អ្នកស្រីម៉ៅ សំណាង គឺជាអ្នកនិពន្ធសៀវភៅប្រលោមលោកដ៏ល្បីឈ្មោះម្នាក់ដែលទទួលបានការពេញនិយមខ្លាំងជាងគេពីសំណាក់មិត្តអ្នកអាន តាំងពីសម័យកាលនៃការសរសេរដោយដៃនាដើមទសវត្សរ៍ទី80 រហូតឈានមកដល់ការវិវឌ្ឍក្នុងការបោះពុម្ពសៀវភៅ។ ក្រៅពីការសរសេរសៀវភៅប្រលោមលោកបានជាង100រឿងផ្សេងៗគ្នាហើយនោះ អ្នកស្រីក៏មានស្នាដៃនៅក្នុងការនិពន្ធសេណារីយ៉ូសម្រាប់ខ្សែភាពយន្តផងដែរ។ តែ ពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែនដែលប៉ុន្មានម៉ោងមុននេះ កំពូលអ្នកនិពន្ធរឿងប្រលោមលោកល្បីដែលមាននាមប៉ាកកាថា “ទន្សាយ” បានទម្លាយមូលហេតុមួយចំនួនដែលធ្វើឱ្យអ្នកស្រីឃ្លាតឆ្ងាយពីការនិពន្ធរឿង។
អ្នកស្រី ម៉ៅ សំណាង បានបង្ហោះសារប្រាប់ពីមូលហេតុនៃការផ្អាកនិពន្ធរឿងប្រលោមអស់រយៈពេលជាយូរមកហើយនោះថា «មូលហេតុដែលធ្វើឱ្យខ្ញុំឃ្លាតឆ្ងាយ មានប្រិយមិត្តអ្នកអានជាច្រើនបានសាកសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំខកខានបោះពុម្ពផ្សាយប្រលោមលោក រហូតដល់ជិត10ឆ្នាំ? មិត្តអ្នកអានខ្លះស្មានថាខ្ញុំចេញទៅរស់នៅប្រទេសក្រៅបាត់ទៅហើយ។ ការពិតទៅ រឿងនេះមិនទាក់ទងនឹងសុខភាពរបស់ខ្ញុំទេ មូលហេតុធំ គឺមកពីរយៈពេលចុងក្រោយ ក្នុងរវាងឆ្នាំ 2010 ស្នាដៃប្រលោមលោករបស់ខ្ញុំត្រូវបានគេលួចថតចម្លង ផ្សព្វផ្សាយ តាមគ្រប់រូបភាព លើប្រព័ន្ធអ៊ីនធើណិត ធ្វើឱ្យខ្ញុំមានការពិបាក។ ខ្ញុំជាអ្នកនិពន្ធដែលបានទទួលការគាំទ្រពីប្រិយមិត្តអ្នកអានជាច្រើន ប៉ុន្តែបែរជាលក់សៀវភៅបានតិចទៅវិញ។ ខ្ញុំអស់កម្លាំងចិត្តខ្លាំងណាស់ ហើយក៏សម្រេចចិត្តផ្អាកការបោះពុម្ពរឿងប្រលោមលោកទាំងសោកស្តាយបំផុត»។
អ្នកនិពន្ធរឿងប្រលោមលោកល្បីឈ្មោះរូបនេះបានបញ្ជាក់ដែរថា ពេលវេលាជិត 10ឆ្នាំនេះ រូបអ្នកស្រីបានងាកទៅសរសេរអត្ថបទភាពយន្តវិញ ទាំងដែលអ្នកស្រីនៅតែស្រឡាញ់ការនិពន្ធរឿងប្រលោមលោកយ៉ាងខ្លាំងដដែល។ តែពេលនេះដោយសារអ្នកស្រីបានឃើញច្បាប់រក្សាកម្មសិទ្ធិបញ្ញាមានប្រសិទ្ធភាពជាងមុន ទើបបណ្ដាលឱ្យអ្នកស្រីមានកម្លាំងចិត្តវិលមកនិពន្ធរឿងប្រលោមលោកជាថ្មីម្តងទៀត។ អ្នកគ្រូ ទន្សាយ សង្ឃឹមថា យើងនឹងមានការយោគយល់គ្នាទៅវិញទៅមក ជួយទប់ស្កាត់ការថតចម្លងស្នាដៃអ្នកនិពន្ធ ផ្សព្វផ្សាយដោយគ្មានការអនុញ្ញាត ដើម្បីឱ្យអ្នកនិពន្ធទាំងអស់ និងរូបអ្នកស្រីផ្ទាល់ផង មានកម្លាំងចិត្តនឹងបន្តការងារនេះបានយូរអង្វែងតទៅទៀត៕
អ្នកគ្រូ ម៉ៅ សំណាង និងកូនស្រី