ពេលខ្លះមនុស្សមួយចំនួន ក៏ដូចជាបុរសៗផ្ទាល់បានគិតថា វាហាក់ដូចជារឿងចម្លែកដែលបុរសៗត្រូវប្រើប្រាស់ផលិតផលថែរក្សាសម្រស់ស្បែក។ ទោះយ៉ាងណាសូមចាំថា គំនិតមួយដែលថាត្រូវតែរក្សាភាពស្រស់ស្អាតនោះមិនមែនសម្រាប់តែស្រីៗនោះទេ តែបុរសក៏ត្រូវការស្បែកដែលស្រស់ស្អាតដូចគ្នាដែរ។ មានអីទៅពិបាកគ្រាន់តែអនុវត្តតាមវិធីងាយៗមួយចំនួន នោះអ្នកពិតជាមានអារម្មណ៍ដឹងថា ស្បែកដែលធ្លាប់តែព្រលែងចោល និងស្បែកដែលមានតែការយកចិត្តថែទាំមានភាពខុសគ្នាយ៉ាងណាជាមិនខាន។
ថែរក្សាស្បែកជារឿងសំខាន់ : ជាធម្មតារន្ធញើសបុរសគឺធំជាងនារី នោះមានន័យថា ខ្លាញ់ និងការស្រូបយកក្អែលគឺកាន់តែងាយជាង។ នេះជាមូលហេតុដែលតម្រូវឱ្យបុរសៗទាំងឡាយសម្អាតស្បែករបស់ខ្លួនជារៀងរាល់ថ្ងៃ។ នៅពេលដែលអ្នកជ្រើសរើសផលិតផល ដើម្បីប្រើប្រាស់អ្នកគួរតែយកបែបធម្មជាតិ និងគ្មានក្លិនក្រអូបដូច្នេះអ្នកមិនចាំបាច់ភ័យថានឹងបំភាយក្លិនក្រអូបដូចមនុស្សស្រីនោះទេ។
សម្របខ្លួនប្រើម៉ាសបិទមុខ : ចង់បានមុខស្រស់ស្រាយ ប៉ុន្តែដូចជាមិនដាច់ចិត្តដើរទៅទិញ ព្រោះខ្មាសអ្នកលក់ផងខ្មាសស្រីៗដែលនៅទីនោះផងហើយក៏ដូចជាពិបាករកម៉ាសសម្រាប់បុរសៗទៀតមែនទេ? កុំបារម្ភ អ្នកមិនទាន់អស់ផ្លូវទេនៅមានជម្រើសដ៏ឆ្លាតវៃមួយទៀតគឺម៉ាស់បិទមុខបែបធម្មជាតិ។ ងាយណាស់មិនចាំបាច់ទៅទិញមិនចាំបាច់ទៅហាងនាំតែមានអ្នកឃើញនោះទេ ធ្វើខ្លួនឯងក្នុងបន្ទប់ មើលទូរទស្សន៍បណ្តើរ ស្តាប់ចម្រៀងបណ្តើរក៏បាន ឬគេងលក់តែម្តងក៏មិនអីដែរ។ ឡារ៉ែន ធ្លាប់បានជម្រាបច្រើនមកហើយពីរបៀបធ្វើម៉ាសបិទមុខ តែបើចង់សាកល្បង ទឹកឃ្មុំ ម្សៅតែជប៉ុន និងទឹកយកមកលាយចូលគ្នាយកមកបិទមុខម្តងមើលក៏បានដែរ។ ទុកចោល15នាទី រួចលាងសម្អាតចេញនោះ ធូលីដី និងជាតិកខ្វក់ផ្សេងៗក៏នឹងត្រូវបានសម្អាតចេញពីផ្ទៃមុខរបស់អ្នកយ៉ាងមានប្រសិទ្ធភាពជាមិនខាន។
ខាត់ស្បែកជារឿងដែលត្រូវធ្វើបន្ទាប់ : ស្បែកបុរសត្រូវការការសម្អាតជាខ្លាំង ហើយការដុសខាត់ស្បែកថ្នមៗ នឹងជួយសម្អាតស្បែក និងកម្ចាត់កោសិកាចាស់ៗចេញយ៉ាងល្អ។ ស្ករត្នោតជាមួយនឹងប្រេងល្ង2-3តំណក់ យកមកដុសលើស្បែកថ្នមៗ រួចលាងសម្អាតចេញនោះអ្នកនឹងមានអារម្មណ៍ថាស្បែកមានសំណើមជាងមុន។
កោររោមជារឿងគេចមិនផុត : ការកោររោមគឺជាកត្តាមួយដែលធ្វើឱ្យស្បែករមាស់ ដូច្នេះបន្ទាប់ពីកោររោមមុខរួច អ្នកគួរផ្តល់ជំនួយឱ្យស្បែកមុខ ដោយប្រទាលកន្ទុយក្រពើ ព្រោះវាអាចជួយបង្រួមរន្ធញើសជាងការប្រើផលិតផលដែលផ្សំដោយជាតិអាល់កុលដែលអាចធ្វើឱ្យស្បែកមុខរបស់អ្នកស្ងួត និងងាយដាច់រលាត់។
ហាត់ប្រាណ : មនុស្សឆ្លាតគេមិនដែលបោះបង់ចោលការហាត់ប្រាណនោះទេ ព្រោះគេដឹងច្បាស់ថា វាមានប្រយោជន៍យ៉ាងច្រើន ទាំងផ្នែកសម្រស់ និងសុខភាព៕