ក្នុងពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា-កូរ៉េឱ្យកាន់តែមានភាពជិតស្និទ្ធឡើង ក្រុមប្រតិភូកូរ៉េខាងត្បូងមួយក្រុម តាមរយៈអង្គការ Koica ប្រចាំនៅប្រទេសកម្ពុជាបានចុះមកសិក្សាគម្រោងសាងសង់ស្ពានជ្រោយចង្វារ-ស្វាយជ្រុំ ដើម្បីទុកជាចំណងដៃមិត្តភាពសម្រាប់ប្រជាជនកម្ពុជា និងប្រជាជនកូរ៉េខាងត្បូង។
ឯកឧត្តម វ៉ា ស៊ីមសូរិយា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ប្រទេសកូរ៉េកំពុងសិក្សាពីការសាងសង់ស្ពានតភ្ជាប់តំបន់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឆ្ពោះទៅកាន់តំបន់ស្វាយជ្រុំ ក្នុងស្រុកល្វាឯម របស់ខេត្តកណ្តាលមុននឹងសម្រេចសាងសង់នាពេលខាងមុខ។លោកបញ្ជាក់ថា កូរ៉េមានបំណងចង់ជួយសាងសង់ស្ពានថ្មីមួយនេះសម្រាប់ទុកជាចំណងដៃដល់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធឡើង ខណៈដែលប្រទេសជប៉ុន និងប្រទេសចិន បានសាងសង់ស្ពានមិត្តភាពមួយចំនួននៅកម្ពុជារួចមកហើយ តែទោះយ៉ាងណា គេពុំទាន់ដឹងពីពេលវេលាច្បាស់លាស់នៅឡើយពីគម្រោងនៃការសាងសង់ស្ពានខាងលើ ដោយសារនេះជាការសិក្សាបឋម មុននឹងស្នើសុំការឯកភាពជាផ្លូវការពីថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា។
កន្លងមកមន្ត្រីជំនាញរបស់ក្រសួងសាធារណការបានសហការជាមួយអ្នកជំនាញចិន និងជប៉ុនចុះសិក្សា និងវាយតម្លៃអំពីការចំណាយថវិកាសម្រាប់ការសាងសង់ស្ពានមួយនេះរួចមកហើយ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏គ្រោងនឹងផ្តល់ការវិនិយោគសាងសង់ស្ពាននេះដល់ក្រុមហ៊ុនឯកជនជាការវិនិយោគបង់ប្រាក់បែប BOT ប៉ុន្តែគម្រោងនេះគេមិនបានដឹងអំពីការវិវឌ្ឍយ៉ាងណានោះឡើយ។
ទើបតែមកដល់ពេលនេះ ដោយសារឃើញគម្រោងសាងសង់ស្ពានមួយនេះនៅមិនទាន់ដំណើរការ គណៈប្រតិភូកូរ៉េក៏បានចុះមកសិក្សាសាជាថ្មីទៀត និងបានជួបពិភាក្សាការងារមួយចំនួនជាមួយថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូនអំពីគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះឡើង ប៉ុន្តែនៅមិនទាន់មានព័ត៌មានជាក់លាក់អំពីថវិកា ការចាប់ផ្តើមសាងសង់ ឬរយៈពេលនៃការសាងសង់នៅឡើយទេ តែយ៉ាងណាលោកបានបញ្ជាក់ថា បើសិនភាគីកូរ៉េស្នើសុំសាងសង់ស្ពាននេះ យើងរីករាយទទួលយក ប៉ុន្តែក៏មិនទាន់ដឹងដែរថា ការសាងសង់មួយនេះជាជំនួយឥតសំណង ឬមានសំណងនោះឡើយ។
គួរបញ្ជាក់ផងដែរថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនទំនិញផ្សេងៗនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចុះសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេពីភ្នំពេញទៅអរិយក្សត្រ និងភ្នំពេញក្តីតាកុយផងដែរ ប៉ុន្តែទោះជាដូច្នេះក្ដី គេមិននៅមិនទាន់ដឹងពីពេលវេលាជាក់លាក់អំពីការចាប់ផ្តើមសាងសង់ស្ពានទាំង 3ខ្សែខាងលើនេះនៅឡើយទេ ខណៈដែលពេលកន្លងមកប្រមុខរាជរដ្ឋាភិបាលបានប្រកាសពីការស្វែងរកហិរញ្ញប្បទានពីបរទេស ដើម្បីយកមកសាងសង់ស្ពាននេះនាពេលខាងមុខ។
អ្នកជំនាញនិយាយថា នៅពេលទទួលបានព័ត៌មានខាងលើ ធ្វើឱ្យតម្លៃដីនៅក្នុងស្រុកល្វាឯមកាន់តែមានសម្ទុះឡើងនៅរយៈពេលចុងក្រោយនេះ ដោយសារតែការភ្ជាប់ទីក្រុងភ្នំពេញទៅកាន់តំបន់ត្រើយម្ខាងនេះបានធ្វើឱ្យតំបន់ស្វាយជ្រុំ ឬតំបន់អរិយក្សត្រកាន់តែខិតមកជិតទីក្រុងភ្នំពេញដែលធ្វើឱ្យងាយស្រួលដល់ការធ្វើដំណើរមកបំពេញការងារ និងប្រកបរបររកស៊ីរបស់ប្រជាជន ដោយមិនចាំបាច់ចំណាយលុយច្រើន និងចំណាយពេលវេលាយូរក្នុងការឆ្លងកាត់តាមស្រឡាងដូចពេលបច្ចុប្បន្ននេះឡើយ។
លោក គង់ ដារា អ្នកជំនាញអចលនទ្រព្យមានប្រសាសន៍ថា ស្របពេលដែលគម្រោងស្ពាន ឆ្លងកាត់ទន្លេខាងលើត្រៀមនឹងសាងសង់នេះ ធ្វើឱ្យស្ថានភាពដីធ្លីនៅទីនោះ កាន់តែឡើងថ្លៃឡើងស្រឺតៗ ហើយនៅពេលស្ពានសាងសង់រួច ដីនៅតំបន់នោះនឹងមានតម្លៃមិនចាញ់តំបន់ជ្រោយចង្វារឡើយ ដោយសារមានទីតាំងនៅជិតរាជធានីភ្នំពេញ ហើយមានបរិស្ថានរស់នៅល្អ សម្បូរទៅដោយតំបន់លម្ហែកាយច្រើន ជាពិសេសមិនសូវមានរោងចក្រឧស្សាហកម្មនោះទេ៕