ដើម្បីទាក់ទាញភ្ញៀវទេសចរក៏ដូចជាជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែមានភាពប្រសើរឡើងដែរនោះ កម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនថ្មីមួយទៀតធ្វើការហោះហើរត្រង់ទៅ-មកពីទីក្រុងប៉េកាំង ប្រទេសចិន មកកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជានៅដើមខែវិច្ឆិកា ចុងឆ្នាំ2018 ខាងមុខនេះ។
ប្រតិភូតំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិនៃសាធារណរដ្ឋប្រជាមានិតចិន (Air China) បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Air China នឹងធ្វើការហោះហើរត្រង់ផ្ទាល់ពីរដ្ឋធានីប៉េកាំង ប្រទេសចិនមកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ជាគោលនយោបាយពង្រឹងការលើកកម្ពស់ការតភ្ជាប់ការហោះហើរដើម្បីឆ្លើយតបទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ និងដើម្បីផ្តល់ភាពងាយស្រួលកាន់តែប្រសើរឡើងដល់ភ្ញៀវទេសចរ និងជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើងថែមទៀត។
ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តមថ្លែងគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ហើយថា អាកាសចរស៊ីវិលកម្ពុជានឹងជួយសម្រួលបែបបទ និងបច្ចេកទេសនានា ធ្វើយ៉ាងណាឱ្យមានការហោះហើរត្រង់មកតាមពេលវេលាដែលបានគ្រោងទុក គឺការហោះហើរនឹងចាប់ផ្តើមនៅថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2018 ដោយប្រើយន្តហោះប្រភេទ Airbus 320 ហោះហើរ 3ជើងក្នុងមួយសប្តាហ៍។
ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការហោះហើរត្រង់រវាងរដ្ឋធានីប៉េកាំង និងរាជធានីភ្នំពេញនេះ នឹងជំរុញនូវចំណងមិត្តភាពប្រទេសទាំង2 ឱ្យកាន់តែជិតស្និទ្ធ កំណើនអ្នកដំណើរតាមផ្លូវអាកាសកាន់តែច្រើនឡើង និងមានការផ្លាស់ប្តូរពាណិជ្ចកម្មរវាងប្រទេសទាំង2កាន់តែល្អប្រសើរឡើងមួយកម្រិតទៀត។
ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលមានប្រសាសន៍ថា កម្ពុជាមិនមានច្បាប់ ឬគោលនយោបាយហាមឃាត់ប្រទេសណាមួយ មិនឱ្យហោះហើរត្រង់ទៅ-មកនោះទេ គឺអាស្រ័យទៅលើកិច្ចព្រមព្រៀងសេវាកម្មរវាងប្រទេសទាំង2 ពិសេសតម្រូវការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
លោកមានប្រសាសន៍ថា មកទល់បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន11 ហើយ ដែលហោះហើរត្រង់ទៅ-មកជាមួយប្រទេសកម្ពុជា ខណៈកម្ពុជាមានជើងហោះហើររបស់ក្រុមហ៊ុនតែ4 ប៉ុណ្ណោះដែលហោះត្រង់ទៅកាន់ប្រទេសចិន។ កត្តាដែលកម្ពុជាមានជើងហោះហើរតិចជាងចិននេះ ដោយសារតែកម្ពុជាមានទីផ្សារបើកចំហ ប្រសិនបើក្រុមហ៊ុនបរទេសចង់ហោះត្រង់មកកម្ពុជា យើងមានឯកសារ និងបំពេញគ្រប់លក្ខខណ្ឌតាមតម្រូវការច្បាប់របស់កម្ពុជា ហើយនៅមានទីកន្លែងទំនេរ ដែលអាចហោះហើរត្រង់ទៅ-មកតែម្តង ចំណែកឯភាគីចិនវិញ គេមានភាពតឹងរ៉ឹង ដោយតម្រូវឱ្យចំពោះតែក្រុមហ៊ុនអាកាសចរណ៍ណាដែលមានភាពចាស់ទុំ មានន័យថា ធ្លាប់ហោះហើរលើសពី1,000ជើងឡើងទៅ ទើបអាចស្នើសុំការហោះត្រង់ទៅកាន់ប្រទេសចិនបាន តែបើសិនជាព្រលានយន្តហោះនោះ មិនមានទីកន្លែងទំនេរ ក៏មិនអាចហោះត្រង់ទៅបានដែរ។
គួរបញ្ជាក់ថា មកទល់បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន 42ក្រុមហ៊ុនហើយដែលហោះហើរត្រង់មកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលការបើកដំណើរការហោះហើរកាន់តែច្រើននេះ នឹងធ្វើឱ្យសេវាកម្មដឹកជញ្ជូនផ្លូវអាកាសនេះកាន់តែប្រសើរឡើង និងបំពេញបានតាមតម្រូវការអតិថិជន ឯអតិថិជនក៏មានជម្រើសច្រើនក្នុងការសម្រេចចិត្តប្រើប្រាស់សេវាកម្មហោះហើរក្រុមហ៊ុនណាមួយផងដែរ។
ការស្នើសុំហោះហើរត្រង់មកកាន់កម្ពុជា របស់ក្រុមហ៊ុន Air China នេះធ្វើឡើងនៅពេលដែលគេមើលឃើញថា ភ្ញៀវទេសចរចិនបានធ្វើដំណើរមកកាន់កម្ពុជាមានចំនួនកាន់តែច្រើនឡើងៗនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាចំនួនមួយដែលនាំមុខគេក្នុងចំណោមភ្ញៀវទេសចរដទៃទៀតដែលបានមកទស្សនាប្រទេសកម្ពុជា។ តាមរយៈរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថានៅឆមាសទី1 ឆ្នាំ2018នេះ ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជាមានចំនួន 93ម៉ឺននាក់ ស្មើនឹង31ភាគរយនៃភ្ញៀវទេសចរសរុបខណៈដែលភ្ញៀវវៀតណាមឈរលំដាប់ថ្នាក់លេខ2។
ចំណែកទំហំពាណិជ្ជកម្មកម្ពុជា-ចិន កាលពីឆ្នាំ2017កន្លងទៅ សម្រេចបានមានប្រមាណ 5,800លានដុល្លារអាមេរិក គឺកើនឡើង21.8% បើធៀបនឹងឆ្នាំ2016 ដែលមានត្រឹមតែ 4,760លានដុល្លារ ហើយភាគីទាំង2 បានប្តេជ្ញាបង្កើនពាណិជ្ជកម្មដល់6ពាន់លានដុល្លារ នៅត្រឹមឆ្នាំ2020៕