Skip to content

កម្ពុជា​ត្រូវការ​បង្កើន​បរិមាណ ជំនាញ​មគ្គុទ្ទេសក៍​ទេសចរណ៍ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍

គិត​មកទល់​ពេលបច្ចុប្បន្ន កម្ពុ​ជាមាន​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ដោយផ្ទាល់ ប្រមាណ 62ម៉ឺន​នាក់ ដែល​ក្នុងនោះ​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រមាណ 5,000នាក់ ដែល​ចំនួន​នេះ​មិនទាន់​ឆ្លើយតប​គ្រប់​ទៅនឹង​កំណើន​នៃ​ភ្ញៀវទេសចរ​នៅឡើយ។ ក្រសួងទេសចរណ៍​ត្រូវការ​ជំរុញឱ្យមាន​ការ​បង្កើន​បរិមាណ​ជំនាញ​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវទេសចរ​នៅ​ឆ្នាំ2025។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានឱ្យដឹង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល និង​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិក្ខាកាម​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់ជាតិ ជំនា​ន់ទី3 និង​ថ្នាក់​តំបន់​ភ្នំពេញ ជំនា​ន់ទី17 ចំនួន 106នាក់ និង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់​តំបន់​ភ្នំពេញ ជំនា​ន់ទី19។ ក្នុងឱកាស​នោះ ឯកឧត្តម​បាន​កោត​ស​សើរ​ដល់​សិក្ខាកាម​ជយលាភី​ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល 6ខែ (ផ្នែក​ទ្រឹស្តី​រយៈពេល 4ខែ និង​ចុះ​ធ្វើ​កម្មសិក្សា​ស្រាវជ្រាវ 2ខែ) ហើយ​បាន​ឆ្លងកាត់​ការប្រឡង​វាយតម្លៃ រហូត​ទទួលបាន​លទ្ធផល​ជោគជ័យ​ជា​ស្ថាពរ។

ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា ការជំរុញ​បន្ថែម​នេះ គឺ​ដើម្បី​ត្រៀម​ឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវទេសចរ​ដែល​នឹង​កើនឡើង​រហូតដល់ 10លាន​នាក់​នៅ​ឆ្នាំ2025 ដែល​នឹង​អាចបង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ 1.2លាន​នាក់ សម្រាប់​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍។

លោក បាន ថេ​រ៉ូ សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​បាន​លើកឡើងថា មគ្គុទ្ទេសក៍​ទេសចរណ៍​ចំនួន 39នាក់​ដែល​ត្រូវបាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ពីសា​កល​វិទ្យាល័យ​មេគង្គ​កម្ពុជា​នឹង​អាច​ចូលរួមចំណែក​ជួយ​បម្រើ​ការងារ​នៅក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ស្រប​ពេលដែល​មគ្គុទ្ទេសក៍​ទេសចរណ៍​កំពុងមាន​តម្រូវការ​ខ្ពស់។

សូម​រំឭក​ផងដែរ​ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ក្រសួងទេសចរណ៍​ជា​សេនាធិការ​ជំនាញ បាន​យកចិត្តទុកដាក់​ជា​អាទិភាព​ដល់​ការបណ្តុះបណ្តាល​ជំនាញ និង​បង្កើត​ការងារ​ជូន​យុវជន​កម្ពុជា សំដៅ​ឆ្លើយតប​នឹង​កំណើន​ទេសចរ​ជាតិ និង​អន្តរជាតិ​ដ៏​ខ្លាំងក្លា។ ជាក់ស្តែង រយៈពេល 6ខែ​ដើមឆ្នាំ2018នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ 3លាន​នាក់ កើនឡើង13% ហើយ​ជាការ​រំពឹងទុក​ពេញ​មួយឆ្នាំ2018នេះ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ​ជា 6,2លាន​នាក់។

ជា​ចក្ខុវិស័យ​របស់​ក្រសួងទេសចរណ៍ នៅ​ឆ្នាំ2020 កម្ពុជា​រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជាជាង 7លាន​នាក់ ដែល​នឹង​នាំ​ចំណូល​ចូលជាតិ​ប្រមាណ​ជា 5000លាន​ដុល្លារ​អាមេរិក​ដែល​នឹង​បាន​បង្កើត​ការងារ​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ 1លាន​នាក់ និង​ក្នុងនោះ​តម្រូវការ​មគ្គុទ្ទេសក៍​ទេសចរណ៍​នឹងមាន​ប្រមាណ​ជាជាង 1ម៉ឺន​នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *