គណៈប្រតិភូនៃតំបន់ស្វយ័តនៅខេត្ត Guangxi Zhaung ប្រទេសចិន ដឹកនាំដោយ ឯកឧត្តម Ding Xiangqun អនុប្រធាននៃរដ្ឋាភិបាលរបស់តំបន់ស្វយ័តនៃខេត្ត Guangxi Zhaungបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី27 ដល់ថ្ងៃទី30 ខែសីហា ឆ្នាំ2018។ ការបំពេញទស្សនកិច្ចក្នុងពេលកន្លងមកនេះ ក្នុងគោលបំណងលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសកម្ពុជា និងខេត្ត Guangxi Zhaung នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបជាមួយប្រតិភូចិន ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានបង្ហាញពីស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង2។ នៅប្រទេសកម្ពុជាវិនិយោគិនចិនជាច្រើនបានមកវិនិយោគលើវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យកាត់ដេរ សំណង់ កសិកម្ម ក៏ដូចជាវិស័យធនាគារ និងហិរញ្ញវត្ថុដែលសព្វថ្ងៃមានធនាគារចិនចំនួន2 កំពុងធ្វើប្រតិបត្តិការនៅប្រទេសកម្ពុជា គឺធនាគារ អាយ ស៊ី ប៊ី ស៊ី និងធនាគារចិនសាខាភ្នំពេញ។
ឯកឧត្តម Ding Xiangqun អនុប្រធាននៃរដ្ឋាភិបាលរបស់តំបន់ស្វយ័តនៃខេត្ត Guangxi Zhaung ក៏បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ ការវិនិយោគរបស់វិនិយោគិនចិននៅប្រទេសកម្ពុជា ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរទាំងទំហំ និងប្រតិបត្តិការ។ បើគិតត្រឹមឆ្នាំ2017 ការនាំចេញពីខេត្ត GuangXiZhaung មកកម្ពុជា មានប្រមាណ 69,3លានដុល្លារអាមេរិក ហើយមានសហគ្រាសធំៗចំនួន28 បានមកវិនិយោគនៅប្រទេសកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណ 1ប៊ីលានដុល្លារអាមេរិក។
រីឯប្រតិបត្តិការឆ្លងដែនរវាងប្រាក់រៀល និងប្រាក់យន់ក៏មានការអភិវឌ្ឍរីកចម្រើនផងដែរ បន្ទាប់ពីបានសម្ពោធដាក់ឱ្យដំណើរការដោះដូររវាងប្រាក់រៀល និងប្រាក់យន់ក្នុងទីផ្សារអន្តរធនាគារនៅតំបន់ស្វយ័ត Guangxi Zhaung ប្រទេសចិនកាលពីខែកញ្ញា ឆ្នាំ2017កន្លងមក។ ដោយសារខេត្ត GuangXiZhaung ជាចំណុចកណ្តាលសម្រាប់តភ្ជាប់រវាងប្រទេសចិន និងប្រទេសតំបន់អាស៊ាន រដ្ឋបាលតំបន់ស្វយ័តនៃខេត្តនេះបាន និងកំពុងដើរតួនាទីស្នូលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងតំបន់អាស៊ាន។
នៅក្នុងជំនួបនេះ ឯកឧត្តម Ding Xiangqun បានសំណូមពរបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែប្រសើរឡើងស្របតាមយុទ្ធសាស្ត្រ ខ្សែក្រវាត់មួយ-ផ្លូវមួយ៕