ផ្ទៃមុខស្រស់ស្អាតតែម្យ៉ាងមិនគ្រប់គ្រាន់ទេតែស្បែកក៏ត្រូវតែស្អាតដូចគ្នាដែរ ហើយមានវិធីច្រើនណាស់ ដើម្បីឱ្យស្បែកស្អាត ដែលក្នុងនោះមានទាំងការថែសម្រស់តាមរយៈការប្រើប្រាស់ផលិតផល ការជំនួយស្បែកតាមបែបធម្មជាតិដូចជា ការខាត់ ឬការទទួលទានជាដើម។ លេខនេះ ឡារ៉ែន សូមណែនាំអ្នកឱ្យងាកមកថែរក្សាសម្រស់តាមរយៈការដាក់បញ្ចូលវីតាមីនវិញម្តងហើយវីតាមីនទាំង7មុខនោះមានដូចជា៖
1. វីតាមីន A : និយាយដល់វីតាមីន A ធ្វើឱ្យគិតដល់ភាពភ្លឺថ្លានៃភ្នែក ប៉ុន្តែអ្នកដឹងទេថាក្រៅពីភ្នែកហើយនោះវាក៏ជួយថែរក្សាស្បែកផងដែរ។ បើអ្នកជាមនុស្សម្នាក់ក្នុងចំណោមអ្នកផ្សេងទៀតដែលមានស្បែកស្ងួតនោះ វីតាមីន A ពិតជាក្លាយជាមិត្តដែលយល់ចិត្តអ្នកបំផុតក្នុងការជួយកម្ចាត់សភាពស្បែកស្ងួត ជួយស្តារ និងជួសជុលជាលិកាស្បែកធ្វើឱ្យស្បែករលោងមានសំណើម និងស្រស់ស្រាយ។
2. វីតាមីន B Complex : មិនថាវាជា វីតាមីន B1, B2, B3, B5, B6, B7, B9, ឬជា B12 នោះទេគឺសុទ្ធតែមានគុណប្រយោជន៍សម្រាប់សម្រស់ និងសុខភាពរបស់យើងគ្រប់គ្នា។ ស្បែក សក់ ក្រចក ឈាម ភ្នែក… សុទ្ធតែទទួលបានប្រយោជន៍ជាច្រើនពីវីតាមីនទាំងប៉ុន្មានខាងលើនេះ។ អាហារដែលសម្បូរទៅដោយប្រភពវីតាមីន B ទាំងអស់នេះ ដូចជាបន្លែស្លឹកបៃតង រុក្ខជាតិពពួកសណ្តែក និងគ្រាប់សណ្តែកផ្សេងៗ សាច់សត្វ ត្រី ផលិតផលធ្វើពីទឹកដោះគោ ធញ្ញជាតិ ចេក ស៊ុត ស្រូវ និងស្រូវអូត ហើយវីតាមីន B ប្រភេទខ្លះរាងកាយអាចផលិតបានដោយខ្លួនឯង។
3. វីតាមីន C និង E : មានបញ្ហាស្បែកជ្រួញព្រោះត្រូវកម្តៅថ្ងៃខ្លាំងមែនទេ? អីុចឹង សូមជ្រើសយកវីតាមីន C និង E ចុះ ព្រោះវាមាននាទីជួយកែបញ្ហាស្បែកជ្រីវជ្រួញដែលជាមូលហេតុនាំឱ្យអ្នកចាស់ជាងវ័យ ជួយការពារស្បែកពីកម្តៅថ្ងៃ បន្ថយស្នាមរលាករោលពីកាំរស្មី UVB។
4. វីតាមីន K : សម្រាប់អ្នកដែលមានបញ្ហារង្វង់ភ្នែកខ្មៅ គួរទទួលយកវីតាមីន K មកធ្វើជាគ្រូពេទ្យព្យាបាលព្រោះវាមានចំណែកជួយការពារកុំឱ្យឈាមកកស្ទះ ធ្វើឱ្យអ្នកអាចកាត់បន្ថយស្នាមខ្មៅ និងស្នាមជាំ ប៉ុន្តែមិនចាំបាច់ដាក់បញ្ចូលទៅក្នុងរាងកាយច្រើនពេកនោះទេ ព្រោះការពិតទៅពោះវៀនតូចរបស់អ្នកក៏អាចបង្កើតវីតាមីន K ដោយខ្លួនឯងបាន ដោយអ្នកគ្រាន់តែបន្ថែមត្រឹមតែ100មីក្រូក្រាមក្នុងមួយថ្ងៃ តាមរយៈអាហារពពួកបន្លែស្លឹកបៃតង(ជាពិសេសស្ពៃប្រ៊ូខូលី និងផ្ទី) ប្រេងសណ្តែកសៀង កាហេ្វ សាច់សត្វ ទឹកដោះគោ គឺចាត់ទុកថាគ្រប់គ្រាន់ទៅហើយ។
5. រ៉ែធាតុទង់ដែង និងស័ង្កសី : សម្រាប់អ្នកដែលខ្លាចភាពជ្រីវជ្រួញគួរតែបានទទួលសារធាតុដូចជា ទង់ដែង និងស័ង្កសី។ វាមានចំណែកជួយឱ្យស្បែកតឹងណែន ដោយសារតែសារធាតុទង់ដែងមានចំណែកជួយក្នុងការបង្កើតសរសៃទឹកប្រូតេអីុន ក្នុងពេលដែលសារធាតុស័ង្កសីជួយជួសជុលសរសៃទឹកប្រូតេអីុនដែលសឹករេចរិល កាត់បន្ថយការផលិតជាតិខ្លាញ់ និងកាត់បន្ថយការកើតមុន ជួយពង្រឹងការលូតលាស់របស់កោសិកា និងព្យាបាលមុនទៀតផង។
6. Q10 : ជាខូអង់ហ្ស៊ីមដ៏សំខាន់ក្នុងការធ្វើជាសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរី ឬជួយការពាររ៉ាឌីកាល់សេរីដែលកើតពីកាំរស្មី UV ធ្វើឱ្យស្បែករបស់អ្នកភ្លឺថ្លា បង្អង់ភាពចាស់។ អាហារដែលជាប្រភពQ10នេះគឺ ត្រីសមុទ្រទឹកជ្រៅ ប្រេងសណ្តែក ស៊ុត ត្រីសាឌីន ត្រីស្បៃកាសណ្តែកសៀង សាច់គោ ថ្លើម និងបេះដូង។
7. អាស៊ីដអាល់ហ្វាឡៃប៉ូអុីក : រាប់ថាជាសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរីកម្រិតកំពូលតែម្តង មិនតែប៉ុណ្ណោះថែមទាំងមានចំណែកជួយក្នុងការបង្កើនប្រសិទ្ធភាពដំណើរការរបស់សារធាតុទប់ស្កាត់រ៉ាឌីកាល់សេរីផ្សេងៗដូចជា វីតាមីន C វីតាមីន E គ្លុយតាថៃអូន ឬ Q 10 ប៉ុន្តែគុណសម្បតិ្តរបស់អាស៊ីដអាល់ហ្វាឡៃប៉ូអីុកនោះអាចរលាយបានទាំងក្នុងទឹក និងខ្លាញ់ ហើយថែមទាំងអាចជ្រាបឆ្លងកាត់ភ្នាស់ស្រោមកោសិកាចូលទៅបានជ្រៅដល់កម្រិតជាភាពខុសគ្នាពីសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរីផ្សេងៗ ដែលធ្វើឱ្យអាស៊ីដអាល់ហ្វាឡៃប៉ូអីុកច្រើនតែត្រូវបានគេនាំយកមកប្រើដើម្បីបំពេញជំនួស។ ប្រភពអាហារដែលសម្បូរទៅដោយអាស៊ីដអាល់ហ្វាឡៃប៉ូអីុក មានដូចជា សាច់ក្រហម និងគ្រឿងក្នុង។ ចំណែកក្នុងបន្លែវិញមានខ្លះៗដែរ ប៉ុន្តែមិនច្រើនណាស់ណាទេ ដូចជា ដំឡូងបារាំង ការ៉ុត និងផ្ទីជាដើម។
ចាប់ផ្តើុមងាកមករកវីតាមីនទាំង7មុខនេះពីពេលនេះតទៅ គឺមានន័យថា អ្នកកំពុងជួយឱ្យរូបសម្រស់របស់អ្នកកាន់តែស្រស់ស្អាតឡើងហើយ៕