ផ្សារបែបកម្សាន្តតម្លៃជាង 10លានដុល្លារដែលមានឈ្មោះថា WB Arena ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ2 ក្នុងសង្កាត់ចាក់អង្រែក្រោមត្រូវបានក្រុមហ៊ុន WorldBridge Group វិនិយោគសាងសង់ជាមជ្ឈមណ្ឌលកម្សាន្តជាប់មាត់ទន្លេ នឹងក្លាយជាកន្លែងកម្សាន្តដែលមានភាពសម្បូរបែបប្លែកថ្មីមួយនៅរាជធានីភ្នំពេញដែលនឹងបង្ហាញខ្លួននៅចុងឆ្នាំ2018នេះ។
លោក សាយម៉ុន គ្រីហ្វីតស៍ (Simon Griffiths) នាយកគ្រប់គ្រងក្រុមហ៊ុន Urban Asset Solutions បានថ្លែងក្នុងសន្និសីទសារព័ត៌មានបង្ហាញពីគម្រោងនេះកាលពីថ្ងៃទី21 ខែសីហាថា ផ្សារកម្សាន្តនេះនឹងក្លាយជាតំបន់លម្ហែកាយបែបទេសចរណ៍ដ៏ទាក់ទាញមួយ ដោយសារតែស្ថិតលើផ្ទៃដីធំទូលាយនៅក្នុងតំបន់ចាក់អង្រែជាប់មាត់ទន្លេដែលជាទីតាំងល្អបំផុតសម្រាប់អាជីវកម្មហាងទំនើប និងអ្នកចូលចិត្តកម្សាន្តនៅក្នុងរាជធានីភ្នំពេញ។ គម្រោងនេះរួមមានផ្សារទំនើប ហាងប្រ៊េនដ៍ៗ និងកន្លែងសម្រាប់អង្គុយលម្ហែកម្សាន្តយ៉ាងសម្បូរបែប បំពេញសេចក្ដីត្រូវការរបស់អ្នកទស្សនា និងអ្នកចូលចិត្តលម្ហែកាយ។
មជ្ឈមណ្ឌលកម្សាន្តថ្មីមួយនេះត្រូវបានសាងសង់លើផ្ទៃដីជាង 1.3ហិកតា ក្នុងនោះមានអគារសរុបចំនួន 13អគារ ដែលអគារនីមួយៗផ្ដល់នូវសេវាកម្មផ្សេងៗពីគ្នាជាច្រើន ដូចជាម្ហូបអាហារ ភេសជ្ជៈបែបជាតិ និងអន្ដរជាតិ ផ្សារទំនើប កន្លែងក្មេងលេង មជ្ឈមណ្ឌលសុខភាពសម្ផស្ស និងដែលពិសេសជាងគេនោះ គឺរោងមហោស្រព។
ចំណុចពិសេសរបស់មជ្ឈមណ្ឌលកម្សាន្ត WB Arena នេះគឺ ទីតាំងដែលអាចចូលទៅដល់ទាំងផ្លូវទឹក និងផ្លូវគោក។ WB Arena មានបណ្តោយលាតសន្ធឹងតាមដងទន្លេបាសាក់ប្រមាណ 100ម៉ែត្រ ដែលអ្នកមកកម្សាន្តអាចធ្វើដំណើរមកបានដោយប្រើប្រាស់សេវានាវាដឹកអ្នកដំណើរសាធារណៈ ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាកាណូតទេសចរណ៍ឯកជនផ្ទាល់ខ្លួនផងដែរ នេះបើតាមប្រសាសន៍របស់លោក Simon Griffiths ដែលជាអ្នកទទួលខុសត្រូវលើគម្រោងនេះ។
លោក Simon បានបន្តទៀតថា ភាពលេចធ្លោមួយទៀតនៃមជ្ឈមណ្ឌលកម្សាន្តនេះ គឺសាលមហោស្រព 400កៅអីដែលមានការសម្តែងផ្សេងៗគ្នាជារៀងរាល់យប់ដូចជា ការប្រដាល់ខ្មែរ សៀក ការប្រគំតន្ត្រី និងការសម្តែងសិល្បៈវប្បធម៌ខ្មែរជាដើម។
លោក យុគ សុធីរិទ្ធ ប្រធានគ្រប់គ្រងទូទៅនៃតំបន់កម្សាន្ត World Bridge Home បានថ្លែងថា គម្រោងបង្កើតតំបន់កម្សាន្តនេះនឹងផ្ដល់ឱកាសឱ្យពាណិជ្ជករធំៗ និងអ្នកកម្សាន្តទាំងក្នុងស្រុក និងក្រៅស្រុកកាន់តែជិតស្និទ្ធគ្នាក្រោយពេលដំណើរការ។ ទីតាំងនេះក៏នឹងក្លាយជាផ្សារទំនើប និងកន្លែងកម្សាន្តនាពេលរាត្រីដ៏ស្រស់ស្អាតផងដែរ ជាពិសេសសម្រាប់អ្នករស់នៅត្រើយម្ខាងនៃទន្លេ និងអ្នកជិះកាណូតទេសចរណ៍ទស្សនាតាមការរៀបចំរបស់ក្រុមហ៊ុន។
ចំណែកលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងថា វត្តមាន WB Arena នឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិបានមិនតិចទេ ដោយសារតែគម្រោងមួយនេះ ក្រៅពីមានផ្សារទំនើប មានអាហារដ្ឋាន និងកន្លែងអង្គុយកម្សាន្តហើយ ក៏មានរោងសិល្បៈតន្ត្រីសម្រាប់ទាក់ទាញអ្នកទេសចរបានមកកម្សាន្តថែមទៀតដែរ៕