនេះទៅជួបប្រសព្វគ្នានៅក្នុងស្រុកល្វាឯម ខេត្តកណ្តាលតែមួយ ធ្វើឱ្យតម្លៃដីនៅទីនោះមានសម្ទុះឡើងខ្លាំង ហើយគម្រោងសាងសង់លំនៅឋានលក់នៅតំបន់អរិយក្សត្រ តំបន់ស្វាយជ្រុំរបស់ក្រុមហ៊ុនសាងសង់សំណង់លំនៅឋានលក់បានចូលទៅវិនិយោគជាបន្តបន្ទាប់ដែរ និងថ្មីៗនេះមានក្រុមហ៊ុនសាងសង់លំនៅឋានមួយទៀតទើបតែដាក់ពាក្យស្នើសុំសាងសង់លំនៅឋានលក់នៅទីនោះដែរ។ ចំណែកមន្ទីររៀបចំដែនដីខេត្តក៏បានរៀបចំប្លង់គោលអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងភូមិសាស្ត្រស្រុកល្វាឯមផងដែរ ដើម្បីត្រៀមទុកជាមុន មុនពេលដែលរដ្ឋាភិបាលសាងសង់ស្ពានអភិវឌ្ឍន៍ទៅដល់ទីនោះ។
ងាកទៅទិសខាងលិច និងទិសខាងជើងវិញ ដូចជាតំបន់ភ្នំប្រសិទ្ធិ៍ជាដើម សកម្មភាពពុះដីឡូត៍លក់ក៏កំពុងរីកដុះដាល និងមានសកម្មភាពខ្លាំងហើយដីនៅតាមផ្លូវជាតិលេខ3 ចាប់ពីចំណុចស្ពានកំពង់ទួល ឬស្ពានទំនប់7មករា ឆ្ពោះទៅផ្សារព្រៃទទឹងក្បែរផ្លូវរថភ្លើង ហួសទៅមុខប្រមាណជាង10គីឡូ-ម៉ែត្រទៀត ក៏សកម្មភាពពុះដីឡូត៍កំពុងមមាញឹកដែរ ខណៈដែលរដ្ឋាភិបាលប្រកាសសាងសង់ផ្លូវជាតិលេខ3 ឡើងវិញ ចាប់ពីរង្វង់មូលចោមចៅឆ្ពោះទៅកំពង់ផែទឹកជ្រៅនៅសមុទ្រក្នុងខេត្តកំពត។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលបានបង្ហាញថា នៅឆមាសទី1 ឆ្នាំ2018នេះ មន្ទីរទទួលបានសំណើសុំសាងសង់លំនៅឋានសម្រាប់លក់កម្រិតថ្នាក់ខេត្ត និងក្រសួង ចំនួន 55ច្បាប់ និងបានបញ្ជូនទៅក្រសួងរួចរាល់ហើយដែលមានផ្ទៃដីសរុបចំនួន 879,981.05ម៉ែត្រក្រឡា និងមានទុនវិនិយោគសរុបចំនួន 241,361,000.ដុល្លារ។ ក្នុងនោះមន្ទីរទទួលបានសំណើសាងសង់កម្រិតថ្នាក់ខេត្តចំនួន 22ច្បាប់ដែលមានផ្ទៃដីសរុបចំនួន 27,913.71ម៉ែត្រក្រឡា មានទុនវិនិយោគសរុបចំនួន 7,143,358.80ដុល្លារ និងសមត្ថកិច្ចក្រសួងចំនួន 33ច្បាប់ដែលមានផ្ទៃក្រឡាសរុប 852,067.34ម៉ែត្រក្រឡាដែលមានទុនវិនិយោគ 234,217,642.00ដុល្លារដែលធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ2017 មានចំនួន48ច្បាប់ និងមានទំហំដីសរុបចំនួន 312,036.70ម៉ែត្រក្រឡា កើនឡើងប្រមាណជា1.82ដង៕