ខ្សែប្រយុទ្ធវ័យក្មេងអន្តរជាតិបារាំង KylianMbappe បានរងពិន័យព្យួរចំនួន 3ប្រកួត ក្រោយពីការរងពិន័យកាតក្រហមរបស់គេ នៅពេលប្រកួតជាមួយនឹងក្រុម Nimes កាលពីចុងសប្តាហ៍មុន។ នេះបើយោងទៅតាមការប្រកាសរបស់ក្របខ័ណ្ឌលីកបារាំង កាលពីថ្ងៃពុធ។
ខ្សែប្រយុទ្ធវ័យ 19ឆ្នាំ ដែលក៏បានស៊ុតបាល់បញ្ចូលទីដែរនៅពេលក្រុមខ្លួនទទួលជ័យជម្នះ 4-2 នោះ ត្រូវបានបណ្តេញចេញពីទីលានដោយសារការរុញកីឡាករ Teji Savanier ក្រោយពីខ្សែបម្រើរបស់ក្លិប Nimes រូបនេះ បានធ្វើឱ្យរូបគេដួលនៅលើទីលានប្រកួត។ ក្រុមម្ចាស់ជើងឯកបារាំង PSG នឹងលេងដោយគ្មាន Mbappe សម្រាប់ការប្រកួតក្របខ័ណ្ឌ Ligue 1 ជាមួយនឹងក្រុម Saint-Etienne នៅថ្ងៃសៅរ៍ ទី11 ជាមួយនឹងក្រុម Rennes នៅថ្ងៃទី23 ខែកញ្ញា និងក្រុម Reims ក្នុងរយៈពេល 3ថ្ងៃក្រោយមក។ ការពិន័យព្យួរនេះ មិនមានឥទ្ធិពលទៅលើការចូលរួមរបស់ Mbappe ក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ក្រុម PSG នៅពេលប្រកួតជាមួយនឹងក្រុមជើងឯករង Liverpool កាលពីរដូវកាលមុននៅកីឡដ្ឋាន Anfield នាថ្ងៃទី18 ខាងមុខនេះឡើយ។
Savanier ដែលក៏ត្រូវបានបណ្តេញចេញដោយលោកអាជ្ញាកណ្តាល Jerome Brisardក្រោយពីឧប្បត្តិហេតុនេះដែរនោះ បានរងពិន័យព្យួរចំនួន 5ប្រកួត។ Mbappe បានរងពិន័យកាតលឿងរួចស្រេចទៅហើយ ក្នុងតង់ទី១នៃការប្រកួតកាលពីថ្ងៃសៅរ៍សប្តាហ៍មុន សម្រាប់ការយកបាល់ចេញឆ្ងាយ មុនពេលក្រុម Nimes ត្រូវស៊ុតបាល់ពិន័យ Free-kick។
វាជាការទទួលកាតក្រហមជាលើកទី2 នៃអាជីពបាល់ទាត់របស់ Mbappe ក្រោយពីរូបគេបានរងពិន័យកាតក្រហមកាលពីខែមករា សម្រាប់ការដណ្តើមបាល់ដ៏គ្រោះថ្នាក់មួយជាមួយកីឡាករ Ismaila Sarr របស់ក្រុម Rennes ក្នុងការប្រកួតពាន League Cup វគ្គ1/2៕
ប្រភពពី៖ Channel News Asia