ការប្រកួតបាល់ទាត់ក្រោមដំណក់ទឹកភ្លៀងនៅយប់ថ្ងៃទី5 ខែកញ្ញា រវាងក្រុមបាល់ទាត់មហាហង្ស និងក្រុមជើងខ្លាំងមួយដែលមានឈ្មោះថា ក្រុមMan U Khmer ត្រូវបានម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន ប្រាប់សារព័ត៌មានឡារ៉ែនថា គឺជាការប្រកួតមិត្តភាពដើម្បីអបអរដល់ភាពយន្តរឿង «ព្រលឹង» សម្ដែងដោយលោក ហេង នរៈកក្កដា ដែលទើបថតចប់។ តែអ្វីដែលគេភ្ញាក់ផ្អើលនោះ គឺការប្រកួតត្រូវបញ្ចប់ដោយតារាសម្ដែងរូបនេះរកបានដល់ 5គ្រាប់តែម្នាក់ឯង ធ្វើឱ្យក្រុមមហាហង្សឈ្នះដល់ 7-0 (ពិតជាមិនធម្មតាមែន!)។
លោក ហេង នរៈកក្កដា អះអាងថា លោកបានចំណាយពេលថតកុនរឿង «ព្រលឹង» ឱ្យផលិតកម្មមហាហង្សនេះដោយលំបាក និងផ្សងគ្រោះថ្នាក់ច្រើនណាស់ ដោយសារតែភាពយន្តមួយនេះជារឿងបែបភ័យរន្ធត់ និងតម្រូវឱ្យលោកសម្ដែងជាតួខ្មោច និងថតដល់ពាក់កណ្ដាលអធ្រាត្រនៅក្នុងព្រៃជ្រៅទៀតផង។ លោកនិយាយថា ការសម្ដែងនៅក្នុងរឿងនេះ ធ្វើឱ្យលោកបានស្គាល់នូវរសជាតិជីវិតច្រើនណាស់ ជាពិសេសគឺការដេកព្រៃ និងខានមានពេលសប្បាយជួបជុំជាមួយមិត្តភក្តិ ដែលនាំឱ្យលោកដាក់សំណើសុំលេងបាល់មិត្តភាពនៅពេលខ្សែភាពយន្តនេះថតចប់។
លោកធ្វើឱ្យក្រុមជាគូប្រកួតភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោកម្នាក់ឯងរកបាន 5គ្រាប់ ដែលមិនអាចឱ្យសមាជិកផ្សេងទៀតមិនសរសើរពីថ្វីជើងលោកមិនបានឡើយ។ ជ័យជម្នះរបស់លោក មិនខុសពីការសម្ដែងការអបអរចំពោះខ្សែភាពយន្តដែលបានថតចប់ និងស្វាគមន៍សមាជិកថ្មី គឺពិធីករ មូល សារ៉ាវ៉ាន់ ដែលជាតួអង្គសំខាន់មួយក្នុងរឿង «ព្រលឹង» ដែលទើបបង្ហាញខ្លួនចូលលេងក្នុងក្រុមមហាហង្សជាលើកដំបូងនោះទេ។
លោក ហេង នរៈកក្កដា ត្រូវបានគេចាត់ទុកថា ជា Super Star មួយរូបរបស់ក្រុមមហាហង្ស ដោយក្នុងតង់ទី1លោករកបាន 3គ្រាប់ និងតង់ទី2 រកបាន 2គ្រាប់បន្ថែមទៀត ខណៈដែលចំនួនគ្រាប់ទាំងនោះបានជួយឱ្យក្រុមមហាហង្សទទួលបានបានដល់ទៅ 7គ្រាប់ ឈ្នះលប់លើក្រុមគូប្រកួត។ លោកថា សប្បាយចិត្តណាស់ ដែលលោកអាចស្វែងរកគ្រាប់បាល់បានច្រើនម្នាក់ឯង ស្របគ្នាដែលខ្សែភាពយន្តរបស់លោកគឺរឿង «ព្រលឹង» ក៏បានបញ្ចប់ដោយជោគជ័យដែរ ទោះជាមានការរំខានដោយភ្លៀង និងត្រូវធ្វើដំណើរផ្លូវឆ្ងាយក៏ដោយ។ យ៉ាងណាមិញ លោកថា លោកមិនដែលគិតថា ចង់ក្លាយខ្លួនជាកីឡាករអាជីពទេ បើទោះជាលោកកាន់តែមានថ្វីជើងល្អឡើងក្នុងការលេងបាល់នាពេលកន្លងមកក៏ដោយ។
នៅក្នុងការប្រកួតនៅថ្ងៃនោះ គេឃើញវត្តមានតារាសម្ដែងល្បីៗជាច្រើនដូចជា លោក មូល សារ៉ាវ៉ាន់ ពិធីករ PNN លោក ភឹម តារាវិបុល និងតារាជាច្រើនរូបទៀត ក្រៅពីលោក ហេង នរៈកក្កដា ដែលអាចរកបាន5គ្រាប់ម្នាក់ឯងហើយនោះ។ យ៉ាងណាមិញ នេះមិនមែនជាលើកទី1ទេ ដែលក្រុមមហាហង្សរកបានច្រើនគ្រាប់ ព្រោះជ័យជម្នះលើសលប់លើកណា ក៏មិនដែលគ្មានការរួមចំណែករបស់លោក ហេង នរៈកក្កដាដែរ៕