កម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រសហគ្រាសនានាក្នុងប្រទេសកម្ពុជាអាចនឹងទទួលបានការបណ្តុះបណ្តាលជាមួយកម្មវិធីអក្ខរកម្ម ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងអប់រំ យុវជន និងកីឡា អង្គការ UNESCO និងអង្គការស៊ីប៉ា។
ស្ថាប័នសំខាន់ៗទាំង ៣ ខាងលើនឹងធ្វើការជជែកពិភាក្សា និងធ្វើសិក្ខាសាលាជាមួយនឹងមន្ត្រីមកពីនាយកដ្ឋានជំនាញរបស់ក្រសួងអប់រំ អង្គការក្រៅរដ្ឋាភិបាល គ្រូអក្ខរកម្ម និងបុគ្គលិកមកពីរោងចក្រចំនួន ២៤ ទៀតនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។
ការបង្កើតសិក្ខាសាលានេះ គឺដើម្បីធ្វើការពិភាក្សាឆ្លើយតបជាមួយនឹងបញ្ហាដែលបានមើលឃើញថា ប្រជាជនកម្ពុជាមួយចំនួនកំពុងធ្វើការបំផ្លាស់ទីពីតំបន់ដាច់ស្រយាល និងជនបទមកធ្វើការងារនៅទីក្រុងភ្នំពេញ ក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលភាគច្រើននៃពួកគេមិនទទួលបានការអប់រំជាមូលដ្ឋានគ្រប់គ្រាន់នៅឡើយ។
យោងតាមរបាយការណ៍របស់អង្គការស៊ីប៉ាបានរកឃើញថា ពលករវ័យក្មេងដែលភាគច្រើនជាស្រ្តីចំនួន ៩០% ដែលមានអាយុក្រោម ២៤ឆ្នាំ បានចូលប្រឡូកក្នុងពិភពការងារជាលើកដំបូង ដោយមិនទាន់បានបញ្ចប់កម្រិតបឋមសិក្សា ឬការអប់រំជាមូលដ្ឋានឡើយ។
កម្មវិធីអក្ខរកម្មសម្រាប់កម្មករ-កម្មការិនីនៅតាមរោងចក្រនេះ នឹងត្រូវបានគេរំពឹងថា អាចឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពលើការជំរុញឱ្យយុវជន ជាពិសេសស្រ្តីក្មេងៗដែលកំពុងធ្វើការងារនៅតាមបណ្តារោងចក្រសហគ្រាសឱ្យទទួលបានចំណេះដឹងអក្ខរកម្មជាមូលដ្ឋានដើម្បីផ្តល់ឱកាសឱ្យពួកគេបានស្វែងយល់ពីសិទ្ធិជាមូលដ្ឋាន និងដើម្បីជាគ្រឹះនៃការអភិវឌ្ឍជីវិតការងារ៕