កាលពីពេលថ្មីៗនេះអ្នកជំនាញកសិកម្ម បានបង្ហាញថា មេរោគវីរុសម្យ៉ាងដែលមានឈ្មោះថា Cassava mosaic virus កំពុងរាតត្បាតលើដំណាំដំឡូងមីនៅក្នុងខេត្តចំនួន 5 នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។
ឯកឧត្តម ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានមានប្រសាសន៍ថា វីរុសបំផ្លាញដំណាំដំឡូងមី Cassava mosaic virus នេះត្រូវបានរកឃើញថា បានរាតត្បាតជាលើកដំបូងនៅខេត្តរតនគិរីក្នុងឆ្នាំ2015។ បានន័យថា វីរុសនេះបានឆ្លងចូលមកខណៈពេលដែលកម្ពុជាបានពង្រីកផ្ទៃដីដាំដុះដំណាំដំឡូងមី ដោយសារថា ពីមុនៗមកយើងមិនមានការដាំច្រើនដូច្នេះទេ តែឥឡូវនេះយើងធ្វើជាលក្ខណៈទ្រង់ទ្រាយធំ និងដាំយកធ្វើជាវត្ថុធាតុដើមសម្រាប់វិស័យឧស្សហកម្ម។
ដូច្នេះវីរុស Cassava mosaic នេះឆ្លងតាមការនាំចូលដើមពូជដំឡូងមីមកពីប្រទេសជិតខាងដែលតាមការស្រាវជ្រាវ គឺវាកើតមាននៅប្រទេសអាហ្វ្រិក។ ចំណុចខ្វះខាតដែលបណ្ដាលឱ្យមានការឆ្លងរាលដាលនេះ គឺមកពីសមត្ថកិច្ចគយនៅតាមច្រកព្រំដែនលោកមិនមានជំនាញ និងមិនស្គាល់ពីមេរោគចង្រៃនោះ ទើបធ្វើឱ្យការទប់ស្កាត់មិនមានប្រសិទ្ធភាព។ បច្ចុប្បន្នវីរុសចង្រៃនេះបានរីករាលដាលដល់ខេត្តចំនួន5 មានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ និងកំពង់ធំ។ តែយ៉ាងណាក្ដី រហូតមកទល់ពេលនេះ ការឆ្លងរាលដាលមិនទាន់មានសញ្ញាណាមួយបង្ហាញថា វាបានទៅដល់ខេត្តនៅភាគខាងលិចនៃប្រទេសយើងនៅឡើយទេ។
ចំពោះវិធានការរបស់ក្រសួងកសិកម្មវិញ ពីដំបូងក៏មិនសូវមានប្រសិទ្ធភាពប៉ុន្មានដែរ ដោយសារទី1 វីរុសនេះវាឆ្លងតាមដើមពូជ(ដើមនៃចម្ការមួយយកទៅធ្វើពូជនៅចម្ការមួយទៀត)ធ្វើឱ្យរាលដាលបន្ត។ ទី2 វាបានឆ្លងតាមសត្វល្អិតម្យ៉ាងឈ្មោះថា greenhouse whiteflies ជាភ្នាក់ងារចម្លង ធ្វើឱ្យវីរុសនេះឆ្លងរាលដាលបានយ៉ាងឆាប់រហ័ស។ វីរុសនេះបានបង្កឱ្យដើមដំឡូងមានស្លឹកតូចៗ និងមើលឃើញដូចជាសសៃរឹងដុំ។ ផ្អែកតាមឯកសារបរទេស Cassava mosaic virus មានន័យថា មេរោគវីរុសមានពណ៌លឿងពព្លាក់ និងអាចសម្លាប់រុក្ខជាតិបាន។
ឯកឧត្តម ហ៊ាន វណ្ណហន បានថ្លែងថា៖“ក្រសួងបានចេញសេចក្តីថ្លែងការណ៍ អំពីការរាតត្បាត និងការបង្គាប់ថ្មីមួយដែលហាមឃាត់ការផ្លាស់ប្តូរគ្រាប់ និងដើមពូជនៅតាមបណ្តាខេត្តនានាដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ក្រសួងបានចាត់វិធានការដោយបានធ្វើការហាមឃាត់កសិករមិនឱ្យផ្លាស់ប្តូរគ្រាប់ពូជ ឬដឹកជញ្ជូនដើមពូជពីខេត្តមួយទៅខេត្តមួយដែលធ្វើឱ្យខេត្តផ្សេងទៀតរងផលប៉ះពាល់ និងដើម្បីចៀសវាងពីការចម្លងមេរោគ”។
ឯកឧត្តមបញ្ជាក់ថា ប៉ុន្តែតាមការមើលឃើញការដឹកជញ្ជូនទៅមកនៅតែមាន បើយើងនាំកម្លាំងទប់ស្កាត់អាចនាំឱ្យមានបញ្ហាវែងឆ្ងាយពិបាកដោះស្រាយ។ ប៉ុន្តែយើងក៏មិនព្រងើយកន្តើយដែរ ក្រសួងកសិកម្មកំពុងតែស្នើសុំថវិកាពីរដ្ឋាភិបាលដើម្បីអន្តរាគមន៍ និងកម្ទេចចោលនូវដើមដំឡូងមីណាដែលកំពុងមានជំងឺដើម្បីសម្លាប់មេរោគវីរុសដែលមានក្នុងចម្ការ និងដាក់ដាំជំនួសវិញដោយដើមពូជដែលគ្មានវីរុស។ ក្រសួងក៏សង្ឃឹមថា កសិករ និងម្ចាស់ក្រុមហ៊ុននឹងសហការក្នុងកិច្ចការនេះដើម្បីកម្ទេចវីរុសនៅក្នុងចម្ការរបស់ពួកគេ និងយល់ព្រមទទួលយកការប៉ះប៉ូវដើមដំឡូងថ្មីដែលគ្មានជំងឺទៅដាំដុះឡើងវិញ។ ដូច្នេះការងារនេះ ទាល់តែរួមគ្នាទើបយើងអាចទប់ស្កាត់ និងសម្លាប់វីរុសនេះបាន។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ដែលបច្ចុប្បន្នបានចុះកិច្ចសន្យាក្នុងការធ្វើកសិកម្មជាមួយសហគមន៍នៅខេត្តក្រចេះ និងកំពង់ធំបាននិយាយថា ពួកគេបានដាក់ចេញនូវវិធានការនានាដើម្បីការពារការចម្លងរោគនេះ ហើយនៅពេលយើងគោរពតាមបទបញ្ជាទាំងអស់សម្រាប់ការដាំដុះដំឡូងមី យើងនឹងមិនមានជួបបញ្ហាអ្វីទេ។
លោកបាននិយាយថែមទៀតថា លោកមានសហគមន៍ដាំដំឡូងមីចំនួន 10 ក្នុងនោះមាន 650គ្រួសារដែលបានដាំដុះនៅលើផ្ទៃដី 1,700ហិកតា ដែលតាមការសិក្សា យើងរំពឹងថានឹងទទួលបានផល5,000តោន។ ពូជដែលដាំនេះមានភាពធន់នឹងជំងឺ និងបើទទួលបានជោគជ័យ យើងនឹងបន្តពង្រីកផ្ទៃដីដាំដុះបន្តទៀត ព្រោះនេះជាប្រភេទការដាំដំឡូងសរីរាង្គ។
យោងតាមកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជា បច្ចុប្បន្នដំឡូងមីគឺជាដំណាំតំបន់ខ្ពង់រាបដែលសំខាន់បំផុតនៅក្នុងប្រទេស។ ផលិតកម្មរបស់វាបានកើនឡើងយ៉ាងឆាប់រហ័សដោយសារតែការកើនឡើងនៃតម្រូវការផលិតផលពីដំឡូងមី។
ក្រសួងកសិកម្មបានព្រមានថា ប្រសិនបើវីរុសរីករាលដាល វានឹងនាំឱ្យមានការចម្លងរោគច្រើននូវអ្វីដែលគេហៅថា វីរុសដំឡូងមី ហើយនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងចំពោះផលិតកម្ម និងការនាំចេញដំឡូងមីដែលជាដំណាំដ៏មានសក្តានុពលក្នុងវិស័យឧស្សាហកម្មកែច្នៃ ហើយវានឹងកាត់បន្ថយការនាំចេញរហូតដល់ 80%ឯណោះ។ នៅក្នុងប្រទេសកម្ពុជាដំណាំដំឡូងមីត្រូវបានដាំដុះនៅក្នុងខេត្តចំនួន13 មានផ្ទៃដីដាំដុះជាង 570,000 ហិកតា និងមានទិន្នផលប្រមាណជាង 13លានតោនក្នុងមួយឆ្នាំ។
យោងតាមតួលេខរបស់ក្រសួងកសិកម្មបានឱ្យដឹងថា ដំឡូងមីចំនួន 13,2 លានតោនត្រូវបានផលិតនៅឆ្នាំ2016 ដោយ 58 % នៃចំនួននេះត្រូវបាននាំចេញទៅបរទេស។ ឆ្នាំ2017 ទិន្នផលសរុបរបស់ដំឡូងមីមានចំនួនប្រមាណជិត 15 លានតោន៕