Skip to content

កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិបានជាង 1.7លាននាក់ក្នុងរយៈពេល 8ខែ ដើមឆ្នាំ2018 នេះ

រយៈពេល 8ខែដើមឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិជាង 1.7លាននាក់បានទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ដែលនាំចំណូលប្រមាណ 80លានដុល្លារដល់សេដ្ឋកិច្ចកម្ពុជា។ នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍។

ក្នុងរបាយការណ៍បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ2018 ភ្ញៀវទេសចរអន្តរជាតិប្រមាណ 1.7លាននាក់(1,744,704នាក់)បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គកើន​ឡើង8,49%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល 8ខែនៃឆ្នាំនេះគ្រឹះស្ថានអង្គរអាចប្រមូល​ចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានរហូតដល់ជិត 80លានដុល្លារ(78,778,208ដុល្លារ)កើនឡើងប្រមាណ13%(13,79%) ដោយក្នុងនោះភ្ញៀវទេសចរចិនដែលបានទិញសំបុត្រចូលទស្សនាច្រើនជាងគេឈរនៅ​លេខរៀងទី1។

របាយការណ៍​ដដែលបានបញ្ជាក់​ថា សម្រាប់​តែ​សីហា​ឆ្នាំនេះ មាន​ភ្ញៀវទេសចរ​ជាង​ 201,865​នាក់បានទិញ​ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ ធ្វើឱ្យទទួលបាន​ចំណូល​ជាង ​9,113,3040​ដុល្លារ និង​បាន​បរិច្ចាគ​ចំនួន​ជាង ​4​សែន​ដុល្លារចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​បើ​ក្នុង​រយៈពេល ​8​ខែ​ដើមឆ្នាំ​នេះ​វិញ បរិច្ចាគបានប្រមាណ​ជាង ​3,,4លាន​ដុល្លារចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​។

ឯកឧត្តម ថោង ខុន រដ្ឋមន្រី្ត ក្រសួងទេសចរណ៍ធ្លាប់បានបញ្ជាក់ថា កំណើននៃភ្ញៀវទេសចរបរទេសមកកម្ពុជាបានផ្ដល់នូវឱកាសវិនិយោគយ៉ាងច្រើនដល់កម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយវិស័យនេះបានចូលរួមចំណែកក្នុងផលទុនជាតិសរុបប្រមាណ​13%។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចណ៍កម្ពុជាបានមានប្រសាសន៍ថា៖ ដើម្បីសម្រេចឱ្យបាននូវគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យកើនដល់ 7លាននាក់នៅឆ្នាំ2020 ក្រសួងបានស្នើឱ្យគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធបន្តចូលរួមអភិរក្ស និងរុករកតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌បន្ថែម ខណៈកម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងគោលដៅទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ពីភ្ញៀវទេសចរអន្តរជាតិក្នុងតំបន់ និងប៉ែកអឺរ៉ុប។

លោកជំទាវបន្ថែមថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរនាពេលនេះ គឺដោយសារភ្ញៀវទេសចរកាន់តែមានទំនុកចិត្តមកលើកញ្ចប់សេវាកម្មទេសចរណ៍របស់កម្ពុជា ស្របពេលដែលក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍របស់កម្ពុជា។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ហើយសម្រាប់គោលដៅទៅមុខ 5ឆ្នាំបន្តនោះ ក្រសួងនឹងបន្តទាក់ទាញភ្ញៀវទេសចរមកកម្ពុជា ឱ្យកើនដល់ 15លាននាក់នៅឆ្នាំ2030៕

 

Leave a Reply

Your email address will not be published. Required fields are marked *