បើទោះជាបច្ចុប្បន្នមានការលើកឡើងថា ទីផ្សារវិស័យអចលនទ្រព្យនៅកម្ពុជាហាក់មានសកម្ម ភាពយឺតយ៉ាវក្នុងការលក់ ក៏វាមិនបានប៉ះពាល់ដល់ការអភិវឌ្ឍលើវិស័យសំណង់ដែរ ពោលគឺការអភិវឌ្ឍសំណង់នៅតែមានកំណើនជាបន្ដបន្ទាប់។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ក្នុងរយៈពេល 04ខែដើមឆ្នាំ2017 នេះទាំងសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត បានផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួន 1020 គម្រោងដែលមានផ្ទៃក្រឡាសំណង់សរុបចំនួន 5. 605.007ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន 4.022.658.043 ដុល្លារសហរដ្ឋអាមេរិក បើប្រៀបធៀបទុនវិនិយោគក្នុងរយៈពេលដូចគ្នានេះនឹងឆ្នាំ 2016 ដែលមានចំនួន 712 គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន5.931.489 ម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មាន 2. 805.780.217 ដុល្លារសហរដ្ឋអាមេរិក គឺមានការកើនឡើងប្រមាណ 43.37%។
គិតចាប់ពីឆ្នាំ2000 ដល់ 04ខែដំបូងនៃឆ្នាំ2017 ការបោះទុនវិនិយោគរបស់វិស័យឯកជនមកពីបរទេសមានចំនួន 18ប្រទេសមានចំនួន 304គម្រោង មានផ្ទៃក្រឡាសំណង់សរុប 13.238.170ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគសាងសង់ 4.539.600.961ដុល្លារសហរដ្ឋអាមេរិក។
ពាក់ព័ន្ធនឹងការចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់គិតមកទល់រយៈពេល 04ខែ ឆ្នាំ2017 ក្រសួងបានចុះបញ្ជីក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាពចំនួន 1011ក្រុមហ៊ុន ក្នុងនោះ៖ (1)-ក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន 41 និង (2)- ក្រុមហ៊ុនសាងសង់ មានចំនួន 970។ រូបវន្តបុគ្គលសិក្សាគម្រោងបុ្លង់នៅមានសុពលភាពចំនួន115រូប ក្នុងនោះមានស្ថាបត្យករ 80រូប វិស្វករចំនួន 35រូប៕