រាជបណ្ឌិត្យសភាកម្ពុជា RAC (Royal Academy of Cambodia) បានចាប់ដៃគូជាមួយអ្នកជំនួញផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកមកពីយូណាននៅភាគខាងត្បូងប្រទេសចិនដើម្បីបង្កើនការលក់ផលិតផលតាមប្រព័ន្ធអ៊ីនធើណិតលើផលិតផលកសិកម្មកម្ពុជា។ នេះបើតាមការឱ្យដឹងតាមរយៈពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង MoU មួយកាលពីពេលថ្មីៗនេះ។
នៅក្នុងកិច្ចប្រជុំជាមួយលោក Yimin Yu មកពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិករបស់តំបន់យូណាន ទីក្រុងគុនមីងនៃសាធារណរដ្ឋប្រជាមានិតចិន និងបណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា RAC បានយល់ព្រមធ្វើការរួមគ្នាដើម្បីបង្កើតទីផ្សារអនឡាញសម្រាប់ទំនិញកសិកម្មកម្ពុជាក្នុងចំណោមគម្រោងដទៃទៀត ហើយក៏បានព្រមព្រៀងសហការគ្នាដើម្បីប្រមូលទិន្នន័យស្តីពីទំនិញកសិកម្មកម្ពុជា និងបង្កើតគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកជាភាសាខ្មែរ និងចិនដើម្បីជំរុញការទិញទំនិញតាមអ៊ីនធើណិតដោយផ្ទាល់។
នៅក្នុងជំនួបនេះ ភាគីទាំង2 ក៏បានពិភាក្សាអំពីលទ្ធភាពនៃការនាំផលិតផលកសិកម្មពីទីជនបទរបស់ប្រទេសកម្ពុជាទៅលក់នៅក្នុងប្រទេសចិន ហើយរំពឹងថាស្ថាប័នទាំង2 អាចបំពេញការងារជាមួយគ្នាក្រោយពីការចុះអនុស្សរណៈនៃការយោគយល់នេះរួច។ កិច្ចសហប្រតិបត្តិការនេះក៏គ្រោងនឹងបង្កើតប្រព័ន្ធផ្ទុកព័ត៌មានសម្រាប់ផលិតផលកសិកម្មកម្ពុជា ហើយនឹងសាងសង់ឃ្លាំងនៅក្នុងកំពង់ផែក្រុងព្រះសីហនុ និងទីតាំងផ្សេងៗទៀត។
គោលបំណងនៃជំនួបរវាងស្ថាប័នទាំង2 គឺ៖
– កិច្ចសហប្រតិបត្តិការលើទម្រង់នៃគម្រោងជំនួយនៃថវិកាសហប្រតិបត្តិការសម្រាប់ប្រទេស LDC ៖ ផ្តោតលើការផលិតដែលធានាគុណភាពដោយពឹងផ្អែកទម្រង់ពាណិជ្ជកម្មក្នុងទីជនបទរបស់ប្រទេសកម្ពុជា
– កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវពាណិជ្ជកម្មការបោះពុម្ព និងបង្កើនការគាំទ្រចំពោះកម្មវិធីបណ្តុះបណ្តាល និងការផ្លាស់ប្តូរអ្នកសិក្សាស្រាវជ្រាវ។
ឯកឧត្តម ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានគាំទ្រគម្រោងនេះ។ លោកបានមានប្រសាសន៍ថា ដោយសារកិច្ចសហការនេះ វានឹងជំរុញការធានាគុណភាពសម្រាប់ផលិតផលកសិកម្មចម្បងរបស់កម្ពុជា។ «ខ្ញុំគិតថា ភាពជាដៃគូនឹងមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការលក់ផលិតផលរបស់យើងនៅបរទេស»។
ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាបានកើនលើស 21ពាន់លានដុល្លារ ដោយប្រទេសចិនបានកសាងផ្លូវជិត 3,000គីឡូម៉ែត្រ និងស្ពាន7 នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឆមាសទីមួយនៃឆ្នាំ2018 ការវិនិយោគរបស់ចិនស្មើនឹងជាង 5ពាន់លានដុល្លារ៕