នៅរាត្រីថ្ងៃម្សិលមិញនេះ ផលិតកម្ម LD បានដាក់សម្ពោធខ្សែភាពយន្ដខ្នាតធំដ៏ថ្មីសន្លាងមួយទៀតដែលជាវណ្ណកម្មទី4 មានចំណងជើងថា «វិញ្ញាណទីងមោង» ដែលមានលោក ទេព រិន្ទដារ៉ូ ចូលរួមសម្ដែងជាតួអង្គកំប្លុកកំប្លែង និងជាអាចារ្យស្ទាវយ៉ាងប្លែកភ្នែកក្នុងខ្សែភាពយន្តនេះទៀតផង។
នាយ គ្រឿន ដែលជាផលិតកររបស់ផលិតកម្ម LD និងជាអ្នកដឹកនាំរឿងផងនោះ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា មួយរឿងនេះមានរសជាតិច្រើន ដែលអ្នកទស្សនាច្បាស់ជាលាន់មាត់សរសើរតាំងពីដើមដល់ចប់មិនខាន ខណៈដែលវត្តមានតួឯករបស់លោក ទេព រិន្ទដារ៉ូ គឺជាទីផ្សារដែលត្រូវបានរំពឹងខ្លាំង។ លោកបន្ដថា ក្នុងរឿង«វិញ្ញាណទីងមោង» នេះគឺជាស្នាដៃដែលលោកនិពន្ធដោយផ្ទាល់ សាច់រឿងប្លែក និងប្រទាក់ក្រឡាគ្នា សូម្បីតែប្លង់ និងបច្ចេកទេសថតក៏មានទម្រង់បែបប្រកួតប្រជែងដែរ។
លោក ទេព រិន្ទដារ៉ូ ដែលបានសម្ដែងជាតួឯកនៅក្នុងខ្សែភាពយន្តនេះ ក៏បាននិយាយផងដែរថា «ខ្ញុំគ្រាន់តែបានអានសាច់រឿងហ្នឹងភ្លាម សើចភ្លែតតែម្ដង គាត់ចេះរកនឹកពាក្យកំប្លែងស្ងួតៗធ្វើឱ្យយើងតួអង្គសម្ដែងសើចរហូត។ ខ្ញុំគិតថារឿងនេះបងប្អូននឹងសើចដូចខ្ញុំអ៊ីចឹង ពិតជាមិនខកបំណងទេ»។ តារាជើងចាស់វ័យ 50ឆ្នាំរូបនេះ បានទទូចឱ្យអ្នកចូលចិត្តទស្សនាភាពយន្តតាមរោងកុនជួយគាំទ្រខ្សែភាពយន្តរឿង«វិញ្ញាណទីងមោង»នេះផង ដើម្បីកុំឱ្យវិស័យភាពយន្តក្នុងស្រុកបន្តធ្លាក់ចុះ។ លោកថា លោកបានដឹងឮច្រើនពីការធ្លាក់ចុះរបស់វិស័យភាពយន្តខ្មែរ ដោយសារតែភាពយន្តបរទេសវាយលុកខ្លាំងពេក។
ខ្សែភាពយន្តដែលប្រកាសដាក់បញ្ចាំងគ្រប់រោងបន្ទាប់ពីថ្ងៃសម្ពោធនេះបានអះអាងថា បានប្រើទុនអស់ច្រើនម៉ឺនដុល្លារ បើទោះជាមិនទាន់ដឹងថានឹងមានទំហំជោគជ័យក្នុងកម្រិតណាមួយនៅឡើយក្ដី ក៏ប៉ុន្ដែនាយគ្រឿននៅតែរំពឹងថា នឹងកើបចំណូលបានច្រើនដូចរឿងមុនៗដែរ ព្រោះថា នៅមានទំនុកចិត្តពីអ្នកគាំទ្រ និងពីសំណាក់កំពូលតារាសម្ដែងលោក ទេព រិន្ទដារ៉ូ ជារៀមច្បងដែលមានឈ្មោះល្បីល្បាញ។ លោកបន្ថែមថា អ្នកគាំទ្រភាគច្រើននៅតែរង់ចាំគាំទ្រស្នាដៃរបស់លោក ប្រសិនបើភាពយន្តនោះមានគុណភាព និងសាច់រឿងល្អ ខណៈដែលលោកបានសរសើរពីការផលិតរបស់ផលិតកម្មLD ទាំងប្លង់ បច្ចេកទេសថត និងសាច់រឿង ដែលលោកបញ្ជាក់ថា អាចរំពឹងបាន៕