យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នាថ្មីៗនេះបានឱ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីបានហាមឃាត់ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់កំពូលរបស់ចិន Huawei ក្នុងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអីុនធើណិត 5G នៅក្នុងប្រទេសរបស់ខ្លួន ដោយសារតែរដ្ឋាភិបាលមានក្ដីព្រួយបារម្ភទៅលើសន្ដិសុខជាតិ។
Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយដែលបានវាយលុកទៅលើទីផ្សារបច្ចេកវិទ្យា Wirelessនៅលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ ជា-ពិសេសគឺនៅលើទឹកដីនៃប្រទេសអូស្ត្រាលី គឺមានរយៈពេល 15ឆ្នាំមកហើយ ប៉ុន្តែនៅពេលនេះបែរជាត្រូវបានរដ្ឋាភិបាលអូស្ត្រាលីហាមឃាត់ទៅវិញ ដែលបណ្ដាលឱ្យ Huawei ត្រូវជួបនឹងវិបត្តិមួយដ៏ធ្ងន់ធ្ងរ។
ជាមួយគ្នានោះផងដែរ សារព័ត៌មាន Reuters ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន ZTE ក៏ត្រូវរដ្ឋាភិបាលអូស្រ្តាលីព្រួយបារម្ភពីផ្នែកសន្តិសុខជាតិដូចគ្នា។
បន្ទាប់ពីមានសេចក្ដីប្រកាសហាមឃាត់ការដាក់ដំណើរការប្រព័ន្ធអីុនធើណិត 5G នៅក្នុងប្រទេសអូស្ត្រាលី ក្រុមហ៊ុន Huawei បានចេញសារខកចិត្តមួយនៅលើបណ្ដាញសង្គម Twitter ដោយបានបញ្ជាក់ថា៖ “វាគឺជាការខកចិត្តដ៏ធំបំផុតមួយសម្រាប់អតិថិជនរបស់យើង (អ្នកប្រើប្រាស់ Huawei នៅក្នុងប្រទេសអូស្ត្រាលី)”។ ស្របពេលដែល 5G ជាប្រព័ន្ធអីុនធើណិតចល័តជំនាន់ថ្មី និងចុងក្រោយ ដែលអាចផ្តល់ល្បឿន Download និង Upload កាន់តែអស្ចារ្យ និងប្រសើរជាងមុន។
គួរបញ្ជាក់ផងដែរថា ប្រទេសជាច្រើននៅក្នុងសកលលោក កំពុងត្រៀមខ្លួនដាក់ដំណើរការ 5G នៅមុនឆ្នាំ2020 ខណៈដែល Huawei ក្រុមហ៊ុនផលិតបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់សេវាកម្មនេះ ជាពិសេសគឺនៅពេលនេះ Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី2 នៅលើពិភពលោកបន្ទាប់ពី Samsung៕