ខណៈដែលតារាសម្ដែង លោក ហង្ស សម្បើមស័ក្ដ បានបង្ហោះសារទារលុយផលិតកម្មមហាហង្សជុំវិញការថតរឿង «សង្គ្រាមមរតក» ដែលបានបញ្ចាំងចប់ទៅហើយ តែនៅមិនទាន់បានបើកលុយដែលនៅសល់នោះ លោក ហេង នរៈកក្កដា និងលោក អ៊ិន សុភិន ត្រូវគេឃើញថា បានចេញមុខប្រតិកម្មភ្លាមៗតែម្ដង។ ទស្សនៈរបស់អ្នកទាំងពីរ បានធ្វើឱ្យម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលស្រទាប់មហាជនកំពុងថ្លឹងថ្លែងថា តើភាគីលោក ហង្ស សម្បើមស័ក្ដ ដែលប្រកាសទារលុយនោះជារឿងត្រឹមត្រូវ ឬការបកស្រាយរបស់ផលិតករ និងតារាសម្ដែងជារឿងសមស្របជាង?។
លោក ហេង នរៈកក្កដា បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំសូមបញ្ចេញយោបល់បន្តិច សម្រាប់ខ្ញុំ ថតឱ្យផលិតកម្ម (មហាហង្ស) ខ្ញុំដូចជាអត់ដែលមានបញ្ហាកើតឡើងអ៊ីចឹងសោះ ចុះម៉េចគេគ្រប់ៗគ្នាមានបញ្ហារហូតអ៊ីចឹង? ដូចរាល់ថ្ងៃនេះអ៊ីចឹង ខ្ញុំកំពុងបំពេញការងារឱ្យផលិតកម្ម (មហាហង្ស) គឺខ្ញុំកំពុងតែថតរឿង(ព្រលឹង) ខ្ញុំនិយាយដោយស្មោះត្រង់ ខ្ញុំថតឱ្យគាត់ ខ្ញុំស៊ីថ្ងៃ ហើយកុងត្រាបាននិយាយថា ថតចប់បានមួយអាទិត្យ បើកលុយ មែន! ខ្ញុំថតចប់បានមួយអាទិត្យ ខ្ញុំបានបើកលុយទាំងអស់មែន ហើយស្រួលធ្វើការជាមួយខាងពួកគាត់ទៀត! តែម៉េចបានពួកគាត់តែងតែមានបញ្ហារហូតអ៊ីចឹង? តែសម្រាប់ខ្ញុំ គឺវាមិនដែលមានរឿងអីកើតឡើងសោះ អ្វីដែលសំខាន់បំផុត គឺយើងត្រូវមកថតឱ្យទាន់ពេលវេលា គោរពតាមលក្ខខណ្ឌក្នុងកុងត្រា និងតាមអ្វីដែលយើងបាននិយាយគ្នា..! ខ្ញុំសង្ឃឹមថា ភាគីទាំងសងខាងនឹងដោះស្រាយបញ្ហានេះបានឆាប់ៗ»។
ស្រដៀងគ្នានឹងលោក ហេង នរៈកក្កដាដែរ ចាងហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានឆ្លើយបញ្ជាក់ថា ហេតុផលដែលខាងមហាហង្សមិនព្រមបើកលុយ 50ភាគរយឱ្យលោក ហង្ស សម្បើមស័ក្ដ គឺបណ្ដាលមកពីលោកមិនបានមកថតភាពយន្តរឿង «សង្គ្រាមមរតក» ឱ្យចប់សព្វគ្រប់តាមអ្វីដែលបានព្រមព្រៀងនោះទេ ដោយភាពយន្តទាំងមូលមានចំនួន 50ភាគ តែភាពយឺតយ៉ាវ ដែលបណ្ដាលមកពីលោក ហង្ស សម្បើមស័ក្ដ មិនមានពេលថតឱ្យគ្រប់គ្រាន់ ទើបធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តកាត់ប្លង់មួយចំនួនចោល ហើយថតបានតែ 38ភាគឱ្យខាងទូរទស្សន៍។ លោកបានបញ្ចេញឯកសារបណ្ដឹងមួយ ដែលមេធាវីតំណាងឱ្យក្រុមហ៊ុនបានជូនដំណឹងឱ្យលោក ហង្ស សម្បើមស័ក្ដ មកបំពេញការងារឱ្យចប់សព្វគ្រប់ ដើម្បីកុំឱ្យមានការសងថ្លៃខូចខាតរបស់ផលិតកម្ម ឬត្រូវបង្កកប្រាក់កម្រៃមិនទាន់បើក។ យ៉ាងណាមិញ លោកថា ខ្លួនសុខចិត្តតម្កល់បណ្ដឹងនោះ ដោយនៅតែប្រកាន់ជំហរបើកលុយឱ្យគ្រប់ដដែល ដោយគ្រាន់តែសម្រេចចិត្តឱ្យយូរបន្ដិចប៉ុណ្ណោះ ដើម្បីឱ្យបានដឹងថា បើពេលថតរឿងធ្វើបាបផលិតករ គឺផលិតករត្រូវតែធ្វើបាបវិញពេលសុំបើកលុយ។
មកទល់ម៉ោងនេះ គេនៅមិនទាន់ឃើញលោក ហង្ស សម្បើមស័ក្ដ បង្ហោះសារថ្មីជាការឆ្លើយតបនោះទេ ក្រៅតែពីការបានបង្ហោះសារដដែលថា «ជំរាបសួរបងប្រុសអូនឧស្សាហ៍ ខ្ញុំខលទៅបង គឺជាប់រវល់រហូត ហើយខ្ញុំបានឆាតទៅបង ក៏គ្មានការឆ្លើយតបដែរ មូលហេតុដែលជំរុញឱ្យខ្ញុំផូស្ត ព្រោះមិនមានវិធីទាក់ទងបាន បងបានសន្យាបើកលុយបញ្ចប់ 80%ក្នុងរឿងសង្រ្គាមមរតកដែលបានដាក់បញ្ចាំងចប់បរិបូរណ៍ហើយនៅស្ថានីយទូរទស្សន៍មួយ ហើយលើកថ្ងៃជាមួយខ្ញុំ 4ដងហើយពេលនេះខ្ញុំត្រូវការប្រើប្រាស់ចាំបាច់បើបងបានឃើញហើយ សូមទាក់ទងមកប្អូនវិញផង ព្រោះគួរតែគោរពសម្តីខ្លួនឯង យើងបានចរចាគ្នាថានឹងបើកបញ្ចប់ហើយ បើនៅតែគ្មានការឆ្លើយតបពីបងប្រុសអូនឧស្សាហ៍ វាត្រូវជំរុញឱ្យខ្ញុំសុំចម្លើយពីលោកអគ្គនាយកផលិតកម្មដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួនសូមអគុណ!»៕