កាលពីពេលកន្លងទៅ មានមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមួយរូប បានអះអាងថា ក្រសួងនឹងចាត់វិធានការទៅលើអតីតតារាសម្ដែងអ្នកនាង ស្រីម៉ុច ពីការស្លៀកពាក់សិចស៊ីហួសហេតុ ដោយការកោះហៅមកប្រជុំដាក់ពិន័យ ឬវិធានការផ្សេង តែយ៉ាងណាក៏ដោយ តាំងពីពេលទទួលបានព័ត៌មាននេះមក គេសង្កេតឃើញថា ស្រីម៉ុច នៅតែបន្តស្លៀកសិចស៊ីដដែល និងពេលខ្លះលើសដើមទៀតផង ដោយហាក់ដូចជាមិនញញើតនឹងវិធានការរបស់ក្រសួង និងការរិះគន់ពីមហាជនឡើយ ហើយនាងតែងតែអះអាងថា នាងបានឈប់ពីសិល្បៈអស់រយៈពេលជាង 10ឆ្នាំទៅហើយ។
អតីតតារាសម្ដែងមាននាមថា ជីដូនកាកី រូបនេះ បានសរសេរតបយ៉ាងឌឺនៅលើហ្វេសប៊ុករបស់ខ្លួនថា «មិនបាច់បញ្ឈប់ខ្ញុំទេ ព្រោះខ្ញុំលែងជាតារា10ឆ្នាំជាងទៅហើយ។ មិនមែនខ្ញុំព្រហើនក្នុងការឆ្លើយតបទៅចាស់ទុំវិញរបៀបនេះទេ តែវារំខានពេកហើយ ខ្ញុំត្រូវការភាពស្ងប់សុខ សុំកុំរំខានខ្ញុំដោយរូបភាពផ្សេងៗបែបនេះ មានតារាជាច្រើនត្រូវការជំនួយ សុំយក ពេលទៅជួយពួកគេទៅ ឬមួយចាំមិនបានថា ពួកគេជាតារា? ឬក៏គេគ្មានកាតជាតារា? តែនៅពេលដែលចង់ជេរ ចង់ជាន់ពន្លិច ក៏តាំងជីកកកាយអ្នកដែលមិនមែនជាតារា ហើយលិចកប់បាត់តាំងពីណាណី យកជីវិតគេមកជជែកវែកញែក?»។
អ្នកម្ដាយវ័យ 40 ឆ្នាំរូបនេះបានបន្តថា «នេះសំណាងហើយ ដែលស្រីម៉ុចមិនបានទៅសុំជំនួយ កុំអីនឹងប្រើពាក្យមកខ្ញុំវិញមិនខានថា ខ្ញុំឈប់ពីតារាយូហើយ ហាហា អ៊ីចឹងពិបាកក្នុងកាជួយតិច Lolzz។ ខ្ញុំមិនចង់និយាយអ្វីឱ្យវែងឆ្ងាយទេ តែខ្ញុំគ្រាន់តែចង់ជម្រាបថា ខ្ញុំឈប់ពីតារានេះយូរហើយ ហើយមិនបាច់ប្រើពាក្យថា ដោយសារខ្ញុំចង់ពាក់សិចស៊ី បានខ្ញុំប្រើពាក្យថា ឈប់ពីតារា»។
ស្រីស្រស់កូន3 រូបនេះបានបន្ថែមទៀតថា «សុំជម្រាបថា ខ្ញុំសិចស៊ីតាំងពីខ្ញុំមិនទាន់ជាតារា ហើយការសម្ដែងរបស់ខ្ញុំលើកដំបូង ប្ដីខ្ញុំហើយនិងអ្នកបើកឡានខ្ញុំ ជូនខ្ញុំដល់កន្លែងថតតែម្ដង។ សុំទោសដល់ឯកឧត្តម លោកជំទាវ ទាំងអស់បើសិនមានការខុសឆ្គងក្នុងការឆ្លើយតបនេះ ព្រោះវារំខានដល់សិទ្ធសេរីភាពក្នុងការរស់នៅរបស់ខ្ញុំខ្លាំងណាស់។ តែបញ្ហាគឺថា រាល់ថ្ងៃហ្នឹង តាំងពីឈប់ពីតារានឹងមក ហត់តែម្យ៉ាងទេ ព្រោះអត់មានការងារអីធ្វើ ក្រៅពីមើលកូន បោសជូតផ្ទះ តែងខ្លួន ហើយទុកលុយប្ដី»៕