ជាមួយនឹងការទទួលស្គាល់ជុំវិញបញ្ហាយឺតយ៉ាវលុយកាក់ជាមួយតារាសម្ដែង លោកអ៊ិន សុភិន ដែលទទួលព្យុះភ្លៀងក្នុងនាមជាម្ចាស់ផលិតកម្មមហាហង្ស និងជាអនុប្រធានសមាគមភាពយន្តកម្ពុជា បានក៏បានចេញមុខអំពាវនាវឱ្យតារាសិល្បៈគិតគូឡើងវិញ ជុំវិញជម្លោះរឿងរ៉ាវដែលបានកើតឡើង ដោយលោកបញ្ជាក់ថានោះជាទង្វើសម្លាប់ទំនុកចិត្ត និងតម្លៃសិល្បៈរបស់ខ្លួនដែលគួរឱ្យតែផ្លាស់ប្ដូរផងដែរ។ លោកទទូចឱ្យតារាដែលជាមនុស្សមហាជនប្រើច្បាប់ដោះស្រាយគ្នា និងយកតុមូលធ្វើជាប្រធានបទ ដើម្បីកុំឱ្យមហាជនច្រើនឡើងៗ មាក់ងាយអ្នកសិល្បៈ និងធ្វើឱ្យប៉ះពាល់ដល់តម្លៃភាពយន្តដែលស្ថិតក្នុងការធ្លាក់ចុះនាពេលចុងក្រោយ។
លោកបានថ្លែងនៅលើហ្វេសប៊ុកជាសាធារណៈថា «នៅប្រទេសកម្ពុជាយើងមានច្បាប់ត្រឹមត្រូវដូចប្រទេសដទៃដែរ ហើយក្នុងការធ្វើអ្វីមួយពាក់ពន្ធ័នឹងពាណិជ្ជកម្មតែងតែមានកុងត្រា ឬកិច្ចសន្យាច្បាស់លាស់ជាមួយគ្នា។ ប្រសិនបើភាគីណាមួយរំលោភលើកិច្ចសន្យា ភាគីដែលត្រូវគេរំលោភលើសេចក្ដីទុកចិត្តអាចរកច្បាប់ឱ្យជួយការពារបាន។ តែពេលនេះក្នុងសង្គមសិល្បៈមានតែរឿង Post (បង្ហោះ)ហែកហួរគ្នាតាម Facebook ដោយមិនយកតាមកិច្ចសន្យាធ្វើឱ្យមហាជនមានការរិះគន់ មកលើវិសយ័សិល្បៈយ៉ាងខ្លាំង នឹងនាំឱ្យបាត់បង់ការគាំទ្រថែមទៀត។ ក្នុងនាមខ្ញុំជាអនុប្រធានសមាគមភាពយន្តកម្ពុជា សូមសំណូមពរមេត្តាដោះស្រាយជំលោះគ្នាដោយសន្តិវិធី និងដោយតាមប្រពន្ធ័ច្បាប់ទើបល្អ ដើម្បីកុំឱ្យមិនប៉ះពាល់ដល់មុខមាត់ស្ថាបនសិល្បៈ។ សូមកុំចង់ចាញ់ឈ្នះគ្នាក្រៅច្បាប់អី ករណីក្រុមហ៊ុនមហាហង្សរបស់ខ្ញុំដូចគ្នា បើរំលោភលើកិច្ចសន្យាសូមមេត្តារត់ទៅរកច្បាប់ចុះ បើក្រុមហ៊ុនធ្វើខុសខ្ញុំនឹងប្រឈមមុខច្បាប់ជាធរមាន សូមអរគុណដោយក្ដីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ»។
លោកអះអាងថា តារាសម្ដែងច្រើនណាស់មិនមែនត្រឹមតែលោកហង្ស សម្បើមស័ក្ដនោះទេ ដែលខាងផលិតកម្មរបស់លោកឈានដល់ការប្ដឹងផ្ដល់ដល់មេធាវី ដើម្បីឱ្យតារាទាំងនោះផ្ដល់ពេលវេលាមកសម្ដែងឱ្យចប់សាច់រឿង បន្ទាប់ពីតារាទាំងនោះក្រឡុកពេលវេលាផលិតករ ហើយធ្វើឱ្យការផលិតប្រឈមនឹងបញ្ហាផលិតភាពយន្តមិនទាន់សម្រាប់រោងកុន និងសម្រាប់ដាក់លើទូរទស្សន៍ តែលោកមិនដែលបើកបង្ហាញឯកសារបណ្ដឹងនោះមុនពេលមានការវាយប្រហារពីសំណាក់លោក ហង្ស សម្បើមស័ក្ដ នោះទេ ដោយសារតែលោកយល់ថាជម្លោះតារាៗ ក៏ដូចជាផលិតករបើបែកទៅក្រៅ នឹងមានអ្នកមើលងាយតារាខ្មែរខ្លាំងឡើង។ លោកថានៅពេលតារាសិល្បៈសំបូរជម្លោះកើតឡើង អ្នកគាំទ្រមួយចំនួននឹងមានគំនិតស្អប់ដល់ស្នាដៃសិល្បៈរបស់ជាតិឯង ជាពិសេសគឺស្អប់ដល់ភាពយន្តខ្លួនឯងតែម្ដង ព្រោះតែមិនចង់គាំទ្រតារាខ្មែរ និងស្នាដៃខ្លួនឯង ទាំងនោះហើយដែលលោកយល់ថាជាការប៉ះពាល់ ហើយបើភាពយន្តខ្មែរកាន់តែបាត់ទំនុកចិត្ត ផលិតករសម្រេចចិត្តបិទទ្វារព្រោះតែរឿងឈឺក្បាលនឹងតួសម្ដែងផង គឺតារាសម្ដែងនោះទេ ដែលមានបញ្ហា។ លោកនិយាយថាអ្វីៗសុទ្ធតែមានកុងត្រា ចុះហេតុអ្វីតារាដែលមានបញ្ហាចាំបាច់បង្ហោះ ចាំបាច់បង្កជម្លោះ មិនយកច្បាប់មកប្រើ? ជាមួយគ្នានោះ លោកក៏បានបង្ហើបថា ហេតុផលដែលផលិតកម្មរបស់លោកយឺតយ៉ាវលុយតួ មិនមែនជាកំហុសរបស់ខ្លួននោះទេ ប៉ុន្តែបណ្ដាលមកពីមហាហង្សផលិតក្នុងមួយឆ្នាំៗច្រើនរឿង ហើយបណ្ដាទូរទស្សន៍មួយចំនួនក៏យឺតយ៉ាវលុយកាក់យូរៗដូចគ្នាប៉ុណ្ណោះ។ យ៉ាងណាមិញ លោកថាខ្លួនពិបាកលុយជាមួយក្រុមការងារ និងតួសម្ដែង តែសម្រាប់បុគ្គលណាដែលក្រឡុកម៉ោងពេល និងបង្កការលំបាកប៉ុណ្ណោះ។
មិនខុសគ្នាដែរ គេឃើញបណ្ដាផលិតករ និងតារារៀមច្បងកាន់តែបានទទូចអោយតារាសិល្បៈ ជាពិសេសគឺតារាជំនាន់ក្រោយ ចេះលើកបញ្ហាយកមកដាក់តុមូល ដោយកុំអាងអីចុះផ្សាយ ឬបង្ហោះហែកហួរ ដែលករណីទាំងនោះសុទ្ធតែធ្វើអោយវិស័យភាពយន្តខ្មែរ និងវិស័យសិល្បៈបាត់បង់ទំនុកចិត្ត ដែលទង្វើបែបនេះ មិនមែនស្លាប់តែក្រុមផលិតករដែលតារាៗបញ្ចេញសាច់ដុំដាក់តែម្នាក់ទេ ប៉ុន្តែគឺជាការជះឥទ្ធិពលកាន់តែខ្លាំងធ្វើឱ្យមហាជនលែងចង់គាំទ្រសិល្បៈរបស់ខ្លួន ហើយអ្នកដួលសន្លប់មុនគេ គឺវិស័យភាពយន្ត ដែលខ្សោយការគាំទ្រច្រើនទៅៗនាពេលនេះ៕