Skip to content

Son បន្ត​មាន​សង្ឃឹមថា កូរ៉េ​នឹង​ទៅ​ជួប​វៀតណាម ក្នុង​វគ្គ1/2នៃ Asian Games

ខ្សែប្រយុទ្ធ Son Heung-min របស់​ក្លិប Tottenham បាន​ជួយ​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង ឈានទៅ​ជួប​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Asian Gamesក្រោយពី​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​មួយ​នេះ បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​អ៊ូ​ស​បេ​គី​ស្ថាន ក្នុង​លទ្ធផល 4-3 នៅ​នាទី​បន្ថែម 15នាទី 2ដង កាលពី​ថ្ងៃ​ចន្ទ។

ដោយឡែក ក្រុម​អាយុ​ក្រោម 23ឆ្នាំ​របស់​វៀតណាម បាន​បន្ត​បង្កើត​ការភ្ញាក់ផ្អើល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីប​មួយ​នេះ តាមរយៈ​ការ​ផ្តួល​ក្រុម​ជម្រើសជាតិ​ស៊ី​រី នៅ​នាទី​បន្ថែម 15នាទី 2ដង​ដូចគ្នា ក្នុង​លទ្ធផល 1-។ ក្រុម​ទាំង2 នឹងត្រូវ​ជួបគ្នា​ក្នុង​វគ្គ1/2ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​ពុធ ទី29 ខែសីហា ដើម្បី​ប្រជែង​យក​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ។

Son ដែលជា​តារា​ឆ្នើម​ក្នុង​ព្រឹត្តិការណ៍ World Cup កំពុងតែ​ស្ថិតក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ប្រជែង​យក​មេដាយមាស ដែល​នឹង​ធ្វើឱ្យ​រូបគេ​រួច​ផុតពី​ការបំពេញ​កាតព្វកិច្ច​យោធា ហើយ​រូបគេ​បាន​ជួយ​ឱ្យ​មិត្ត​រួម​ក្រុម​របស់គេ Hwang Ui-jo រកបាន 2គ្រាប់ នៅ​មុនពេល​កីឡាករ Hwang Hee-chan បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី 1គ្រាប់​ទៀត​ដើម្បី​ជួយ​ឱ្យ​កូរ៉េខាងត្បូង​បាន​ឆ្លងទៅ​វគ្គ​បន្ត។

ប្រធាន​នៃ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​រូបនេះ បានប្រកាសថា រូបគេ​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ស៊ុត​បាល់​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​នោះ ប៉ុន្តែ​កីឡាករ​បម្រុង Hwang Hee-chan បានទាមទារ​បាល់​នោះ ហើយ Son មិន​ហ៊ាន​មើល​ការ​ស៊ុត​បាល់​នោះឡើយ។

ខ្សែប្រយុទ្ធ​រូបនេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «Hee-chan បាន​និយាយថា រូបគេ​ចង់​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី និង​មានការ​ជឿជាក់។ ខ្ញុំ​ក៏បាន​ប្រាប់​រូបគេ​ឱ្យ​ស៊ុត​បាល់​ពិន័យ​នោះ។ ខ្ញុំ​មិនបាន​មើល​ពី​កន្លែង​រូបគេ​បានដាក់​បាល់​ឡើយ ប៉ុន្តែ​បន្ទាប់ពី​នោះមក ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​រូបគេ​មែន»៕

ប្រភពពី៖ Asian Games

Leave a Reply

Your email address will not be published. Required fields are marked *