លោក ម៉ាក ហ្វីល (Mark Field) អនុរដ្ឋមន្ត្រីក្រសួងការអង់គ្លេស ទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា អង់គ្លេសនៅតែបន្តលើកលែងពន្ឋសម្រាប់រាល់ទំនិញនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារដ៍ធំក្នុងប្រទេសអ៉ឺរ៉ុប។
ការអះអាងធ្វើឡើងក្នុងជំនួបរវាង លោក ម៉ាក ហ្វីល (Mak Field) ជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅល្ងាចថ្ងៃទី22 ខែសីហា ឆ្នាំ2018 ម្សិលមិញនេះ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សោផាន់ បានបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួយនេះថា អង់គ្លេសបានប្តេជ្ញាចិត្តបន្តផ្តល់ភាពអនុគ្រោះពាណិជ្ជនេះ ទោះចាកចេញពីសហគមន៍អឺរ៉ុបក៏ដោយ។ ឆ្លើយតបការបន្តការអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជានេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ចក្រភព អង់គ្លេសដែលនៅតែបន្តអនុគ្រោះពន្ឋសម្រាប់ទំនិញនាំចេញពីកម្ពុជា ក្នុងគោលដៅជួយឱ្យសេដ្ឋកិច្ចកម្ពុជានៅបន្តរីកចម្រើន និងពិសេសការអនុគ្រោះពន្ឋ បានផ្តល់ការងារដល់ពលរដ្ឋខ្មែរជាច្រើន៕