កីឡាករ Jonatan Christie បានបញ្ចប់ការរង់ចាំដ៏យូរអង្វែងរបស់ឥណ្ឌូនេស៊ី សម្រាប់ការឈ្នះមេដាយមាសលើវិញ្ញាសាវាយសី ផ្នែកបុរស ក្នុងព្រឹត្តិការណ៍ Asian Games កាលពីថ្ងៃអង្គារ ខណៈដែលបារថាំង បានឈ្នះមេដាយមាសជាលើកទី1 របស់ពួកគេក្នុងវិញ្ញាសារត់បណ្តាក់ចម្រុះថ្មីចម្ងាយ 4×400ម៉ែត្រ។
Christie បានធ្វើឱ្យអ្នកគាំទ្ររបស់ម្ចាស់ផ្ទះផ្ទុះនូវការអបអរយ៉ាងខ្លាំងក្លា នៅពេលដែលរូបគេបានផ្តួលកីឡាករតៃវ៉ាន់ Chou Tien-chen ក្នុងលទ្ធផល 21-18, 20-22 និង21-15 ដើម្បីក្លាយជាម្ចាស់ជើងឯកដំបូងគេរបស់ឥណ្ឌូនេស៊ី បើគិតចាប់តាំងពីឆ្នាំ2006 មុនពេល Christie ហែកអាវខ្លួនឯងដើម្បីអបអរជ័យជម្នះដ៏អស្ចារ្យមួយនេះ។ ការដណ្តើមបានជ័យជម្នះដ៏រំភើបរបស់កីឡាករវ័យ 20ឆ្នាំរូបនេះ បានបំពេញជោគជ័យដ៏គួរឱ្យចងចាំមួយក្នុងវិញ្ញាសាបុរសរបស់ឥណ្ឌូនេស៊ី ក្រោយពីកីឡាករ Anthony SinisukaGinting បានយកឈ្នះលើក្រុមម្ចាស់ការពារតំណែងជើងឯក KentoMomota និងម្ចាស់មេដាយមាស Chen Long ដើម្បីឈ្នះមេដាយសំរឹទ្ធ។ Chen Long បានឱ្យដឹងថា៖ «ខ្ញុំមិនបានរំពឹងទុកថា ខ្ញុំអាចឈ្នះមេដាយមាសមួយក្នុង Asian Games ឡើយ។ ពិតណាស់ មានកីឡាករឆ្នើមៗជាច្រើននៅទីនេះ ហើយខ្ញុំមិនបានរំពឹងទុកថាខ្ញុំអាចក្លាយជាម្ចាស់ជើងឯកឡើយ»។
ជ័យជម្នះនេះ មានន័យថា ឥណ្ឌូនេស៊ី បានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ Asian Games មកទល់ពេលនេះចំនួន24 ស្ថិតក្នុងចំណាត់ថ្នាក់លេខ4 ខណៈដែលចិនបានបន្តគ្រប់គ្រងលើតារាង ដោយឈ្នះមេដាយមាសសរុប97 និងដេញតាមពីក្រោយដោយជប៉ុនដែលទទួលបានមេដាយមាស43៕
ប្រភពពី៖ Channel News Asia