របរ​ចិញ្ចឹម​កូន​កង្កែប​លក់ ងាយស្រួល​រក​ចំណូល​ជាង​ការចិញ្ចឹម​កង្កែប​សាច់

បច្ចុប្បន្ន​ការផ្គត់ផ្គង់​កង្កែប​សាច់​នៅតាម​ទីផ្សារ​នានា​កំពុងមាន​តម្រូវការ​ខ្លាំង ខណៈដែល ភោជនីយដ្ឋាន​នៅតាម​ទីប្រជុំជន​មួយចំនួន​កំពុងមាន​តម្រូវការ​សាច់​កង្កែប​ដើម្បី​ធ្វើ​ម្ហូប​លក់​ទៅតាម​ការ​កុម្ម៉ង់​របស់​ភ្ញៀវ ដែលនេះជា​កត្តា​ធ្វើឱ្យ​របរ​ចិញ្ចឹម​កូន​កង្កែប​ដើម្បី​ផ្គត់ផ្គង់​បន្ត​ទៅឱ្យ​អ្នក​ចិញ្ចឹម​កង្កែបសា​ច់លក់​កំពុង​ត្រូវប៉ាន់​ខ្លាំង។

លោក នី​ន រិទ្ធី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​កូន​កង្កែប នៅក្នុង​ភូមិ​រាប ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង​មានប្រសាសន៍ថា លោក​បាន​ចាប់យក​របរ​ចិញ្ចឹម​កង្កែប​នេះ​តាំងពី​ឆ្នាំ2010មកម៉្លេះដោយសារ​បានទៅ​រៀន​ពី​មន្ត្រី​ជំនាញ​កសិកម្ម​របស់​អង្គការ(CEDAC) រួច​លោក​ក៏បាន​ចាប់ផ្តើម​សាកល្បង​ចិញ្ចឹម​កង្កែប​សាច់ និង​ទទួលបាន​ជោគជ័យ​ក្នុងការ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ ក្នុងតម្លៃ​លក់រាយ​មួយ​គីឡូ​ថ្លៃ 12,000រៀល ទៅ15,000រៀល ទៅតាម​រដូវ​កាល​សម្បូរ ឬ​មិន​សម្បូរ​កង្កែប​សាច់​លក់។

លោក​បានបន្តថា ដោយសារ​ការចិញ្ចឹម​ក​ង្កែ​ប​សាច់​ត្រូវ​ចំណាយពេល​យូរ នៅ​ឆ្នាំ2014 លោក​ក៏​សម្រេចចិត្ត​ផ្លាស់ប្តូរ​ពី​ការចិញ្ចឹម​កង្កែប​សាច់​ទៅជា​ចិញ្ចឹម​កង្កែប​យក​កូន​លក់​វិញ​ម្តង ព្រោះ​ងាយស្រួល​ទទួលបាន​ផល និង​អាច​លក់​រកប្រាក់​ចំណូល​ចូល​គ្រួ​សារបាន​លឿន​ជាង។ ការចិញ្ចឹម​កង្កែប​យក​កូន​លក់​ច្រើន​មាន​កសិករ​មកពី​ខេត្តផ្សេងៗ ដូចជា​កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង រតនគិរី មណ្ឌល​គី​រី ជាដើម ចុះមក​ទិញ​ជា​ហូរហែ លើកលែងតែ​ខេត្ត​ជាប់​ព្រំដែន​ថៃ​ដូចជា បាត់ដំបង ព្រះវិហារបន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ​ប៉ុណ្ណោះ ដែល​មិន​បានមក​ទិញ​កូន​ប​ង្កែ​ប​ពី​កសិដ្ឋាន​របស់លោក ដោយសារតែ​នៅ​ឆ្ងាយ និង​ខេត្ត​ទាំងនោះ​ងាយស្រួល​ទិញ​កង្កែប​សាច់ ឬ​កង្កែប​ពូជ​ពី​ប្រទេស​ថៃ។

ក្រោយពី​មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន​នៅតាម​បណ្តា​ខេត្តផ្សេងៗនោះ លោក​បាន​ពង្រីក​កសិដ្ឋាន​បាន​ប្រមាណ​ជា 15អាង​ហើយ​មកទល់​បច្ចុប្បន្ន ដោយ​ក្នុង​អាងនីមួយៗមាន​ទំហំខុសៗគ្នា ដែល​ខ្លះ​មាន​ទំហំ 3ម៉ែត្រ 3ជ្រុង ឬ4ម៉ែត្រ 4ជ្រុង ទៅតាម​ទំហំ និង​សណ្ឋាន​ដី​ដែល​អាច​ច្នៃ​ធ្វើ​អាង​ចិញ្ចឹម​បាន។ ទោះជា​អាង​មាន​ទំហំ​ធំ ឫ​តូច ក៏​គេ​អាច​ចិញ្ចឹម​កង្កែប​បង្កាត់​ពូ​ជយ​កកូន​លក់បាន​ដូចគ្នា គ្រាន់តែ​ថា​ចិញ្ចឹម​បាន​ចំនួន​តិច ឬ​ច្រើនតែ​ប៉ុណ្ណោះ។

លោក​ក៏បាន​បង្ហើប​ប្រាប់ឱ្យដឹង​អំពី​វិធីសាស្ត្រ​បង្កាត់​ពូជ​កង្កែប​ដែរ​ថា ដំបូង​ឡើយ​យើង​ត្រូវ​រៀបចំ​អាង​ឱ្យ​រួចស្រេច​ជាមុន ដោយ​ត្រូវ​រៀបចំ​អាង​សម្រាប់​ចិញ្ចឹម​កូន​ក្អុក​ផ្សេង និង​អាង​សម្រាប់​ចិញ្ចឹម​កូន​កង្កែប​ផ្សេង​ពីគ្នា ដែល​អាង​ទាំងអស់​ត្រូវ​រៀប​បាត​ពី​ឥដ្ឋ​លាយ​ស៊ីម៉ង់ត៍ និង​យក​ស័ង្កសី​មក​បាំង​ធ្វើជា​ជញ្ជាំងរួចហើយ​ទុកចោល​មួយរយៈ មុននឹង​ចាប់ផ្តើម​ចិញ្ចឹម។ ការ​ទុក​អាង​ដែល​ធ្វើ​ហើយថ្មីៗចោល​មួយរយៈ​នេះដោយសារ​ការចិញ្ចឹម​ក​ង្កែ​ប​បង្កាត់​ពូជ​នេះ​ត្រូវ​ចៀសវាង​មិនឱ្យ​ធំក្លិន​ស៊ីម៉ង់ត៍​ទេ ព្រោះ​អាចធ្វើឱ្យ​កូន​ក្អុក ឬ​កូន​កង្កែប​រស់នៅ​មិនកើត។ សម្រាប់​អាង​ចិញ្ចឹម​កូន​ក្អុក គឺត្រូវ​រៀបចំ​ប្រព័ន្ធ​ទឹក​វិល​ទៅមក​ជាប្រចាំ ព្រោះ​នៅពេលដែល​មិនមាន​ចរន្តទឹក​ហូរ ឬ​ទឹក​ហប់​នៅ​មួយកន្លែង​កូន​ក្អុក​មិនអាច​រស់​បានទេ ហើយ​វា​ប្រាកដជា​ស្លាប់​ទាំងអស់​ពេល​ញាស់​ចេញពី​ពង​ត្រឹម​រយៈពេល​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ​ក្រោយមក។ ចំណែកឯ​អាង​ចិញ្ចឹម​កូន​កង្កែប​វិញ គេ​មិនចាំបាច់​រៀបចំ​ឱ្យមាន​ចរន្តទឹក​ហូរ​ទេ ប៉ុន្តែ​គេ​ត្រូវធ្វើ​រន្ធ​បង្ហូរទឹក​ចេញ-ចូល ដើម្បី​ងាយស្រួល​ផ្លាស់ប្ដូរ​ទឹក​ចាស់​ចេញ និង​ដាក់​ទឹក​ថ្មី​ចូល​ប្រចាំថ្ងៃ។

ក្រោយពី​រៀបចំ​អាង​រួចរាល់ គេ​អាចយ​កមេ​កង្កែប​ណា​ដែលមានមាឌធំៗ មាន​សុខ​ភាពល្អ មក​បង្កាត់​ជាមួយ​កង្កែប​ឈ្មោល​ដែលមាន​មា​ឌ​ធំ និង​សុខ​ភាពល្អ​ដូចគ្នា ដោយ​ក្នុង​មួយ​អាង​គេ​អាចដាក់​កង្កែប​ញី និង​ឈ្មោល​បាន​ចំនួន 3ទៅ4គូ ដោយ​ដាក់ឱ្យ​វា​បង្កាត់​ពូជ​តាម​ទំហំ​អាង​តូច ឬ​ធំ ដូចជា​ផ្ទៃ​អាង​មាន​ទំហំ1ម៉ែត្រការ៉េ 4ជ្រុង​គេ​អាចដាក់​មេ​កង្កែប​បង្កាត់​ពូជ​បានត្រឹមតែ​មួយគូ​ប៉ុណ្ណោះ ហើយ​ដើម្បីឱ្យ​កង្កែប​មេ អាច​រស់នៅ​បង្ក​កំណើត​ជាមួយ​កង្កែប​ឈ្មោល​បានល្អ គេ​អាច​ទិញ​ថ្នាំ​មក​លាយ​សេរ៉ូម​ចាក់ឱ្យ​កង្កែប​មេ​ជាមុន​ក៏បាន​ដែរ។

លោក​បាន​បន្តទៀតថា សម្រាប់​កង្កែប​មេ គេ​អាច​ចាក់​ថ្នាំ​ឱ្យ​វា​ព្រម​រស់នៅ និង​បង្ក​កំណើត​ជាមួយ​កង្កែប​ឈ្មោល​នៅ​ម៉ោង​ប្រហែល 5ល្ងាច លុះ​ម៉ោង​ប្រហែល 8យប់ វា​នឹង​ចាប់ផ្តើម​ចាប់​គូ​គ្នា​ដើម្បី​បង្ក​កំណើត​ និង​រហូតដល់​ម៉ោង1 ឬ​ម៉ោង 2យប់​ដដែល​នោះ កង្កែប​នឹង​ចាប់ផ្តើម​ពង ដែល​ក្នុងកង្កែប​មេ​មួយ​ក្បាល​អាចឱ្យ​ពង​ចន្លោះ​ពី5,000 ទៅ8,000ពង។ លុះដល់​ពេល​ភ្លឺ​ឡើង​ទើប​គេ​ចាប់​កង្កែប​ញី ឬ​ឈ្មោល​នោះ​ចេញពី​អាង បើ​មិន​ធ្វើ​ដូច្នេះ​ទេ កង្កែប​វា​នឹង​លោត​ចុះ លោត​ឡើង​ជាន់​ពងបែក​អស់​មិន​ខាន។ ក្រោយពី​ចាប់​កង្កែប​ធំ​ចេញ​ហើយ គេ​មិនបាច់​ថែទាំ​អ្វី​ទាំងអស់ គ្រាន់តែ​ការពារ​កុំឱ្យ​សត្វល្អិត​ចូល​ស៊ី​ពង​កង្កែប​នោះបាន​ហើយ។ ត្រឹម​រយៈពេល​តែ 1ថ្ងៃបើសិន​ជាមាន​អាកាសធាតុ​ក្តៅ​ល្អ វា​នឹង​ញាស់​កូន ប៉ុន្តែ​បើ​អាកាសធាតុ​មិន​ក្តៅ​ទេ ត្រូវ​ចំណាយពេល 2ថ្ងៃ​ទើប​វា​ញាស់។

បន្ទាប់ពី​ញាស់​ហើយ គេ​ត្រូវ​ពិនិត្យមើល​ចរន្តទឹក​ហូរ​ថា តើ​វា​វិល​ជាប់​ជាប្រចាំ ឬ​យ៉ាងណា​បើសិនជា​ទឹក​មិន​ហូរ​វិល​ចុះ​វិល​ឡើង​ទេនោះ កូន​កង្កែប​ដែល​ទើបនឹង​ញាស់​ចេញមក​នោះ​នឹង​ងាប់​ទៅវិញ​ទាំងអស់ ត្រឹម​រយៈពេល​តែ 1ថ្ងៃ ឬ2ថ្ងៃ​ក្រោយមក​ប៉ុណ្ណោះ។ ក្រោយពី​ញាស់​ហើយ ក៏​គេ​មិនទាន់​ដាក់​ចំណី​ឱ្យ​វា​ស៊ីភ្លាមៗដែរ រហូតដល់​វារ​ស់បាន 4 – 5ថ្ងៃ​សិន ទើប​គេ​ចាប់ផ្តើម​ដាក់​ចំណី​ឱ្យ​ស៊ី 1ថ្ងៃ 3ទៅ4ដង ហើយម្តងៗគេ​បាច​តែ 1ក្តាប់ ឬ2ក្តាប់​ដៃប៉ុណ្ណោះដែល​ចំណី​នេះ​គេ​អា​ចរក​ទិញ​បាន​នៅលើ​ទីផ្សារ​ដូចជា​ចំណី​ត្រី​ដែរ តែ​គ្រាន់តែ​ថា ចំណី​វាល្អិតតូចៗជាង​ចំណី​ត្រី។ បន្ទាប់ពី​ថែបំប៉ន​ចំណី​បាន​ត្រឹម​រយៈពេល 13 – 14ថ្ងៃ វា​នឹង​ប្រែក្លាយ​រូបរាង​ទៅជា​កូន​ក្អុកហើយ​គេ​នៅតែ​បន្ត​ផ្តល់​ចំណី​ឱ្យ​វា​ស៊ី​ទៀត រហូត​អាយុ​ចន្លោះ​ពី20ថ្ងៃ ទៅ30ថ្ងៃ ទើប​កូន​ក្អុក​បណ្ដាច់​កន្ទុយ ក្លាយទៅជា​កូន​កង្កែប។ នៅពេល​វា​ដុះ​ជើង​ក្លាយជា​កូន​កង្កែប​រួច គេ​ត្រូវយក​ពួកវា​ទៅ​ដាក់​ក្នុង​អាង​មួយទៀត ហើយ​ត្រូវ​បន្ត​ដាក់​ចំណី និង​ត្រូវ​ផ្លាស់ប្តូរ​ទឹកជា​ប្រចាំ តាមរយៈ​ការបង្ហូរ​ទឹក​ចាស់​ចេញ​ដាក់​ទឹក​ថ្មី​ចូល រហូតដល់​កូន​កង្កែប​អាយុ​បាន 2ខែ ទៅ2ខែ​កន្លះ គេ​អាច​ចាប់​វាល​ក់បាន​ហើយ។

លោក​បាន​បញ្ជាក់ថា យ៉ាងណាក៏ដោយ ចំនួន​កូន​កង្កែប​នឹងត្រូវ​បាត់បង់​បន្តិចម្តងៗ ដោយសារ​បញ្ហា​កូន​ក្អុកធំៗស៊ី​កូន​ក្អុកតូចៗ និង​កូន​កង្កែបធំៗស៊ី​កូន​កង្កែបតូចៗ ហើយ​និង​លក្ខខណ្ឌ​សុខភាព​របស់​វា​មួយចំនួន​ដែល​ធ្វើឱ្យ​កូន​កង្កែប​បាត់បង់​ជា​បន្តបន្ទាប់ រហូត​ដល់ពេល​ចាប់​លក់ អាច​នៅសល់​ត្រឹមតែ 20%ប៉ុណ្ណោះ បើ​គិត​ជា​ចំនួន​វិញ គឺ​នៅសល់​ប្រមាណ​ជា 1,000 ទៅ1,500កូន​ប៉ុណ្ណោះ ហើយ​សម្រាប់​កូន​កង្កែប​មួយ​ក្បាល​គេ​អាច​លក់បាន​ក្នុងតម្លៃ 500រៀល។ តាម​បទពិសោធ​ចិញ្ចឹម​កន្លងមក ក្រោយពី​គេ​ទិញ​កូន​កង្កែប​យកទៅ គេ​នឹង​បំប៉នចំណី ថែទាំ​ទឹក​ក្នុង​អាង​ត្រឹមតែ 2ខែ ទៅ2ខែ​កន្លះ​ទៀត គេ​នឹង​អាច​បាន​កង្កែបធំៗទម្ងន់ 2ខាំ ទៅ2.5ខាំ​ក្នុង​មួយ​ក្បាល​ហើយ។

លោក នី​ន រិទ្ធី អះអាងថា បើសិនជា​ការទិញ​កូន​កង្កែប​ទៅ​ចិញ្ចឹម​មាន​តម្រូវការ​កាន់តែច្រើនឡើងៗដូច​សព្វថ្ងៃនេះ លោក​នឹង​ខិតខំ​ពង្រីក​កសិដ្ឋាន​ឱ្យបាន​ចំនួន​កាន់តែច្រើនឡើងៗដែរ ដែល​លោក​គ្រោង​នឹង​ពង្រីក​រហូត​ឱ្យដល់40 ទៅ50អាង​ក្នុង​រយៈពេល3 ទៅ5ឆ្នាំ​ខាងមុខ៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា