តាមរយៈសារព័ត៌មានថៃ Tvpool ដែលទើបចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា នៅពេលនេះតំណែងកូនប្រសារស្រីដែលល្អបំផុត បានធ្លាក់មកលើតារាស្រីមុខស្រទន់ នុន វរៈនុត ហើយ!។ ព្រោះថា ថ្មីៗនេះនាងបានបង្ហាញរូបភាពផ្អែមល្ហែម និងស្និទ្ធស្នាលខ្លាំងបំផុតជាមួយក្រុមគ្រួសារខាងស្វាមី ហើយជាពិសេសទៀតនេះគឺ កាយវិការផ្គាប់ផ្គន់យកចិត្តយកថ្លើមម្ដាយក្មេកយ៉ាងខ្លាំងទៀតផង។ រឿងនេះពិតជាមិនធម្មតាឡើយ ដោយសារតែកន្លងមកតារាឯកស្រីល្បីឈ្មោះរូបនេះ មិនដែលបង្ហាញពីភាពល្អូកល្អិនដល់ថ្នាក់ហ្នឹងឡើយ ឬមួយក៏នាងមានគម្រោងការពិសេសអ្វីម៉្យាងទេដឹង?
បើតាមប្រភពមិត្តភ័ក្ដិជិតស្និទ្ធនឹងលោក តត ពិទិនុន ដែលជាគូស្នេហ៍ នុន វរៈនុត បានបង្ហើបឱ្យដឹងថា អ្នកទាំងពីរបានបណ្ដើរគ្នាចូលរួមក្នុងកម្មវិធីអាពាហ៍ពិពាហ៍មិត្តភ័ក្ដិជាច្រើនគូមកហើយ តែពុំធ្លាប់ប្រាប់ និងគិតពីថ្ងៃរៀបការរបស់ពួកគេឡើយ។ ទំនាក់ទំនង និងសម្ព័ន្ធភាពរបស់ពួកគេស្អិតល្មួតខ្លាំងណាស់ ដល់ថ្នាក់នៅថ្ងៃខួបកំណើតរបស់ម្ដាយលោក តត ក៏គេបានឃើញអ្នកនាង នុន វរៈនុត ទៅចូលរួម និងលើកអាហារជូនម្ដាយក្មេកផងដែរ។
គួរបញ្ជាក់ដែរថា រូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ នុន វរៈនុត បានបញ្ជាក់បានថា នាងពិតជាមានទំនាក់ទំនងល្អជាមួយក្រុមគ្រួសាររបស់ស្វាមីមែន មិនតែប៉ុណ្ណោះគេមើលឃើញថា នាងពិតជាយកចិត្តទុកដាក់ខ្លាំងចំពោះក្រុមគ្រួសារស្វាមី និងស្វាមីផ្ទាល់មែនទែន៕
សូមអញ្ជើញទស្សនារូបភាពខាងក្រោមនេះ៖