ពិតជាមានការចាប់អារម្មណ៍ខ្លាំងចំពោះសមត្ថភាពរបស់តារាចម្រៀង Original Song គឺកញ្ញា អេដ ដា ដែលមានភាពជោគជ័យនៅក្នុងវិថីសិល្បៈខ្មែរនាពេលបច្ចុប្បន្ននេះ តែទន្ទឹមនឹងពេលទទួលបានភាពជោគជ័យមួយនេះ នាងក៏ធ្លាប់បង្ហើបប្រាប់ថា នាងធ្លាប់ដួលជាច្រើនលើកច្រើនសា ហើយអ្វីដែលសំខាន់នោះ គឺការជំរុញចិត្ត និងតាំងជំហរក្រោកឈរឡើងវិញសាជាថ្មី។ ជាក់ស្ដែង ជាកម្លាំងជំរុញចិត្តដល់អ្នកស្រឡាញ់វិស័យតែងនិពន្ធបទចម្រៀងថ្មី តារាស្រីរូបនេះបានបង្ហោះលើកទឹកចិត្តយ៉ាងហូរហែនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់នាង។
តារាស្រីរូបនេះបានប្រកាសតាំងជំហររបស់ខ្លួននៅលើបណ្ដាញទំនាក់ទំនងសង្គមថា «ខ្ញុំធ្លាប់ដួល តែខ្ញុំមិនដែលមិនងើបឡើងវិញនោះទេ ហើយខ្ញុំក៏នឹងមិនឈប់ប្រឹងប្រែងដែរ អរគុណគ្រប់យ៉ាង»។ ស្របពេលបង្ហាញភាពជោគជ័យក្នុងវិថីសិល្បៈដែលមានអ្នកគាំទ្រច្រើននេះដែរ អេដ ដា ពិតជាតារាស្រីមួយដួងដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ អាចទាក់ទាញអ្នកគាំទ្រដែលបានលើកសរសើរមិនដាច់ពីមាត់ថា «បងបានព្យាយាមអស់ពីសមត្ថភាពដើម្បីទទួលបាននូវអ្វីដែលបងសុបិនហើយ សម្រាប់ថ្ងៃនេះបងធ្វើបានល្អបំផុត»។
គួររំឭកផងដែរថា កន្លងមកក្នុងការលើកទឹកចិត្តចំពោះអ្នកគាំទ្រ និងបេក្ខជនប្រឡងក្នុងនាមកញ្ញា អេដ ដា ជាគណៈកម្មការមួយរូប ធ្លាប់បាននិយាយថា គ្មានការងារណាស្រួលនោះទេ ទោះបីការងារដែលអង្គុយលើកៅអីខ្ពស់មួយនេះក៏ដោយពេលខ្លះក៏ក្នុងចិត្តមានអារម្មណ៍ក្តុកក្តួលរកថាមិនត្រូវដែរ តែវាក៏ជាបទពិសោធដ៏ល្អមួយ។ នេះជាការចែករំលែកបទពិសោធក្នុងជីវិតទៅកាន់មហាជនដ៏គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ធ្វើឱ្យមានចិត្តក្លាហានហ៊ានក្រោកឈរពុះពារឧបសគ្គ៕