ពិតជាកក្រើកពេញបណ្ដាញសង្គមខ្លាំងមែន នៅពេលដែលអ្នកនាង បានលើកយកបទចម្រៀងភ្លេងការប្រពៃណីខ្មែរដែលមានចំណងជើងថា “កន្សែងក្រហម” មកធ្វើការបកស្រាយ ដោយមានការប្រគំអមដោយតន្ត្រីរបស់វង់ភ្លេង Sin-phony ជប៉ុន លាយជាមួយឧបករណ៍ភ្លេងខ្មែរដូចជា ទ្រសោ និងចាប៉ី ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត សំអាង សំ។ ក្នុងការលើកស្ទួយវប្បធម៌បុរាណដែលក្រុមសិល្បករខ្មែរល្បីៗបាននាំយកទៅសម្ដែង និងបង្ហាញជូនមហាជននៅឯប្រទេសជប៉ុនកាលពីថ្ងៃទី 21 កន្លងទៅនោះ គេសង្កេតឃើញមានការចូលរួមពីសំណាក់រាជិនីសំឡេងមាស អ្នកនាងម៉េង កែវពេជ្ជតា វិរសិល្បករចាប៉ីដងវែងដៃឯកលោកតា គង់ណៃ និងអ្នកជំនាញកូដទ្រសោលោក សយ តុលា។
បើតាមការបញ្ជាក់របស់អ្នកនាង ម៉េង កែវពេជ្ជតា នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានឱ្យដឹងថា បទ “ កន្សែងក្រហម“ ដែលជាបទចម្រៀងខ្មែរទម្រង់ភ្លេងការបែបប្រពៃណី ត្រូវបានឯកឧត្តមបណ្ឌិត សំអាង សំ កែច្នៃផ្គុំបញ្ចូល និងច្រៀងជាមួយឧបករណ៍ភ្លេងបរទេសបែប Sin-phony ជប៉ុនយ៉ាងពីរោះប្លែកត្រចៀកទាំងរសនិយម និងទឹកដមសំឡេង ដែលពិតជាគួរឱ្យកោតសរសើរដោយស្មោះចំពោះគំនិតអភិរក្ស និងអភិវឌ្ឍន៍ដ៏សម្បូរបែបនេះ និងសូមអរគុណដល់ការខិតខំរបស់ឯកឧត្តមដែលតែងដឹកនាំយកសិល្បៈផ្នែកចម្រៀង និងតន្ត្រីខ្មែរទៅបង្ហាញឱ្យពិភពលោកបានស្គាល់ ។ សូមអរគុណដល់ទស្សនិកជនជាតិ និងអន្តរជាតិគ្រប់ទិសទីដែលបានផ្តល់ស្នូរទះដៃយ៉ាងកងរំពង ស្តាប់ឡើងព្រឺសម្បុរ ។ សូមអញ្ជើញលោកអ្នក ទស្សនាផ្ទាំងទស្សនីយភាពនៃការប្រគំបទចម្រៀង “កន្សែងក្រហម“ ជាមួយនាងខ្ញុំ ពេជ្ជតា លោកតា គង់ណៃ ចាប៉ីរណ្តំ និងប្អូនប្រុស សយ តុលា កូនសិស្សដ៏ពូកែនៃត្រកូលស្តេចទ្រសោ ម៉េង ហ៊ុន ពីប្រទេសជប៉ុន និងសូមបួងសួងឱ្យព្រលឹងវិញ្ញាណនៃប្រពៃណីអរិយធម៌ វប្បធម៌ខ្មែរគ្រប់ទម្រង់នៅតែបន្តស្ថិតនៅយ៉ាងជ្រៅក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ជំនាន់កុំបីប្រែប្រួលឡើយ។ ផ្ញើក្តីស្រឡាញ់ពីនាងខ្ញុំ ពេជ្ជតា និងក្រុមគ្រួសា ម៉េង ដល់បងប្អូនទស្សនិកជនគ្រប់លំដាប់ថ្នាក់៕