អ្វីដែលប្លែកអារម្មណ៍នៅក្នុងថ្ងៃនេះ គេហទំព័រឡារ៉ែនសូមនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាទៅកាន់ដែនដីស្រស់ស្អាតមួយផ្នែកនៅ ក្នុងប្រទេសថៃ និងស័ក្ដសមបំផុតសម្រាប់ស្ថាបត្យករ និងអ្នកនិយមទស្សនាស្ថាបត្យកម្មប្លែកៗ ដែលមិនគួរមើលរំលង ។ ក្រៅពីសម្បូរដោយវត្តបុរាណ លោកអ្នកនឹង បានឃើញ ពីការរបៀប នៃការរស់នៅ របស់ជនជាតិ ភាគតិចថៃ រួមទាំងទីសក្ករៈ បូជាដ៏ស័ត្តិសិទ្ធិល្បីល្បាញជាច្រើន ។ ទិដ្ឋភាពដ៏ស្រស់ត្រកាលនេះ គឺមាននៅក្នុងខេត្ត ឈៀងរ៉ាយ ។
មណ្ឌលទេសចរណ៍ដ៏ស្រស់បំព្រង ដែលគួរឱ្យចង់ទៅទស្សនាកម្សាន្ត និងស្វែងយល់នៅតំបន់ភាគខាងជើង នៃប្រទេសថៃបន្ទាប់ពី ឈៀងម៉ៃ នោះគឺ ឈៀងរ៉ាយ ជាខេត្តដែលស្ថិតនៅជាប់នឹងខេត្តឈៀងម៉ៃ និងមានព្រំប្រទល់ជាប់នឹងប្រទេស 2 គឺ ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា មានជនជាតិកុលសម្ពន្ធជាច្រើនពូជសាសន៍ តែពួកគេរស់នៅយ៉ាងសុខសន្តិភាពកណ្តាលធម្មជាតិព្រៃភ្នំដ៏ស្រស់ត្រកាល និងការអភិវឌ្ឍន៍។ រមណីយដ្ឋាន និងមណ្ឌលទេសចរណ៍សំខាន់ៗដ៏ល្អប្រណិត បានភ្ញៀវទេសចរទាំងឡាយចាប់អារម្មណ៍ខ្លាំងចង់ទៅទស្សនា និងដើរកម្សាន្តនៅទីនោះ ដែលមានកន្លែងទេសចរណ៍ធម្មជាតិព្រៃភ្នំ វត្តបុរាណ និងទីកន្លែងដ៏គួរឱ្យសិក្សាស្វែងយល់។ ចំពោះអ្នកដែលមានបំណងចង់ទៅទស្សនា និងដើរលេងកម្សាន្ត នៅក្នុងខេត្តភាគខាងជើងរបស់ប្រទេសថៃមួយនេះ មានដូចតទៅ៖
1-វត្តរ៉ង់ ឃុន
វត្ត រ៉ង់ ឃុន ត្រូវបានអ្នកទេសចរជាតិ និងអន្តរជាតិស្គាល់ច្បាស់ នៅក្នុងឈ្មោះថា វត្តប្រាសាទស ជាវត្តដែលមានក្បាច់ចម្លាក់ប្លែកចម្លែកខុសពីវត្តដទៃទៀត នៅក្នុងប្រទេសថៃ និងត្រូវបានកសាងឡើងដោយវិចិត្រករ និងជាជាងចម្លាក់ដ៏ល្បីល្បាញជនជាតិថៃម្នាក់ ឈ្មោះថា លោកគ្រូអាចារ្យ ឈ្លើមឆ័យ ខូស៊ីតភិផាត់ រួមជាមួយ និងកូនសិស្សជាង 80 នាក់ទៀត ដោយបានចាប់ផ្តើមកសាងមកបាន 17ឆ្នាំហើយ។ នៅក្នុងបរិវេណវត្ត រ៉ង់ ឃុន មានប្រាសាទធំៗចំនួន 4 ដែលមានពណ៌ស3 និងពណ៌មាស1 ដែលសុទ្ធតែលម្អដោយក្បូរក្បាច់រចនា នៃចម្លាក់បែបពុទ្ធិសិល្បៈសម័យថ្មីរបស់ថៃ ហើយនៅតាមជញ្ជាំងខាងក្នុងរបស់ប្រាសាទនីមួយៗ មានគំនូររូបភាពពណ៌ធម្មជាតិ ដែលបង្ហាញពីការតតាំងគ្នារវាងពួកកងទ័ពយក្សមារ ដែលតំណាងឱ្យសភាវអាក្រក់ និងព្រះពោធិសត្វ ដែលតំណាងឱ្យសភាវល្អ សតិ សមាធិ និងបញ្ញាញាណ។ ការចូលទស្សនាក្នុងវត្តរ៉ង់ឃុននេះ មិនត្រូវបានតម្រូវឱ្យបង់ប្រាក់ទេ ព្រមទាំងអាចថតរូបបានដោយសេរីទៀតផង។
2-សារមន្ទីរបានដាំ ឬផ្ទះខ្មៅ
ជាសារមន្ទីរដែលធ្វើអំពីឈើពណ៌ខ្មៅ បង្ហាញពីប្រពៃណី វប្បធម៌ និងការរស់នៅរបស់ជនជាតិភ្នំនៅក្នុងតំបន់ភាគខាងជើងប្រទេសថៃនេះ ដែលមានទាំងផ្ទះឈើបុរាណសង់ខ្ពស់ពីដីពណ៌ខ្មៅ និងឧបករណ៍ចម្លាក់ គ្រឿងប្រើប្រាស់កាលពីសម័យដើម ព្រមទាំងមានសត្វព្រៃនៅរស់មួយចំនួន ដែលមានខ្លះនៅក្នុងទ្រុង និងខ្លះព្រលែងនៅទីវាល ដើម្បីឱ្យភ្ញៀវទេសចរទាំងឡាយបានថតរូបជាមួយទៀតផង។
3-សួនឧទ្យានស៊ីង្ហ
គឺជាមណ្ឌលទេសចរណ៍ដ៏ធំមួយ នៅកណ្តាលធម្មជាតិដ៏ស្រស់បំព្រង នៅលើផ្ទៃដីជាងរាប់សែនរ៉ៃ ដ៏ធំល្វឹងល្វើយ ប្រកបដោយចំការតែ ពណ៌បៃតងខ្ចី អ៊ូឡុង និងអាណាចក្រចំការដំណាំហូបផ្លែ ដូចជាស្រ្តប៊ើរី ពុទ្រាផ្អែមខុសរដូវ-ល- ព្រមទាំងប្លែកភ្នែកស្រឡះអារម្មណ៍ ជាមួយនឹងវាលផ្កាចម្រុះពណ៌ដ៏ស្រស់បំព្រង ដោយក្រុមភ្ញៀវទេសចរនឹងត្រូវនាំទៅទស្សនាតាមរថយន្តបើកចំហប្រកបដោយផាសុកភាព និងសុវត្ថិភាព។
4-តំបន់អភិវឌ្ឍនម៉ែហ្វា ដយ ធុង
នេះគឺជាមណ្ឌលទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ ខេត្តឈៀងរ៉ាយ ដែលពោរពេញដោយភាពស្រស់ត្រកាលនៃជួរកំពូលភ្នំ ផ្សែងអ័ព្វដ៏ត្រជាក់ និងវិថីជីវិតជនជាតិកុលសម្ពន្ធភ្នំ។ កន្លែងដែលគួរតែទៅទស្សនាកម្សាន្ត ឱ្យបាននៅលើកំពូលភ្នំ នេះគឺ ព្រះរាជដំណាក់ ដយ ធុង ដែលស្ថិតនៅលើកំពូលភ្នំ ខាងមុខព្រះរាជដំណាក់ គឺជាសួនបុប្ផាចម្រុះពណ៌ ដែលរីកគ្រប់រដូវ និងអាចមើលឃើញទៅក្រោមឆ្ងាយ រហូតទៅដល់ជួរភ្នំ នៅក្នុងទឹកដីប្រទេសឡាវទៀតផង។ កន្លែងមួយទៀត ដែលអ្នកទេសចរយើងមិនគួរខកខានដែរនោះគឺ ភូមិជនកុលសម្ព័ន្ធឆាវដយ ដែលមានទាំងអស់ 29ភូមិ ដូចជា កុលសម្ពន្ធអំបូរ អាខា ឬ អ៊ី-ក ឡាហ៊ូ ថៃយ៉ៃ…ជាដើម ដែលមានវប្បធម៌ ទំនៀមទម្លាប់ និងការរស់នៅគួរឱ្យចង់ទស្សនាស្វែងយល់៕