Skip to content

Fu Mingzia វ័យ 14ឆ្នាំ ឈ្នះ​មេដាយ​ទី2 ខណៈ​ចិន ឈ្នះ​មេដាយមាស 112

ក្រុម​អត្ត​ព​លិ​ក​សម្តែង​លើ​ផ្ទៃ​ទឹក​របស់​ចិន បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ1 និង​លេខ2 ក្នុង​វិញ្ញាសា​លោត​សម្តែង​កម្ពស់10ម៉ែត្រ ផ្នែក​នារី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​កីឡាការិនី Si Yajie បានឈ្នះ​មេដាយមាស​ដើម្បី​ការពារ​ពានរង្វាន់​ក្នុង​ព្រឹត្តិការណ៍ Asian Games របស់​នាង​យ៉ាង​ជោគជ័យ។

Si វ័យ19ឆ្នាំ ដែលជា​ម្ចាស់​មេដាយប្រាក់​អូឡាំពិក ហាក់​មិនបាន​បង្ហាញ​ពី​ការ​ស្ថិត​ជា​គូប្រជែង​ដ៏​ខ្លាំង​របស់​កីឡាការិនី Zhang Jiaqi វ័យ14ឆ្នាំ​ឡើយ ប៉ុន្តែ​ក្រោយមក នាង​ដណ្តើមបាន​ជ័យជម្នះ​ដ៏​មិន​នឹកស្មាន​ដល់​មួយ​លើ​គូប្រជែង​វ័យក្មេង​របស់​នាង។

ក្រោយពី​ទទួល​ជ័យជម្នះ​ជាមួយនឹង​ពិន្ទុសរុប 405,45កីឡាការិនី Si បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​មាន​អារម្មណ៍​ពិតជា​រំជួលចិត្ត​ណាស់ ខ្ញុំ​មិនបាន​រំពឹងទុក​ថា ខ្ញុំ​ទទួលបាន​ជ័យជម្នះ​ឡើយ»។ Zhang ដែលមាន​រហស្សនាម​ថា Little Fu Mingzia នោះ បានបង្ហាញ​ពី​ការសម្តែង​យ៉ាង​ល្អ នៅ​ពីមុខ​អ្នកគាំទ្រ​ចិន​ដ៏​ច្រើន​កុះករ។

ប៉ុន្តែ ទីបំផុត បទពិសោធ​របស់ Si បាន​ជួយ​ឱ្យ​នាង​ទទួលបាន​ជ័យជម្នះ ហើយ​នាង​បានឈ្នះ​ជាមួយនឹង​ការ​មាន​ពិន្ទុ​នាំ​មុខជា​មធ្យម 8,5រាល់​ការប្រកួត​ទាំង5ជុំ។ Zhang ដែល​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​អ្នកយកព័ត៌មាន​ជាច្រើន​នោះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​មាន​អារម្មណ៍​ស្ថិតក្រោម​សម្ពាធ​បន្តិច»។

គិត​ត្រឹម​ព្រឹក​នេះ ចិន នៅតែ​បន្ត​នាំមុខ​ដាច់​នៅលើ​តារាង ក្រោយពី​បានឈ្នះ​មេដាយមាស ក្នុង​ព្រឹត្តិការណ៍ Asian Games មកទល់ពេលនេះ ចំនួន112 ដោយ​ដេញតាម​ពីក្រោយ​ដោយ​ជប៉ុន ដែល​ឈ្នះ​មេដាយមាស59 ខណៈដែល​កូរ៉េខាងត្បូង និង​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 និង​លេខ4 ជាមួយនឹង​មេដាយមាស39 និង30រៀងៗខ្លួន៕

ប្រភពពី៖ Channel News Asia

Leave a Reply

Your email address will not be published. Required fields are marked *