នៅពេលថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលគេមើលឃើញថា មានគណនីហ្វេសប៊ុកមួយ បានទម្លាយសារយ៉ាងវែងអន្លាយរៀបរាប់ថា បុរសម្នាក់រស់នៅស្រុកបារាំង បានសម្រេចចិត្តបោះបង់គ្រួសារ ព្រោះតែតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា និងធ្វើឱ្យកូនស្រី និងប្រពន្ធរបស់ខ្លួន មានសេចក្ដីឈឺចាប់យ៉ាងខ្លាំង។ ដូចដែរដឹងថា តារាចម្រៀងស្រីរូបនេះ មិនទាន់រលត់រឿងរ៉ាវពាក់ព័ន្ធជាមួយឆាកនយោបាយផងនោះ ស្រាប់តែមានរឿងស្រូវថ្មីមួយផ្សេងទៀតផ្ទួនៗតែម្ដង។ យ៉ាងណា នៅមិនទាន់ដឹងថា តើការចោទប្រកាន់នេះជារឿងពិត ឬយ៉ាងណានោះទេ ខណៈដែលមិនទាន់មានការឆ្លើយតបពីអ្នកនាង ម៉េង កែវពេជ្ជតា។
សារដែលបានបង្ហោះជាខេមរភាសានោះ មានខ្លឹមសារថា«ក្តៅៗ មេង ពេជ្ជតា លួចប្តីគេនៅបារាំង! ក្នុងលិខិតខាងក្រោមនេះ ក្មេងស្រីម្នាក់រៀបរាប់ អំពីការឈឺចាប់របស់នាង និងម្តាយនាង ទាក់ទងនឹងរឿងឪពុករបស់នាង លែងលះជាមួយម្តាយនាងដោយ ម៉េង កែវពេជ្ជតា បានទាក់ទងសាហាយស្មន់បង្វក់ឪពុករបស់នាង ឱ្យលែងលះជាមួយម្តាយរបស់នាង អំឡុង ម៉េង កែវពេជ្ជតា មកច្រៀងនៅបារាំង ឆ្នាំ2009 និង 2011 នាង និងម្តាយទើបតែដឹងរឿងសាហាយស្មន់នេះ ឆ្នាំ2015។ គោលបំណង ម៉េង ពេជ្ជតា មកបារាំង ឆ្នាំ2018 គឺមកនៅប្រទេសបារាំងជាមួយឪពុកនាង រូបថតផ្ទះ ម៉េង ពេជ្ជតា បង្ហះក្នុងបណ្តាញសង្គមជាផ្ទះរបស់នាង ហើយនៅជិតផ្ទះរបស់ក្មេងស្រី ធ្វើឱ្យនាង និងម្តាយនាងរឹតតែឈឺចុកចាប់។ ទោះជាយ៉ាងណាក្មេងស្រី បានយំរៀបរាប់ថា ទោះឪពុកនាងមានកំហុសយ៉ាងណាក៍ដោយនាងនិងម្តាយនាងនៅតែស្រឡាញ់ឪពុករបស់នាងខ្លាំងណាស់ នាង និងម្តាយនាងនៅតែមានសង្ឃឹមរងចាំទទួលឪពុកនាងត្រឡប់មករកម្តាយនាងនិងនាងជានិច្ច។ សរុបសេចក្តី មេងពេជ្ជតា យកប្តីគេនៅបារាំង»។
គួបញ្ជាក់ដែរថា ការបង្ហោះនេះ គឺស្របនឹងដំណើររបស់អ្នកនាងទើបតែបានដល់ទឹកដីបារាំងកាលពីចុងខែសីហា ដោយក្នុងពេលនេះអ្នកនាងកំពុងនាំកូនដើរកម្សាន្តយ៉ាងសប្បាយរីករាយនៅក្នុងទីក្រុងប៉ារីស។ អ្នកនាងម៉េង កែវពេជ្ជតា មិនទាន់ឃើញបញ្ចេញប្រតិកម្មនឹងការបង្ហោះនេះនៅឡើយទេ ប៉ុន្តែផ្អែកតាមការបង្ហោះ បានធ្វើអោយប៉ះទង្គិចដល់កេរ្តិ៍ឈ្មោះរបស់អ្នកនាងយ៉ាងខ្លាំង ក្នុងនាមជាតារាចម្រៀងម្នាក់៕