ក្រោយពីចាញ់ក្រុម Cambodian All Star ក្នុងព្រឹត្តិការណ៍ប្រកួតមិត្តភាពកាលពីឆ្នាំ២០១៦នោះ កំពូលក្លិបបាល់ទាត់របស់លីកថៃ SCG Muangthong United នឹងធ្វើដំណើរមកប្រកួតសងសឹកជាមួយក្រុម Cambodian All Star ក្នុងព្រឹត្តិការណ៍ Asean Tour នាថ្ងៃទី២ ខែកក្កដា ខាងមុខនេះ។
នេះជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពដ៍ធំមួយដែលមានអ្នកគាំទ្ររហូតដល់ជាង៥ម៉ឺននាក់ដែលមានទាំងជាតិ និងអន្តរជាតិ។ ជំនួបកាលពីឆ្នាំ២០១៦ ក្រុមSCG Muangthong បានចាញ់ក្រុមម្ចាស់ផ្ទះ K Cement Cambodain All Star ក្នុងពិន្ទុ ៤-៣។
ប្រធានក្លិប SCG Muangthong លោក Ronnarit Suewaja បាននិយាយថា៖ «កាលពីឆ្នាំមុន យើងបានចាញ់ក្រុម Cambodian All Star ៤-៣ ប៉ុន្តែលើកនេះយើងសង្ឃឹមថា យើងនឹងអាចឈ្នះវិញ ព្រោះយើងត្រៀមខ្លួនបានច្រើន និងជ្រើសរើសបានកីឡាករល្អៗដើម្បីប្រកួតផ្លាស់ប្តូរបទពិសោធជាមួយក្រុមកម្ពុជា ហើយក្រៅពីនេះយើងក៏នឹងចូលរួមបង្ហាត់បង្ហាញពីរបៀបលេងបាល់ទាត់ដល់ក្រុមយុវជនកម្ពុជាផងដែរ ដែលនេះវាជាផ្នែកមួយដែលបានជួយលើកស្ទួយវិស័យបាល់ទាត់នៅកម្ពុជាផងដែរ»។
គ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Leonardo Vitorino បានថ្លែងថា៖ «ខ្ញុំមានមោទនភាពដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជ្រើសរើសខ្ញុំឲ្យដឹកនាំក្រុម Cambodian All Star ខណៈរូបខ្ញុំទើបតែចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជាបានប្រហែល៣ខែនោះ។ ខ្ញុំធ្លាប់មានបទពិសោធដឹកនាំក្រុមឡាវយកឈ្នះក្រុម Burriram Unitedរបស់ថៃបានម្តងកាលពីដើមឆ្នាំនេះ ចំណែកលើកនេះខ្ញុំនឹងជ្រើសរើសកីឡាករកម្ពុជាដែលមានបទពិសោធដើម្បីប្រកួតជាមួយSCG Muangthongឲ្យអស់ពីលទ្ធភាព និងធ្វើឲ្យការប្រកួតនេះទទួលបានជោគជ័យ»។
ជាមួយគ្នានេះផងដែរខ្សែប្រយុទ្ធរបស់កម្ពុជា លោកប្រាក់ មុន្នីឧត្ថម បាននិយាយថា៖ «ការប្រកួតមួយនេះ នឹងធ្វើឲ្យប្រទេសទាំង ២ កាន់តែមានភាពស្និទ្ធស្នាលនឹងគ្នា ហើយការប្រកួតនេះក៏ដើម្បីស្វះស្វែងរកថវិកាជួយដល់ក្មេងៗនៅតាមសាលាផ្សេងៗនៅកម្ពុជាផងដែរ។ កាលពីឆ្នាំមុនយើងបានឈ្នះ ហើយការត្រៀមជួបគ្នាជាលើកទី២នេះ យើងនឹងមានបទពិសោធថ្មីជាមួយគ្រូបង្វឹកថ្មីរបស់យើងដើម្បីរក្សាជ័យជម្នះរបស់យើង»៕