ការគ្រប់គ្រងហិរញ្ញវត្ថុ ជាមេរៀនដ៏សំខាន់មួយដែលត្រូវបានគេបង្រៀនដល់កុមារជាទូទៅនៅក្នុងប្រទេសអភិវឌ្ឍន៍ធំៗទាំងអស់នៅលើពិភពលោក ព្រោះវាជាផ្នែកដ៏សំខាន់ក្នុងការជំរុញឱ្យកុមារក្លាយជាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និងអាចអភិវឌ្ឍធនធានដែលមានស្រាប់ឱ្យកាន់តែរីកចម្រើនថែមទៀតផង។
ចាប់ផ្តើមពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ កុមារនឹងអាចក្លាយជាមនុស្សដែលមានភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់លុយកាក់ប្រកបដោយប្រសិទ្ធភាពព្រមទាំងមានគំនិតសហគ្រិនខ្ពស់ ដែលអាចរុញច្រានពួកគេឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមនៅថ្ងៃអនាគត។ ចំពោះប្រជាជនខ្មែរវិញ ក្រៅពីការខិតខំប្រឹងប្រែងវិនិយោគលើការអប់រំរបស់កូន អាណាព្យាបាលភាគច្រើនក៏បានយកចិត្តទុកដាក់ខ្លាំងលើការស្វែងរកទ្រព្យសម្បត្តិ ឬមុខរបរសំខាន់ៗទុកឱ្យកូននៅថ្ងៃអនាគត។ ហេតុនេះចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ជាចំណុចចាំបាច់បំផុតសម្រាប់ក្មេងជំនាន់ក្រោយព្រោះកន្លងមកមានមនុស្សមិនតិចទេដែលខកចិត្តក្រោយពេលខំសន្សំទ្រព្យស្ទើរពេញមួយជីវិតទុកឱ្យកូន តែកូនៗមិនចេះទុកដាក់ ឬធ្វើឱ្យខាតបង់ក្នុងរយៈពេលខ្លី។ ផ្ទុយមកវិញ ប្រសិនបើកុមារមានសមត្ថភាពក្នុងការគ្រប់គ្រងលុយកាក់បានល្អ គាត់នឹងអាចពង្រីកមុខរបររបស់អាណាព្យាបាល ឬអភិវឌ្ឍទ្រព្យដែលគាត់មានទាំងអស់នោះឱ្យកាន់តែរីកចម្រើនខ្លាំងឡើង និងថែមទាំងអាចជួយប្រជាជនជាច្រើនផ្សេងទៀតនៅក្នុងសង្គមឱ្យមានការងារល្អធ្វើទៀតផង។
អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី បានលើកឡើងថា ការសន្សំប្រាក់ ឬការគ្រប់គ្រងហិរញ្ញវត្ថុជារឿងសំខាន់ខ្លាំងណាស់សម្រាប់កុមារ។ ប្រសិនបើក្មេងៗចេះសន្សំលុយតាំងពីនៅតូចនោះ គាត់នឹងអាចមានពេលច្រើនក្នុងការសន្សំ ដែលធ្វើឱ្យគាត់មានហិរញ្ញវត្ថុរឹង-មាំពេលគាត់ចេញធ្វើការ ឬរកស៊ីនៅពេលធំឡើង។ លោកជំទាវបានបន្ថែមផងដែរថា ការសន្សំមិនមែនមានន័យថាទាល់តែមានលុយច្រើនទើបអាចសន្សំបាននោះទេ តែកម្រិតចំណូលប៉ុនណាក៏អាចសន្សំបានដែរ ប្រសិនបើយើងចង់សន្សំ ហើយគ្រប់គ្រងការចាយវាយឱ្យបានត្រឹមត្រូវ។
លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា៖ “ការគ្រប់គ្រងហិរញ្ញវត្ថុជាផ្នែកសំខាន់នៃជីវិតមនុស្សម្នាក់ៗ ប្រសិនបើមនុស្សមិនអាចគ្រប់គ្រងចំណូល និងចំណាយបានល្អទេ ពួកគេនឹងធ្លាក់ទៅក្នុងវិបត្តិបំណុលក្នុងជីវិត”។ ស្របជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ជំនាញគ្រប់គ្រងហិរញ្ញវត្ថុគួរចាប់ផ្តើមបញ្ចូលទៅក្នុងកម្មវិធីសិក្សាតាំងពីកម្រិតបឋមសិក្សាទៅ ព្រោះវាជាជំនាញទន់ដែលត្រូវការជាចាំបាច់សម្រាប់អនាគតធនធានមនុស្សនៅកម្ពុជា ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យបានរឹងមាំ
ស្របតាមតម្រូវការរបស់សង្គម។ តែទោះជាយ៉ាងនេះក្តី ដើម្បីឱ្យការបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុនេះបានជោគជ័យ លុះត្រាតែមានការចូលរួមយ៉ាងសកម្មពីស្ថាប័នពាក់ព័ន្ធនានាទាំងវិស័យសាធារណៈ និងសាលារៀនឯកជននៅកម្ពុជាដើម្បីរៀបចំកម្មវិធីសិក្សាផ្នែកហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់សម្រាប់អប់រំកុមារ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនវ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ដោយមើលឃើញពីសារៈសំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់កុមារនៅកម្ពុជា សាលារៀនវ៉េស្ទឡាញន៍ បានបញ្ចូលកម្មវិធីល្បីល្បាញមួយដែលមានឈ្មោះថា Money Tree ដើម្បីដាក់ឱ្យសិស្សទាំងអស់បានសិក្សាយកចំណេះដឹងទាំងអស់នោះទៅប្រើប្រាស់សម្រាប់ការអភិវឌ្ឍសមត្ថភាពផ្នែកគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ Money Tree ជាកម្មវិធីដ៏ល្បីល្បាញ ដែលត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីផ្នែកអប់រំឈានមុខគេនៅអាស៊ីអាគ្នយ៍ និងធ្លាប់បានបណ្តុះបណ្តាលដល់សិស្សជាង 40,000នាក់ជារៀងរាល់ឆ្នាំ។ កម្មវិធីនេះជាកម្មវិធីដែលរៀបចំឡើងដើម្បីអប់រំក្មេងៗនាពេលបច្ចុប្បន្នឱ្យយល់កាន់តែច្បាស់ពីផ្នែកហិរញ្ញវត្ថុ និងដើម្បីជួយពួកគេឱ្យត្រៀមខ្លួនទប់ទល់ជាមួយនឹងបញ្ហាហិរញ្ញវត្ថុដែលកើតមានក្នុងជីវិតនៅថ្ងៃអនាគត។
លោក គង់ សំនៀង បានមានប្រសាសន៍ថា៖ “តាមរយៈកម្មវិធី Money Tree កុមារនឹងបានរៀនពីគំនិតសហគ្រិន និងវិធីសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុដូចជា ការសន្សំប្រាក់ ការវិនិយោគ ការគណនាការប្រាក់ ទ្រព្យសកម្ម និងពីបញ្ហាបំណុលជាដើម។ ផ្តោតលើបញ្ហានេះកុមារនឹងអាចក្លាយជាមនុស្សដែលមានទម្លាប់ក្នុងការចាយវាយប្រាក់បានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់”។
បន្ថែមពីលើនេះ កម្មវីធីសិក្សា Money Tree អាចជំរុញឱ្យកុមារក្លាយជាមនុស្សដែលមានគោល-ដៅចាយវាយច្បាស់លាស់ មានភាពជាអ្នកដឹកនាំខ្ពស់ មានទំនុកចិត្តលើខ្លួនឯង ព្រមទាំងមានទំនាក់ទំនងប្រកបដោយភាពវិជ្ជមានទៀតផង។ អាណាព្យាបាល អាចនឹងមានការភ្ញាក់ផ្អើលនៅពេលឃើញកូនៗជាទីស្រឡាញ់មានការប្រែប្រួលជាវិជ្ជមានលើឥរិយាបថនៃការរស់នៅ និងការចាយវាយ។
គួរបញ្ជាក់ថា កម្មវិធីដ៏មានសារៈសំខាន់នេះត្រូវបានគេដាក់ឱ្យសិក្សានៅក្នុងប្រទេសជាច្រើនដោយក្នុងនោះក៏មានការទទួលស្គាល់ពីវិទ្យាស្ថានសេដ្ឋកិច្ច អប់រំ និងសហគ្រិនភាព (CEEE) នៃមហាវិទ្យាល័យ Daleware នៅសហរដ្ឋអាមេរិកនៅវិទ្យាស្ថានអប់រំផ្នែកហិរញ្ញវត្ថុ នៃវិទ្យាស្ថានជាតិអប់រំសិង្ហបុរី (NIE) មហាវិទ្យាល័យ Open University Malaysia (OUM) នៃប្រទេសម៉ាឡេស៊ី និងស្ថាប័នសំខាន់ៗជាច្រើនទៀត៕