ដើម្បីអភិវឌ្ឍវិស័យដំឡូងមីនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនឡើង ក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុន Green Leader Holding Group និងអង្គការ UNDP បញ្ចេញទឹកប្រាក់សរុបចំនួន 2លានដុល្លារ សម្រាប់ការអភិវឌ្ឍរយៈពេល 3ឆ្នាំ 5ខែ គិតចាប់ពីខែសីហា ឆ្នាំ2018 ដល់ឆ្នាំ2021។
ទឹកប្រាក់ទាំងនេះរួមមាន 1.2លានដុល្លារជាទឹកប្រាក់បញ្ចេញដោយក្រសួងពាណិជ្ជកម្មកម្ពុជាផ្ទាល់ ទឹកប្រាក់ចំនួន 0.5លានដុល្លារបញ្ចេញពីក្រុមហ៊ុន Green Leader Holding Group និង0.3 លានដុល្លារពីអង្គការ UNDP។
យោងតាមសេចក្តីប្រកាសរួមរបស់ស្ថាប័នទាំង3 ខាងលើបានដឹងថា ការអភិវឌ្ឍវិស័យដំឡូងមី គឺដើម្បីធ្វើឱ្យក្លាយជាកម្លាំងចលករជួយដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ដំឡូងមី គឺដំណាំជាកសិ-ឧស្សាហកម្មដែលមានសក្តានុពល និងមានតម្លៃ ដោយសារដំណាំនេះងាយស្រួលក្នុងការដាំដុះនៅក្នុងដីមិនសូវមានជីវជាតិ និងដាំដុះក្នុងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល តម្រូវការកម្លាំងពលកម្មតិច និងមិនតម្រូវឱ្យមានដើមទុនច្រើនឡើយសម្រាប់កសិករខ្នាតតូចនៅកម្ពុជា ខណៈដែលវាមានផលិតភាពខ្ពស់ដែលអាចធ្វើឱ្យកាន់តែមានភាពប្រកួតប្រជែង សម្រាប់ចំណីអាហារមនុស្ស ចំណីសត្វ រួមជាមួយដំណាំឧស្សាហកម្មច្រើនប្រភេទទៀតដែលមានដូចជាដំណាំពោតជាដើម។
ចំពោះលទ្ធផល គេរំពឹងថា កម្ពុជានឹងបង្កើនការរីកចម្រើនរបស់កសិករផលិតដំឡូងមីខ្នាតតូច តាមរយៈការបង្កើនផលចំណេញឱ្យបានច្រើនដោយតភ្ជាប់ទៅជាកសិ-ពាណិជ្ជកម្មទីផ្សារ៕