កម្មវិធីប្រឡងគណិតវិទ្យាអូឡាំព្យ៉ាដយុវជន អន្តរជាតិ (IJOM) ជាកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិដែលធ្វើឡើងជារៀងរាល់ឆ្នាំនៅប្រទេសផ្សេងៗគ្នាក្នុងទ្វីបអាស៊ី។ IJMO ជាកម្មវិធីដែលរៀបចំឡើងដោយ Singapore and Asian School Math Olympiad (SASMO) ក្រោមកិច្ចសហការជាមួយនឹងសហគមន៍គណិតវិទ្យាជាតិនៃប្រទេសនីមួយៗក្នុងតំបន់អាស៊ី ដើម្បីជំរុញលើកទឹកចិត្តយុវជនដែលមានសក្តានុពលផ្នែកគណិតវិទ្យា។
គោលបំណងសំខាន់របស់ IJMO គឺ ផ្តល់ឱ្យសិស្សនៅក្នុងតំបន់អាស៊ីនូវទម្រង់នៃការប្រកួតប្រជែងមួយដែលអាចភ្ជាប់ទំនាក់ទំនង និងធ្វើការប្រកួតជាមួយគ្នាប្រកបដោយភាពថ្លៃថ្នូរ។ វាក៏ជាកម្មវិធីយ៉ាងល្អមួយដើម្បីអនុញ្ញាតឱ្យសិស្សបង្ហាញសមត្ថភាព សក្តានុពល និងទេពកោសល្យផ្នែកគណិតវិទ្យាជាអន្តរជាតិ។
IJMO បានពង្រឹងសមត្ថភាពសិស្សឱ្យមានគំនិតច្បាស់លាស់ ហើយយល់ច្បាស់ពីភាពស៊ីជម្រៅនៃគណិតវិទ្យា តាមរយៈការបង្កើតសំណួរ ឬវិញ្ញាសាឱ្យសិស្សដោះស្រាយដោយប្រុងប្រយ័ត្នធ្វើយ៉ាងណាឱ្យពួកគេកាន់តែមានគំនិតខ្ពស់ជាងមុន។
នៅក្នុងឆ្នាំ ២០១៧ នេះកម្ពុជាបានក្លាយជាម្ចាស់ផ្ទះក្នុងការប្រកួតកម្មវិធីប្រឡងគណិតវិទ្យាអូឡាំព្យ៉ាដយុវជន អន្តរជាតិ (IJMO)។ ការប្រកួតប្រជែងនឹងធ្វើឡើងនៅសាកលវិទ្យាល័យហ្សាម៉ាន់ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ។ សិស្សានុសិស្សអាចដាក់ពាក្យចាប់ពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៧ ។ បណ្តាប្រទេសដែលនឹងចូលរួមក្នុងកម្មវិធីនេះរួមមានសិង្ហបុរី ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង មីយ៉ាន់ម៉ា ម៉ាឡេស៊ី ថៃ ឡាវ ឥណ្ឌា ហ្វីលីពីន ប្រ៊ុយណេ ប៊ុលការី វៀតណាម កម្ពុជា ចិន ម៉ុងហ្គោល អារ៉ាប់អេមីរេត និងហុងកុង៕